ភ្នំពេញៈ ទន្ទឹម​គ្នា​នឹង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​នៅ​លើ​វិថី​តារា​កំពុង​មាន​សន្ទុះ ​ស្ទុះ​ឡើង​ និង​បន្ត​រីក​សុស​សាយ​ឥត​ឈប់​ឈរ​នោះ ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ នាង កែវ ផល្លីកា ក៏​កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ដែរ​ជាមួយ​នឹង​មន្ត​ស្នេហ៍​ ថ្ពាល់​ខួច​ទាំង​សង​ខាង​។ ស្រប​គ្នា​នឹង​ការងារ​កាន់​រីក​ចម្រើន សម្រស់​កាន់​តែ​ផូរ​ផង់ កែវ ផល្លីកា ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​អនាគត​បុរស​ដែល​នាង​នឹង​យក​ធ្វើ​ជា​គូ​អនាគត​ផង ​ដែរ​។

ដោយ​គ្មាន​ជាប់​ខ្សែ​ស្រឡាយ​ជា​អ្នក​សិល្បៈ​ កែវ ផល្លីកា បាន​ព្យាយាម​សម្រេច​នូវ​បំណង​ប្រាថ្នា​របស់​ខ្លួន​ហក់​ចូល​ក្នុង​វិស័យ​ សិល្បៈ​ តាម​រយៈ​ការ​ប្រឡង​ហ្វ្រេស៊ីប៊យ-ហ្វ្រេស៊ីហ្គើល​នៅ​ក្នុង​ឆ្នាំ​២០០៧ តែ​មិន​បាន​ជោគជ័យ​។ ថ្វី​ដ្បិត​តារា​ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​កំពង់ចាម រូប​នេះ​មិន​ទទួល​បាន​ជាប់​ចំណាត់​ថ្នាក់​ក្តី ប៉ុន្តែ​ជា​សំណាង​ល្អ នាង​ក៏​មាន​ឱកាស​បាន​ថត​ស្ប៉ត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន​បណ្តាញ​ ទូរស័ព្ទ អឹមហ្វូន​(M-fone) នៅ​ក្នុង​ឆ្នាំ​២០០៧​ ដែល​នោះ​ហើយ​ជា​ការ​កាប់​ឆ្ការ​ផ្លូវ​ឲ្យ​នាង​មាន​ទឹក​មាត់​លេប​ផ្សើម​បំពង់ ក​ដើម្បី​បន្ត​អាជីព​ជា​អ្នក​សិល្បៈ​នេះ​រហូត​ដល់​សព្វ​ថ្ងៃ​។

ពិធី​ការិនី​ប្រសូត​ចេញ​ពី​ត្រកូល​គ្រួសារ​អ្នក​កាត់​ដេរ​រូប​នេះ​បាន​ឲ្យ​ ដឹង​ថា នៅ​ក្នុង​កម្ម​វិធី​ប្រឡង ​ហ្វ្រេស៊ីប៊យ-ហ្វ្រេស៊ីហ្គើល​នៅ​២០០៧​ នាង​មិន​បាន​ទទួល​ចំណាត់​ថ្នាក់​អ្វី​នឹង​គេ​នោះ​ទេ ពោល​គឺ​នាង​ធ្លាក់​ពី​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​គ្នា​១០​ នាក់​។ នាង​បាន​បន្ត​ថា ជា​ភ័ព្វ​សំណាង​ល្អ​ នាង​ក៏​ទទួល​បាន​ឱកាស​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម​ និង​ខ្សែ​ភាពយន្ត​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់ ដែល​រហូត​នៅ​ពេល​នេះ​នាង​បាន​សម្រេច​នូវ​បំណង​ដ៏​ធំ​មួយ​ក្នុង​អាជីព​ជា​ ពិធី​ការិនី​ដែល​នាង​តែង​ស្រមៃ​ចង់​បាន​តាំង​ពី​នៅ​ក្មេង​ៗ​។

តារា​ស្រី​សម្តី​ផ្អែម​ថ្ពាល់​ខួច​ទាំង​សង​ខាង​រូប​នេះ​និយាយ​ថា៖«​ពេល​ ប្រឡង​ហ្នឹង​ ខ្ញុំ​អត់​បាន​ទទួល​ចំណាត់​ថ្នាក់​ស្អី​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ហេតុ​អ្វី​ពេល​ដែល​ខ្ញុំ​ធ្លាក់​ហើយ​មាន​គេ​ទាក់​ទង​ហៅ​ខ្ញុំ​ថត​នោះ​ដែរ។ ប៉ុន្តែ​ក្រោយ​ពេល​ខ្ញុំ​ថត​ស្ប៉ត​ដំបូង​ចប់ ស្រាប់​តែ​មាន​គេ​ទាក់​ទង​ខ្ញុំ​ឲ្យ​ថត​រហូត​តែ​ម្តង​»។

មុន​ចាប់​អាជីព​ជា​ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​នៅ​ ចុង​ឆ្នាំ​២០០៩ កែវ ផល្លីកា ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នាង​បាន​ថត​ខ្សែ​ភាព​យន្ត​ភាគ​ចំនួន​៥​រឿង​ផង​ដែរ ហើយ​ស្នាដៃ​ចុង​ក្រោយ​របស់​នាង​គឺ​រឿងភូមិ​ខ្ញុំ​ស្រស់​ឆើត​ឆាយ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​នាង​ត្រូវ​ចូល​បម្រើ​ការងារ​ពេញ​សិទ្ធិ​នៅប៉ុស្តិ៍​៣ នាង​ក៏​បាន​ផ្អាក​ពី​ការ​ថត​ផ្សេង​ៗ​ដោយសារ​តែ​កន្លែង​ធ្វើ​ការ​ថ្មី​ តម្រូវ​ឲ្យ​នាង​ធ្វើ​បែប​នេះ​។

