អ្នកដឹងរួចមកហើយថាបរិយាកាសនៅក្នុងយន្តហោះខុសប្លែកខ្លាំងពីបរិយាកាសនៅខាងក្រៅយើងធម្មតា ដូច្នេះហើយចំពោះអ្នកជិះយន្តហោះអាចមានបញ្ហាច្រើនមិនថាតែទាក់ទងនឹងការអង្គុយ អារម្មណ៍ ជាពិសេសគឺការទទួលទាន។ ដើម្បីឱ្យការហោះហើររបស់អ្នកដំណើរការល្អ មិនថាតែសម្រាប់សុខភាព និងបង្ការការរំខានដល់អ្នកដំណើររួមគ្នា អ្នកត្រូវដឹងថាការពិតមានអាហារមួយចំនួនដែលអ្នកត្រូវចៀសវាងទទួលទានរាល់ពេលនៅលើយន្តហោះកំពុងហោះហើរផងដែរ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានអាហារដែលត្រូវចៀសវាងនៅលើយន្តហោះដូចខាងក្រោមនេះ៖

អាហារមួយចំនួនគួរចៀសវាងទទួលទានលើយន្តហោះ

១. ខ្ទឹមស/ខ្ទឹមបារាំង

ដូចដែលអ្នកបានដឹងរួចមកហើយថា ជាតិខ្ទឹមស និងខ្ទឹមបារាំងនៅក្នុងខ្លួនអ្នកទទួលទានរហូតដល់ទៅ ២៤ម៉ោង។ ដូច្នេះការទទួលទានរបស់អស់ទាំងនេះពេលឡើងជិះយន្តហោះ និងក្នុងសភាពហប់បិទជិតផងនោះ អាចធ្វើឱ្យក្លិនខ្លួន និងក្លិនមាត់របស់អ្នកប៉ះពាល់ដល់មនុស្សជុំវិញបាន។

ខ្ទឹមស/ខ្ទឹមបារាំង

២. គ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងពេលជិះយន្តហោះមិនត្រឹមតែអាចមានក្លិន និងរំខានដល់មនុស្សជុំវិញខ្លួននោះទេ វាថែមទាំងធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក និងបង្កជាបញ្ហាស្ទះសសៃឈាមផងដែរ។

គ្រឿងស្រវឹង

៣. ពពួកដំណាប់ផ្លែឈើ

អ្នកអាចគិតថាពពួកដំណាប់ផ្លែឈើក្រៀមអាចជួយសម្រន់ការស្រេកឃ្លានរបស់អ្នកបានពេលជិះយន្តហោះ។ តែទោះជាយ៉ាងណាក៏ដោយគេបានរកឃើញថាពពួកដំណាប់ផ្លែឈើទាំងនេះមានផ្ទុកនូវសារធាតុស៊ុលហ្វីត (Sulfites) បង្កជាបញ្ហាកង្វះអុកស៊ីហ្សែន ស្ទះដង្ហើម ឬជាជំងឺហឺតផងដែរ។ ដូច្នេះការជិះយន្តហោះកន្លែងតូចចង្អៀត និងហប់បែបនេះនឹងធ្វើឱ្យបញ្ហាផ្លូវដង្ហើមកាន់តែមានសភាពធ្ងន់ធ្ងរបាន។ 

ពពួកដំណាប់ផ្លែឈើ

៤. កាហ្វេ

មនុស្សភាគច្រើនចូលចិត្តទទួលកាហ្វេ ជាពិសេសជាអាហារពេលព្រឹក។ ប៉ុន្តែនៅក្នុងកាហ្វេមានជាតិកាហ្វេអ៊ីនប្រមាណជា ៤១០មីលីក្រាម ដែលអាចធ្វើឱ្យខ្លួនរបស់អ្នកកង្វះជាតិទឹក និងអាចធ្វើឱ្យអ្នកឧស្សាហ៍ចូលបន្ទប់ទឹកផងដែរ។ ដូច្នេះការទទួលទានកាហ្វេនៅលើយន្តហោះហប់បិទជិត មិនត្រឹមតែធ្វើឱ្យអ្នកស្រេកទឹកនោះទេ ថែមទាំងធ្វើឱ្យអ្នកចេញចូលបន្ទប់ទឹកញឹកញាប់រំខានអ្នកក្បែរខ្លួនផង ជាពិសេសអាចបង្កឱ្យអ្នកមានអាការឈឺក្បាល និងឈឺសាច់ដុំផងដែរ។

