រាជធានីភ្នំពេញ ៖ បុរសជាកម្មករលើកគ្រឿងសំណង់ផឹកស្រាស្រវឹងវាយប្រពន្ធកូនរងរបួសធ្ងន់ម្តាយកូន២នាក់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះមានឈ្មោះ ស.ស.ភ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិឡាំងកូ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកជនបង្កជាប្តីឈ្មោះ ហូ ចែមផូ អាយុ២៦ឆ្នាំ មុខរបរកម្មករលើកគ្រឿងសំណង់ ស្នាក់នៅជាមួយប្រពន្ធមានស្រុកកំណើតនៅខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់គាត់ទើបមកពីផឹកស៊ីនៅផ្ទះមិត្តភក្តិពេលមកដល់ផ្ទះបានទៅផឹកស៊ីជាមួយអ្នកជិតខាងម្តងទៀត កាន់តែស្រវឹងខ្លាំង លុះមកដល់ផ្ទះបានបំផ្លាញរបស់របរនៅក្នុងផ្ទះដូចជាឆ្នាំង ចាន បានបោកកំទេចចោលធ្វើឲ្យគាត់ជាប្រពន្ធខឹងប្តីរបស់ខ្លួនដែរ តែមិនហ៊ានដោយសារតែប្តីស្រវឹងអោយប្តីចូលដេក ពេលចូលដេកបានបន្តិចបានចេញទៅក្រៅឈ្លោះជាមួយនាក់ជិតខាង ហើយបានឡើងមកម្តងទៀតស្រាប់តែប្តីយកខ្សែភ្លើងដែលបត់ជាច្រើនកំណាត់ទៅវាយប្រពន្ធដែលកំពុងដេកបណ្តាលអោយរងរបួសធ្ងន់ធ្ងរសន្លប់នៅក្នុងបន្ទប់ជួល និងបណ្តាលអោយវាយចំកូនប្រុសអាយុ៤ឆ្នាំ បែកក្បាលឈាមស្រោចពេញខ្លួន និង២នាក់ទៀតរបួសស្រាល ។
ស្ត្រីរងគ្រោះបានបញ្ជាក់ប្រាប់ថា គ្រួសាររបស់នាងបានរៀបការត្រឹមត្រូវរយៈពេលជាង៨ឆ្នាំមកហើយបានកូនចំនួន៣នាក់ ស្រី២ ប្រុស១ កូនបងស្រីអាយុ៨ឆ្នាំ និងកូនពៅអាយុ៣ឆ្នាំ កូនបន្ទាប់ជាកូនប្រុសអាយុ៤ឆ្នាំ ហើយប្តីនាងតែងធ្វើបាបរូបនាងរងរបួសធ្ងន់៣លើកមកហើយ តែមិនដែលប្តឹងសមត្ថកិច្ចឡើយទើបតែថ្ងៃនឹងទើបដាច់ចិត្តប្តឹង ។ ក្រោយពេលកើតហេតុជនរងគ្រោះជាប្រពន្ធបានដាក់ពាក្យបណ្តឹង និងអោយសមត្ថកិច្ចឃាត់ជនបង្កហេតុមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]