ការធ្វើដំណើរឆ្លងកាត់ពេលវេលាពីមួយសម័យកាលទៅមួយសម័យកាល ដែលពេលខ្លះអាចទៅកាន់ថ្ងៃអនាគត និងពេលខ្លះទៅកាន់អតីតកាល នៅតែជាប្រធានបទមួយដែលគ្មានអ្នកណាម្នាក់អាចស្រាយបំភ្លឺឱ្យបានក្បោះក្បាយនៅឡើយទេ សូម្បីតែអ្នកវិទ្យាសាស្រ្ត។

ចំណែកឯ នៅលើពិភពលោកយើងនេះ ក៏មានមនុស្សមួយចំនួន បានជួបប្រទះនឹងរឿងរ៉ាវប្លែកៗជាច្រើន ហើយការបាត់ខ្លួនមួយចំនួនយ៉ាងអាថ៌កំបាំងដោយគ្មានបន្សល់តម្រុយមួយទាល់តែសោះនោះ ក៏ត្រូវាបានគេជឿថា បណ្តាលមកពីពួកគេធ្វើដំណើរឆ្លងកាត់ពេលវេលាផងដែរ។

ទោះបីជាគ្មានអ្នកណាហ៊ានចេញមុខ អះអាងបកស្រាយច្បាស់លាស់ ឬបញ្ជាក់ថាការឆ្លងពេលវេលាមានពិតយ៉ាងណាក៏ដោយ តែរឿងរ៉ាវដែលកើតឡើងទាំង៥នេះ ត្រូវគេជឿថាវាជារឿងពិត៖

ការធ្វើដំណើរឆ្លងកាត់ពេលវេលាមានមែន?

១. រឿងរបស់លោក Andrew Carlssin

នៅឆ្នាំ ២០០៣ លោក Andrew Carlssin បានចាប់ផ្តើមវិនិយោគលុយមួយចំនួន រហូតទទួលបានប្រាក់ចំណេញយ៉ាងច្រើន ពីផ្សារភាគហ៊ុនដោយប្រើរយៈពេលខ្លីប៉ុណ្ណោះ។ តែលោកក៏ត្រូវបានប៉ូលីសចាប់ខ្លួនពីបទសង្ស័យថា មានល្បិចទុច្ចរិតផ្សេងនៅពីក្រោយខ្នង។

នៅពេលដែលក្រុមប៉ូលីសសួរនាំ លោក Andrew បានប្រាប់ថាលោកជាមនុស្សមកពីថ្ងៃអនាគត ពោលគឺឆ្នាំ២២៥៦ ហើយនេះជាគំនិតដ៏ឆ្លាតវៃក្នុងការរកស៊ីរបស់គាត់ ប៉ុន្តែគ្មានអ្នកណាម្នាក់ជឿសម្តីលោកឡើយ។

ដូច្នេះប៉ូលីសបានធ្វើការឃុំខ្លួនគាត់ក្នុងគុករយៈពេល ១ខែ រង់ចាំការកាត់ទោស តែថ្ងៃមួយមានជនអនាមិកម្នាក់បានធានាគាត់ចេញពីក្រៅឃុំដោយប្រើទឹកប្រាក់ ១លានដុល្លា ក្រោយមកគាត់ក៏បាត់ស្រមោលពីលោកនេះតែម្តង ទោះរកយ៉ាងណាក៏រកមិនឃើញដែរ ដោយគេជឿជាក់ថា លោកប្រាកដជាត្រលប់ទៅពិភពថ្ងៃអនាគតរបស់លោកវិញជាមិនខាន បន្ទាប់ពីការរកស៊ីរបស់លោកត្រូវបរាជ័យ។

រឿងរបស់លោក Andrew Carlssin

២. រឿងរបស់លោក Rudolph Fentz

នៅក្នុងឆ្នាំ ១៩៥០ មានបុរសដែលស្លៀកសំលៀកបំពាក់សម័យអំឡុងឆ្នាំ ១៨៧០ ម្នាក់ដើរនៅតាមដងផ្លូវ Time Square ដ៏ល្បីល្បាញនៃទីក្រុងញ៉ូយក រហូតជួបឧបទ្ទវហេតុត្រូវរថយន្តបុកស្លាប់បាត់បង់ជីវិត។