កាហ្វេ

៥. ឈីសខៀវ (Blue Cheese)

ការទទួលទានពពួកឈីសពណ៌ខៀវ (Blue Cheese) អាចធ្វើឱ្យមានបញ្ហាអាល្លែកហ្ស៊ីបាន សម្រាប់អ្នកដែលប្រតិកម្មជាមួយនឹងផលិតផលទឹកដោះគោ។ ក្រៅពីនេះបរិយាកាសនៅលើយន្តហោះ អាចធ្វើឱ្យរាល់ពេលអ្នកទទួលទានអាហារប្រភេទនេះមានបញ្ហាផ្លូវដង្ហើម ឬមានបញ្ហាពោះវៀនធំ និងឧស្សាហ៍ចូលបន្ទប់ទឹកផងដែរ (រាគ)។

ឈីសខៀវ (Blue Cheese)

៦. សណ្តែកដី និងប័រសណ្តែកដី

អាហារសម្រន់ក្រពះដ៏ល្អនោះ គឺសណ្តែកដី និងប័រសណ្តែកដី។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានពពួកសណ្តេកដី និងប័រសណ្តែកដី អាចធ្វើឱ្យអ្នកដែលមានជំងឺប្រតិកម្មជាមួយសណ្តែកដី កើតមានបញ្ហាអាល្លែកហ្ស៊ីស្បែកបាន ព្រោះនៅលើយន្តហោះតូចចង្អៀតគ្មានខ្យល់ចេញចូលនោះទេ (ហប់) ដែលជាហេតុធ្វើឱ្យអាហារដែលអ្នកទទួលទានសាយភាយពេញយន្តហោះដល់អ្នកដទៃទៀតបាន (អ្នកមានបញ្ហាអាល្លែកហ្ស៊ី)។

សណ្តែកដី និងប័រសណ្តែកដី

៧. នំប៉័ងសាំងវ៉ិចសាច់ក្រកសាឡាមី (Salami)

អ្នកគួរតែចៀសវាងការទទួលទានសាំងវ៉ិចប្រភេទនេះទាំងមុនពេលឡើងយន្តហោះ និងក្នុងពេលកំពុងតែធ្វើការហោះហើរ ព្រោះវាសម្បូរទៅដោយសារធាតុ Histamine ខ្ពស់ ដែលអាចធ្វើឱ្យអ្នកមានបញ្ហាក្រហាយ/ឆួលច្រមុះ ឬមានបញ្ហារលាកភ្នាសច្រមុះផងដែរ។

នំប៉័ងសាំងវ៉ិចសាច់ក្រកសាឡាមី (Salami)

៨. ទឹកលើយន្តហោះ

អ្នកធ្លាប់បានដឹងហើយថា ការទទួលទានទឹកនៅលើយន្តហោះមិនល្អសម្រាប់សុខភាពនោះទេ ព្រោះគេរកឃើញថាមានផ្ទុកនូវមេរោគបាក់តេរីជាច្រើន ជាពិសេសទឹកទាំងនេះថែមទាំងយកមកឆុងកាហ្វេ និងតែសម្រាប់អ្នកដំណើរផងដែរ។ ទោះជាមុនពេលឡើងយន្តហោះមិនអនុញ្ញាតិឱ្យយកទឹកទៅយ៉ាងណាក៏ដោយ តែអ្នកអាចយកដបទឹកទទេរដាក់តាមខ្លួន ហើយបន្ទាប់ពីធ្វើការ Check-in រួច មុននឹងឡើងយន្តហោះអ្នកអាចរកភោជនីយដ្ឋានជិតៗនេះដាក់ទឹកសម្រាប់ទទួលទាននៅលើយន្តហោះក៏បាន ឬទិញទឹកសុទ្ធក៏បាន។

