ជាការពិត កំពស់មិនមែនកំណត់ដោយសារតែកត្តាហ្សែនមួយមុខឡើយ តែវាមាន កត្តាខាងក្រៅជាច្រើនទៀត។  ក្នុងនោះកត្តារបបអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់កម្ពស់របស់អ្នកផងដែរ។  កង្វះរបបអាហារដែលមានគ្រប់ជីវជាតិ នឹងអាចធ្វើឲ្យការលូតលាស់របស់អ្នកយឺត តែរបបអាហារមួយដែលមានរួមបញ្ចូលទាំងសាច់ បន្លែ ផ្លែឈើគ្រប់គ្រាន់ពេលវ័យកំពុងលូតលាស់ នឹងជួយឲ្យការលូតលាស់មានភាពវិជ្ជមានសម្រាប់សរីរាង្គកាយទាំងមូល។

ខាងក្រោមនេះ អ្នកនឹងបានយល់ដឹងអំពីអាហារទាំង៣ប្រភេទ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសំរាប់ការលូតកម្ពស់របស់យុវវ័យ និងកូនរបស់លោកអ្នក។

១.ប្រូតេអ៊ីន

ប្រូតេអ៊ីន ជាប្រភពដ៏សំខាន់នៃអាហារសាងសង់ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួសជុលនិងបង្កើតកោសិកាថ្មីផ្សេងៗ មិនថាតែកោសិកាសាច់ដុំឡើយ ជាពិសេសកោសិកាឆ្អឹងនេះឯង។ ប្រូតេអ៊ីន ជាបណ្តុំនៃអាស៊ីតអាមីនេ ហើយវាជាធាតុល្អិតៗយ៉ាងសំខាន់ក្នុងការផលិតអរម៉ូនលូតលាស់។  អរម៉ូនលូតលាស់នេះ ដើរតួនាទីមួយផ្នែកធំជាងគេ ក្នុងការរក្សាសុខភាពឆ្អឹង  សាច់ដុំ  សរីរាង្គ  ជាពិសេស ការលូតលាស់នៃឆ្អឹងនេះឯង។ ក្រៅពីនេះ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងការលូតលាស់នៃប្រព័ន្ធប្រសាទទៀតផង។

ដូច្នេះ អាហារសំបូរសារធាតុប្រូតេអ៊ីនដែលអ្នកងាយរក និងរួមបញ្ចូលក្នុងរបបអាហាររបស់អ្នកនោះមានដូចជា៖ ត្រី, ពងមាន់ពងទា, សាច់មាន់, សាច់ជ្រូក. និងសាច់គោជាដើម។ 

អាហារសំបូរប្រូតេអីន

២. សារធាតុរ៉ែ

អាហារ ដែលសំបូរទៅដោយសារធាតុរ៉ែសំខាន់ៗ ដូចជា ម៉ាញេស្យូម ផូស្វាត ហ្លុយអរ ដែក និងកាល់ស្យូម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់នៃកម្ពស់និងរាងកាយយើងទាំងមូល។ ក្នុងចំណោមសារធាតុទាំងនេះ កាល់ស្យូមជាសារធាតុរ៉ែលេខមួយ ជួយដល់ការលូតលាស់ឆ្អឹងនិងធ្វើឲ្យឆ្អឹងរឹងមាំ។

ខ្លួនប្រាណយើងធ្វើការស្រូបសារធាតុកាល់ស្យូមល្អបំផុតមុនអ្នកឈានចូលអាយុ២៥ឆ្នាំ។ ក្រោយវ័យនេះ ឥទ្ធិពលនៃកាល់ស្យូមចំពោះការលូតលាស់កម្ពស់ស្ទើរតែគ្មាន បើទោះបីជាសារធាតុកាល់ស្យូមដែលយើងហូបនោះត្រូវបានស្រូបចូលក្នុងឆ្អឹងក៏ដោយ តែវាធ្វើឲ្យឆ្អឹងរឹងមាំ មិនងាយផុយបាក់ឡើយ។

ដូច្នេះ អាហារសំខាន់ៗដែលជាប្រភពនសសារធាតុរ៉ែទាំងនេះមានដូចជា៖ ទឹកដោះគោ, យ៉ាអួរ, ឈីស, ស្ពៃខាត់ណា, ស្ពៃខ្មៅ, សណ្តែកសៀង, គ្រាប់ធញ្ញជាតិ ជាដើម។ 

អាហារសំបូរសារធាតុរ៉ែ

៣. វីតាមីន

វីតាមីន ជាសារធាតុពុំអាចខ្វះបានឡើយ ដែលខ្លួនប្រាណយើងត្រូវការជាប្រចាំដើម្បីដំណើរការជាធម្មតានៃសរីរាង្គយើង។ ប៉ុន្តែ មានតែវីតាមីនមួយចំនួនប៉ុណ្ណោះដែលមានឥទ្ធិពលទៅលើការលូតលាស់រាងកាយនិងឆ្អឹង។

វីតាមីនD ដែលអ្នកអាចទទួលបានយ៉ាងងាយស្រួលពីពន្លឺព្រះអាទិត្យ ដើរតួនាទីយ៉ាងសំខាន់ដោយសារ វាជួយទៅដល់ការស្រូបយកកាល់ស្យូមរបស់កោសិកា ជាពិសេសកោសិកាឆ្អឹង។ ក្រៅពីនេះ វីតាមីនមួយចំនួនទៀតដែលពុំអាចខ្វះបាននោះ មានដូចជា វីតាមីនA, B, C ដែលសុទ្ធតែចូលរួមចំណែកក្នុងការលូតលាស់ធម្មតារបស់រាងកាយ។

ដូច្នេះ អ្នកគួររួមបញ្ចូលនូវអាហារទាំងនេះ ដើម្បីទទួលបាន វីតាមីនសំខាន់ៗទាំងនេះដែលខ្លួនប្រាណយើងពុំអាចផលិតបានដូចជា៖

* ការ៉ុត សំបូរទៅដោយវីតាមីនអា

* ត្រី បន្លែបៃតង ផ្លែឈើ ម្ទេចប្លោក សាច់ជាដើម សំបូរទៅដោយវីតាមីនបេ

* ផ្លែក្រូច ក្រូចឆ្មារ ម្នាស់ សុទ្ធតែសំបូរទៅដោយវីតាមីនសេ

* ចំណាំ វីតាមីនដេក្រៅពីបានពីពន្លឺព្រះអាទិត្យនោះ យើងក៏អាចទទួលវាតាមរយៈចំណីអាហារដូចជា ទឹកដោះគោ ស៊ុត ត្រី ផ្លែឈើជាដើម៕

អាហារសំបូរវីតាមីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]