មិនត្រឹមតែសំលៀកបំពាក់របស់គាត់ទេ ដែលធ្វើឱ្យគេឆ្ងល់នោះ សូម្បីតែលិខិត និងឯកសារមួយចំនួនដែលគេបានរកឃើញ នៅក្នុងហោប៉ៅរបស់គាត់ក៏ធ្វើឱ្យគេស្រឡាំងកាំងរកចម្លើយមិនឃើញដែរ។

នៅក្នុងខ្លួនអ្នកស្លាប់មានលិខិតឯកសារក្នុងឆ្នាំ ១៨៧៦ កាសមេដាយពីហាងតៀមស្រាមិនស្គាល់ឈ្មោះមួយ បង្កាន់ដៃផ្នែកមើលថែទាំសេះ និងរទេះសេះ នាមបណ្ណហាង ៣ ទៅ៤សន្លឹក និងលុយមួយចំនួនផងដែរ។

អ្វីដែលគេឆ្ងល់នោះ គឺរបស់ទាំងនោះសុទ្ធតែនៅថ្មីៗ មិនអាចថាជារបស់ចាស់ៗតាំងពីសម័យមុនឡើយ។ ហើយអ្វីដែលចម្លែកនោះ គេមិនអាចរកឃើញអត្តសញ្ញាណ ឬឯកសាររបស់បុរសឈ្មោះ Rudolph Fentz នោះទេ ដូច្នេះគេក៏ខំធ្វើការស្រាវជ្រាវរហូតដល់ឯកសារចាស់ៗស្រាប់តែប្រទះថាបុរស ឈ្មោះ Rudolph Fentz មានឯកសារទាក់ទងនឹងការបាត់ខ្លួនតាំងពីឆ្នាំ ១៨៧៦ មកម្ល៉េះ គឺជាឆ្នាំដែលគេឃើញនៅលើឯកសារក្នុងខ្លួនអ្នកស្លាប់ម្នាក់នេះ។

រឿងរបស់លោក Rudolph Fentz
រឿងរបស់លោក Rudolph Fentz
រឿងរបស់លោក Rudolph Fentz

៣. ផ្នូរ Si Qing

ភាគខាងត្បូងប្រទេសចិន គឺជាតំបន់មួយដ៏អាថ៌កំបាំង ហើយក៏មានអ្នកបុរាណវិទូជាច្រើនរូបប្រឹងធ្វើការសិក្សាស្រាវជ្រាវផងដែរ។ ជាពិសេស គឺតំបន់ផ្នូរដែលមានអាយុកាលជាង ៤០០ឆ្នាំ ក្នុងរាងជង្សមីង។

អ្វីដែលចម្លែកនោះ នៅពេលដែលពួកបុរាណវិទូកំពុងតែធ្វើការជីកកកាយនោះ គេបានរកឃើញ នាឡិកាដៃតូចមួយផលិតក្នុងប្រទេសស្វីស នៅលើកម្រាលផ្នូរបុរាណមួយកន្លែង។

រឿងទាំងនេះធ្វើឱ្យមានការពិភាក្សាវែកញែកថា តើនាឡិកាដែលទើបតែបង្កើតឡើងក្នុងអំឡុងពេល ១០០ឆ្នាំចុងក្រោយនេះ អាចស្ថិតនៅក្នុងផ្នូរដែលមានអាយុកាលមុនការផលិតដល់ទៅ ៣០០មុន បានយ៉ាងម៉េចទៅ? មនុស្សភាគច្រើនប៉ាន់ស្មានថា អាចមានមនុស្សណាម្នាក់នៅក្នុងសម័យកាលរាជវង្សមីង បានធ្វើដំណើរឆ្លងកាត់ពេលវេលាទៅកាន់ថ្ងៃអនាគត ហើយបាននាំយកនាឡិកាមួយនេះត្រលប់មកវិញ ឬក៏ម្យ៉ាងទៀតអ្នកដែលឆ្លងពេលវេលា បានរៀនចំណេះដឹងពីរបៀបធ្វើនាឡិកាទើបផលិតវាបានដោយខ្លួនឯងបែបនេះ។

ផ្នូរ Si Qing

៤. លោក John Titor

លោក John Titor ត្រូវបានគេសន្មត់ថា ជាជនល្បីឈ្មោះម្នាក់ ដែលមកពីលោកអនាគត គឺឆ្នាំ ២០៣៦។ នៅក្នុងឆ្នាំ ២០០០ លោកបានភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាច្រើនតាមរយៈប្រព័ន្ធសង្គមអនឡាញ ហើយថែមទាំងធ្វើការឆ្លើយសំណួរទាក់ទងនឹងការព្យាករណ៍ និងផ្តល់ដំបូន្មាននូវរឿងជាច្រើនសម្រាប់ថ្ងៃអនាគត។