ទឹក

៩. ពពួកសណ្តែក

ពពួកសណ្តែកមានជាតិកាកសសៃអាហារហ្វៃប័រ (Fiber) ដែលអាចជួយសម្រួលដល់ការបន្ទោរបង់ និងជាតិឧស្ម័ននៅក្នុងរាងកាយក៏ពិតមែន តែបរិយាកាសនៅក្នុងយន្តហោះអាចធ្វើឱ្យជាតិឧស្ម័នក្នុងរាងកាយកើនឡើងដល់ទៅ ២៥ភាគរយ ហើយធ្វើឱ្យអ្នកមានបញ្ហាដើរខ្យល់ច្រើន (ផោម) ឬមានបញ្ហាចូលបន្ទប់ទឹកបន្ទោរបង់ជាដើម។ ដូច្នេះគួរចៀសវាងពពួកគ្រាប់សណ្តែកគ្រប់ប្រភេទ ជាពិសេសស្ត្រីមានផ្ទៃពោះ។

ពពួកសណ្តែក

១០. សាំងវ៉ិចជាអាហារពេលព្រឹក

តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ពពួកនំប៉័ងសាំងវ៉ិចមានផ្ទុកជាតិសូដ្យូមច្រើន ដែលអាចធ្វើឱ្យអ្នកមានបញ្ហាលើសសម្ពាធឈាមបាន។ ហើយការទទួលទានអាហារនេះនៅលើយន្តហោះអាចធ្វើឱ្យរាងកាយរបស់អ្នកខ្វះអុកស៊ីហ្សែន ដែលបង្កជាបញ្ហាបេះដូងផងដែរ។ ដូច្នេះអ្នកគួរចៀសវាងទទួលទានសាំងវ៉ិច ហើយជ្រើសរើសអាហារដែលមានជាតិសូដ្យូម(អំបិល/ប្រៃ) ទាប ឬជាផ្លែឈើ និងទឹកដោះគោជូរក៏បានដែរ។

សាំងវ៉ិចជាអាហារពេលព្រឹក

១១. ភេសជ្ជៈមានជាតិកាបូណាត

ការទទួលទានពពួកភេសជ្ជៈកាបូណាត ដែលមានជាតិហ្គាសអាចធ្វើឱ្យអ្នកមានជំងឺសួតមានអាការធ្ងន់ធ្ងរនៅពេលជិះក្នុងយន្តហោះ។ ហើយសម្រាប់មនុស្សធម្មតាអាចធ្វើឱ្យអ្នកមានបញ្ហាស្ទះ ឬខ្វះខ្យល់ដកដង្ហើម និងធ្វើឱ្យជាតិឧស្ម័ននៅក្នុងខ្លួនកើនឡើងផងដែរ(ដើរខ្យល់)។ ដូច្នេះការទទួលទានទឹកធម្មតាល្អបំផុតសម្រាប់អ្នក។

ភេសជ្ជៈកាបូណាត

១២. ពោតលីង (Popcorn)

ការទទួលទានពោតលីងសាកសមបំផុតសម្រាប់ការទស្សនាភាពយន្ត តែប្រសិនជាអ្នកយកមកទទួលទាននៅលើយន្តហោះអាចជាហេតុបង្កឱ្យមានបញ្ហាជ្រុះ ឬកំពប់រំខានដល់អ្នកដំណើរអង្គុយជិតអ្នកផងដែរ ជាពិសេសក្លិនរបស់ពោតលីងអាចធ្វើឱ្យអ្នកដំណើរដទៃទៀតមិនពេញចិត្តទៀតផង។

ពោតលីង (Popcorn)

១៣. សូកូឡាខ្មៅ (Dark Chocolate)

និយាយអំពីជាតិកាហ្វេអ៊ីន មិនមែនមានតែក្នុងកាហ្វេមុខនោះទេ តែសូកូឡាខ្មៅក៏មានជាតិកាហ្វេអ៊ីនយ៉ាងច្រើនដែរ។ ដូចដែលអ្នកបានដឹងខាងលើរួចមកហើយ ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យក្រពះអ្នកមានបញ្ហាបាននៅពេលទទួលទានលើយន្តហោះ ដូច្នេះប្រសិនជាអ្នកមិនចង់មានបញ្ហាអន្ទះអន្ទែង រសាប់សល់ ឬមិនស្រួលក្នុងពោះ កុំទទួលទានសូកូឡាខ្មៅនៅលើយន្តហោះឱ្យសោះ៕  

សូកូឡាខ្មៅ (Dark Chocolate)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]