ចិន៖ ថ្វីត្បិតតែអាយុច្រើនល្បាក់៨០ក្តី ប៉ុន្តែលោកតាចំណាស់ជនជាតិចិនមួយរូប នៅតែមានកម្លាំងពលំមាំមួន សុខភាពហាក់មិនទ្រុឌទ្រោមដូចចាស់ដទៃ ជាពិសេស សាច់ដុំណែនប៉េះ អាចធ្វើឲ្យកម្លោះៗមួយចំនួនឃើញហើយសុំខ្មាស។

លោកតា Huang Rubiao កើតនៅក្នុងឆ្នាំ១៩៣៧ បើគិតមកទល់ពេលនេះ មានវ័យ៨១ឆ្នាំហើយ។ លោកតា Huang ត្រូវបានគេស្គាល់ និងចាត់ទុកថា ជាបុរសចំណាស់ម្នាក់ដែលមានកាយសម្បទារឹងមាំខ្លាំង សាច់ឈាមស្រស់ថ្លា ហាក់មិនចាស់ទៅតាមវ័យ ខណៈថ្មីៗនេះរឹតតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមនៅចិនជាច្រើន មានការភ្ញាក់ផ្អើលខ្លាំង ទៅនឹងរូបរាងកាយ និងសាច់ដុំរបស់គាត់ បន្ទាប់ពីវីដេអូសម្ភាសន៍ និងសកម្មភាពហាត់ប្រាណរបស់គាត់ ត្រូវបានបង្ហោះចែកចាយ។

លោកតា Hunag

ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលនោះទេ ទម្រាំតែទទួលបានសាច់ដុំស្រស់សង្ហា ស្បែកសឹងតែគ្មានភាពយារធ្លាក់ និងកម្លាំងមាំមួនបែបនេះនោះ ព្រោះជាក់ស្ដែង លោកតា Huang តែងតែចំណាយពេលហាត់ប្រាណជារៀងរាល់ថ្ងៃ និងគួបផ្សំការទទួលទានអាហារយ៉ាងត្រឹមត្រូវផងដែរ។

ថ្លែងប្រាប់កាសែតក្នុងស្រុក បុរសវ័យ៨១ឆ្នាំរូបនេះ បាននិយាយថា រូបគាត់ក៏ជាអតីតអត្តពលិកមួយរូបដំបូងគេបង្អស់ ប្រចាំប្រទេសចិន ដែលធ្លាប់បានចូលរួមប្រកួតកីឡាយុវជនជាតិ «National Youth Game» កាលពីកំឡុងឆ្នាំ១៩៥៦ ផងដែរ។

ក្រោយមកដោយសារតែ វ័យកាន់តែចាស់ លោកតា Huang ក៏បានងាកមកគិតគូរពីការហាត់ប្រាណធម្មតាៗវិញ ដើម្បីរក្សារូបរាងកាយឲ្យនៅមាំមួន និងមិនទ្រុឌទ្រោមទៅតាមអាយុ។ ហើយបច្ចុប្បន្នលោកតា Hunag ក៏ជឿជាក់លើខ្លួនឯងដែរថា រូបគាត់អាចនឹងយកឈ្នះ លោកតាវ័យ៧០ឆ្នាំ Arnold Schwarzenegger ដែលជាអតីតតារាសម្ដែងកូនកាត់ អូទ្រីស-អាមេរិក ល្បីសាច់ចាំ កម្លាំងមាំមួន និងមានសាច់ដុំធំៗនោះផងដែរ។

លោកតា Huang និយាយថា៖

លោកតា Hunag ផ្តល់កិច្ចសម្ភាសន៍
«ខ្ញុំឮថាគាត់ (លោកតា Arnold Schwarzenegger) ឥឡូវ មិនអាចមកប្រៀបធៀបជាមួយនឹងខ្ញុំនៅពេលនេះបាននោះទេ។ ព្រោះថាឥឡូវសាច់ឈាម និងសាច់ដុំរបស់គាត់យារធ្លាក់ រាងអន់ថយជាងកាលពីមុន ចាប់តាំងពីគាត់បានផ្លាស់ មកឡើងធ្វើជាអភិបាលក្រុងមក។ ប៉ុន្តែចំពោះខ្ញុំ គឺខ្ញុំនៅតែព្យាយាមថែរក្សារូបរាងកាយរបស់ខ្ញុំ ធ្វើយ៉ាងណាឲ្យនៅតែរឹងមាំ មិនឲ្យដូចជាគាត់ទេ» ។
លោកតា Arnold Schwarzenegger

ជាចុងក្រោយ លោកតា Huang បានបន្ថែមទៀតថា សព្វថ្ងៃរូបគាត់ក៏កំពុងតែរស់នៅប្រឈមទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែ វ័យកាន់តែចំណាស់របស់គាត់នេះផងដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី លោកតា Huang ក៏បានប្ដេជ្ញាចិត្តថា នឹងព្យាយាមរស់នៅធ្វើយ៉ាងណាឲ្យទទួលបាននូវសុខភាពល្អ ចៀសឆ្ងាយពីជំងឺ។ ព្រោះជាក់ស្ដែង ជាទម្លាប់ប្រចាំថ្ងៃរបស់លោកតា គឺតែងតែទទួលទានទឹកដោះគោ ២កែវក្នុងមួយថ្ងៃ និងបរិភោគអាហារថ្ងៃត្រង់ ដែលសម្បូរទៅដោយប្រូតេអ៊ីន ដើម្បីជួយជួសជុលនិងពង្រឹងការលូតលាស់នៃសាច់ដុំផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

សកម្មភាពលោកតា Hunag កំពុងហាត់ប្រាណ
លោកតា Huang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]