អ្វីដែលកាន់តែពិសេសនោះ លោកក៏បាន បង្ហោះរូបភាពម៉ាស៊ីនម្យ៉ាងដែលមិនធ្លាប់បានឃើញពីមុនមក ឱ្យអ្នកនៅក្នុងសង្គមអនឡាញបានឃើញ ព្រមទាំងពន្យល់ពីរបៀបប្រើប្រាស់ផងដែរ។ បន្ទាប់ពីការបង្ហោះបាន ១ខែ គាត់ស្រាប់តែបានបាត់ខ្លួនភ្លាមៗ ដោយគ្មានអ្នកណាដឹង ដែលគេគិតថាលោកប្រហែលជាត្រលប់ទៅពិភពលោកអនាគតរបស់លោកវិញ។

បើទោះបីជាការព្យាករណ៍មួយចំនួនរបស់លោកដូចជា ការកើតមានសង្គ្រាមលោកលើកទី៣ ក្នុងឆ្នាំ ២០១៥ មិនបានកើតឡើងក៏ដោយ តែមានរឿងជាច្រើនពិតជាបានកើតឡើងមែន ដូចជា ការកើនឡើងនូវភាពតានតឹងរវាងសង្គ្រាមនៅអ៊ីរ៉ាក់ និងប៉ាគីស្ថានជាដើម ព្រមទាំងរឿងរ៉ាវជាច្រើនផ្សេងទៀត។

មនុស្សជាច្រើនជឿថា លោកពិតជាមកពីអនាគតពិតមែន ហើយការព្យាករណ៍របស់លោកអាចធ្វើឱ្យមនុស្សជាតិអាចធ្វើការទប់ស្កាត់មហន្តរាយ និងព្រឹត្រ្តិការណ៍សំខាន់ៗដែលបម្រុងនឹងកើតឡើងបានផងដែរ។

លោក John Titor

៥. ផ្លូវទៅកាន់ថ្ងៃអនាគត

រឿងមួយនេះបានកើតឡើងចំពោះស្រីៗសិស្សសាលា៤នាក់ នៃសាកលវិទ្យាល័យ Southern Utah ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៥៦ ប៉ែកនិរតីនៃសហរដ្ឋអាមេរិចនៅក្នុងឆ្នាំ ១៩៧២ ។

ក្នុងអំឡុងពេលឈប់សម្រាក ពួកនាងបាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់តំបន់ Rodeo ជិតរដ្ឋ Nevada ។ ពេលធ្វើដំណើរមកដល់ផ្លូវមួយនេះ ស្រាប់តែមានរឿងចម្លែកមែនទែនម្យ៉ាងបានកើតឡើងភ្លាមៗ នោះគឺផ្លូវថ្នល់ស្រាប់តែប្រែជាពណ៌សស៊ីម៉ង់ ហើយនៅពេលដែលពួកគេឈប់ឡាន ភ្លាមៗនោះតាមដងផ្លូវក៏លែងមានវាលស្រែ និងព្រៃឈើដូចមុនទៀតដែរ ថែមទាំងមានភោជនីយដ្ឋានមួយទៀតផង។

ពួកនាងក៏បានបើកកញ្ចក់ឡាន ដើម្បីចង់សាកសួរផ្លូវ និងរកអីទទួលទាន តែភ្លាមៗនោះពួកនាងស្រាប់តែនាំគ្នាបើកឡានចេញមកវិញយ៉ាងលឿន ហើយអ្វីៗក៏ត្រលប់មកសភាពប្រក្រតីឡើងវិញ។

សិស្សស្រីៗទាំងនោះនិយាយថា ពួកនាងគិតថាប្រហែលជានាងបានវង្វេងផ្លូវឆ្លងកាត់ទៅកាន់ពេលវេលាណាមួយនៅថ្ងៃអនាគតជាមិនខាន ហើយមនុស្សនៅក្នុងភោជនីយដ្ឋានដែលពួកនាងបានឃើញបែរជាមើលទៅមិនដូចមនុស្សធម្មតាផងដែរ៕

ផ្លូវទៅកាន់ថ្ងៃអនាគត

ចុះមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ ចំពោះរឿងនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]