ទន្ទឹម​នឹង​ជោគជ័យ​ក្នុង​ការ​ងារ​សិល្បៈ​ជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី ​ស្ត្រី​ពី​នេះ​ពី​នោះ កម្ម​វិធី​សោភ័ណ​ជីវិត និង​កម្មវិធី​ថ្មី​ៗ​មួយ​ចំនួន​ទៀត ស្រី​ស្រស់​ក្មេង​រូប​នេះ ក៏​កំពុង​ទាក់​ទាញ​ផ្នែក​សម្រស់​កាន់​តែ​ខ្លាំង​ឡើង​ៗ​ផង​ដែរ​ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​ពី​គ្រប់​មជ្ឈដ្ឋាន​ថា តើ​តារា​ថ្ពាល់​ខួច​រូប​នេះ​មាន​ម្ចាស់​បេះ​ដូង​ហើយ​ឬ​នៅ​?

ដោយ​គ្មាន​អាថ៌​កំបាំង​តារា​ស្រី​ កែវ ផល្លីកា ក៏​បាន​ឆ្លើយ​ដោយ​គ្មាន​លាក់​លៀម​ពី​អនាគត​បុរស​ម្ចាស់​បេះដូង​នាង​នៅ​ពេល​ នេះ​ថា ឥឡូវ​ថ្វី​ដ្បិត​តែ​នាង​នៅ​ក្មេង​ខ្ចី​អាយុ​ទើប​តែ​២២​ឆ្នាំ​ក៏​ពិត​មែន តែ​នាង​ក៏​ត្រូវ​តែ​គិត​ពី​បញ្ហា​អនាគត​គូ​ស្រករ​នេះ​ផង​ដែរ​។

តារា​ព្យួរ​ការ​សិក្សា​ឆ្នាំ​ទី​២​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​រូប​ នេះ បាន​និយាយ​ថា៖​ «​ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់​ទៅ​ចុះ ម្ចាស់​បេះដូង​ខ្ញុំ​នៅ​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​គិត គឺ​ខ្ញុំ​មិន​ទាន់​មាន​ទេ តែ​ក៏​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​លើក​យក​មក​គិត​ផង​ដែរ​»។

និយាយ​ដល់​ជីវិត​អាពាហ៍​ពិពាហ៍ កែវ ផល្លីកា ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រូប​នាង​នឹង​មិន​នៅ​ដំអក់​យូរ​ពេក​នោះ​ទេ ដោយ​នាង​បាន​បញ្ជាក់​ថា ទោះ​បី​ជា​នៅ​ពេល​នេះ​នាង​មាន​អាយុ​តិច​ក្តី តែ​បើ​មាន​គេ​ចូល​មក​ចែ​ចូវ​នាង​ដល់​ឪពុក​ម្តាយ​តាម​តាម​ផ្លូវ​ច្បាប់​ និង​ប្រពៃណី​នោះ នាង​ក៏​ត្រូវ​គិត​ពី​បញ្ហា​នេះ​ដែរ​។ នាង​បាន​បន្ត​ថា ធម្មតា​សម្រាប់​គូ​អនា​គត​យើង​ពិត​ជា​ចង់​បាន​មនុស្ស​ល្អ​ម្នាក់​ តែ​អ្វី​ៗ​ពិត​ជា​មិន​អាច​ល្អ​ទាំង​អស់​នោះ​ទេ​ ហើយ​សម្រាប់​រូប​នាង​គ្រាន់​តែ​ចង់​បាន​បុរស​ម្នាក់​ដែល​ចេះ​គោរព ស្រឡាញ់​រូប​នាង ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​នោះ​ជា​ការ​ប្រសើរ​បំផុត​។

នាង​និយាយ​ថា៖​ «​សម្រាប់​ខ្ញុំ​ បើ​មាន​គេ​ចូល​មក​ចែ​ចូវ​តាម​ផ្លូវ​ច្បាប់​នោះ ខ្ញុំ​ក៏​ត្រូវ​គិត​ដែរ តែ​បើ​អាច​ ខ្ញុំ​គិត​ថា នៅ​អាយុ​២៥-២៦​ឆ្នាំ ពិត​ជា​រឿង​ដ៏​ប្រសើរ​ ព្រោះ​យើង​ចង់​ឲ្យ​ចាស់​ចិត្ត​គំនិត​បន្តិច​»។

គួរ​បញ្ជាក់​ថា កែវ ផល្លីកា មាន​ឈ្មោះ​ដើម កែវ ពន្លឺ កើត​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៩៩០ នៅ​ស្រុក​ក្រូច​ឆ្មារ ខេត្ត​កំពង់ចាម​។ នាង​មាន​ឪពុក​ឈ្មោះ កែវ សារិន អាយុ​៦៤​ឆ្នាំ​អតីត​មេ​ជាង​កាត់​ដេរ និង​ម្តាយ​ឈ្មោះ អ៊ិត វ៉ាន់នី អាយុ​៥៩​ឆ្នាំ​ជា​ស្ត្រី​មេ​ផ្ទះ​។ តារា​រូប​នេះ​ជា​កូន​ពៅ​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់​ដែល​មាន​ស្រី​៥​នាក់​ ប្រុស​ម្នាក់​។ នៅ​ថ្ងៃ​អនាគត ផល្លីកា បាន​ប្រាប់​ថា នាង​មាន​បំណង​ធ្វើ​ជា​ម្ចាស់​ហាង​មួយ​កន្លែង​៕

 

ដកស្រង់ពីគេហរទំព័រភ្នំពេញប៉ុស្ត៍

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]