ភ្នំពេញ៖ កុមាររាប់រយនាក់ ព្រមទាំងឪពុកម្តាយរបស់ពួកគេបានរីករាយ និងទទួលបានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ជាមួយនឹងការប្រគំតន្ត្រី ឆា-ឈីង ជាលើកដំបូងបង្អស់ ដែលបានប្រារព្ធឡើងនៅឯផ្សារទំនើប AEON Mall 1។​​ ព្រឹត្ដិការណ៍នេះបានរៀបចំឡើងជាពិសេសដោយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា ដោយមានការប្រគំតន្ត្រី និងកម្មវិធីកំសាន្តមួយចំនួនទៀត។​

ការប្រគំតន្ត្រី ឆា-ឈីងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា

កម្មវិធី ឆា-ឈីង គឺជាកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ  ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹង មធ្យោបាយ និងការអនុវត្ត  ដល់កុមារអាយុចាប់ពី ៧ឆ្នាំ ដល់ ១២ ឆ្នាំ ដែលពួកគេត្រូវការ ដើម្បីសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុ  ក្នុងការសម្រេចឱ្យបាននូវគោលដៅ និងក្តីសុបិនផ្ទាល់ខ្លួនរបស់ពួកគេ។ ចំណុចស្នូលនៃកម្មវិធីនេះ គឺជាខ្សែភាពយន្តគំនូរជីវចលដែលមានរយៈពេល៣ នាទី ដោយចាក់ផ្សាយលើបណ្តាញទូរទស្សន៍ Cartoon Network  នៅតំបន់អាស៊ី និងទូរទស្សន៍CTN នៅក្នុងប្រទេសកម្ពុជា។

ការបងើ្តតកម្មវិធី ឆា-ឈីង គឺជាការប្តេជ្ញាចិត្តជាមូលដ្ឋានរបស់ ព្រូដិនសលកម្ពុជា ក្នុងការគាំទ្រដល់ការអប់រំកុមារ និងការអប់រំផ្នែកហិរញ្ញវត្ថុនៅទូទាំងប្រទេស។ កម្មវិធីនេះមានគោលបំណងជួយកុមារ ឱ្យយល់ដឹងអំពីគំនិតមូលដ្ឋាន ក្នុងការគ្រប់គ្រងប្រាក់កាស​ចំនួនបួនគឺ  រកលុយ សន្សំ ចាយ និងបរិច្ចាគ។

នាយកផ្នែកអតិថិជននិងទីផ្សារក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក ហ៊ង វុទ្ធី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុសម្រាប់កុមារ​​ពីវ័យក្មេង ក្នុងការជួយរៀបចំឥរិយាបថដែលមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ នៅគ្រប់ដំណាក់កាលទាំងអស់នៃការរស់នៅរបស់ពួកគេ។

លោកមានប្រសាសន៍ថា៖

«ក្រុមហ៊ុនព្រូដិនសល មានមោទនភាពក្នុងការនាំយកកម្មវិធីអប់រំ និងកំសាន ដូចជាការប្រគំតន្ត្រី ឆា-ឈីង នេះ មកកាន់ប្រទេសកម្ពុជា។ យើងមានសេចក្តីរីករាយណាស់ដែលបានឃើញកុមារនិងឪពុកម្តាយចូលរួមកំសាន្តក្នុងព្រឹត្ដិការណ៍នេះ។ ក្រុមហ៊ុនព្រូដិនសលជឿជាក់យ៉ាងមុតមាំថា ការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ គឺជាសសរគ្រឹះមួយក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់កម្ពុជាក្នុងរយៈពេលវែង។»

ក្រោយពីចំណាយពេលពេញមួយថ្ងៃក្នុងព្រឹត្ដិការណ៍រួចមក ក្មេងៗនិងឪពុកម្តាយរបស់ពួកគេបានចូលរួមក្នុងការបង្ហាញទេពកោសល្យ ការសម្តែងរបស់តួអង្គតុក្កតា ការនិទានរឿងនិងការដើរសម្ដែងតួ ព្រមទាំងការប្រគំតន្ត្រីពីក្រុមតន្រ្តីករ ឆា-ឈីង ដែលបានលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ តាមរយៈបទភ្លេងនិងចម្រៀងស្រួលចាំ។

លោកស្រី អ៊ុន បូផាន់ណា ជាអ្នកម្តាយម្នាក់ក្នុងចំណោមអ្នកចូលរួមជាច្រើនទៀតដែលបានចូលរួមនៅឯការប្រគំតន្ត្រី ឆា-ឈីង បានចែករំលែកបទពិសោធន៍របស់គាត់ថា៖


«កម្មវិធីនេះមានផលប្រយោជន៍សម្រាប់ក្មេងតូចៗ។ តាមខ្ញុំដឹងកម្មវិធី ឆា ​ឈីង បង្រៀនពីការសន្សំសំចៃលុយនិងការចាយលុយអោយបានត្រឺមត្រូវ។ ខ្ញុំគិតថាកម្មវិធីនេះល្អមិនមែនសម្រាប់តែកុមារទេ សូម្បីតែមនុស្សធំដូចខ្ញុំក៍ល្អដែរ»។

លោក មុំ​ ស៊ីណែត ជាអ្នកចូលរួមម្នាក់ទៀត បានកោតសរសើរយ៉ាងខ្លាំងពីកម្មវិធីបណ្តុះប្រាជ្ញាហិរញ្ញវត្ថុ មូលដ្ឋានសម្រាប់កុមារនេះ ថា៖ 

«អារម្មណ៍ថាសប្បាយរីករាយព្រោះមានការប្រគំតន្ត្រីនិងមានក្មេងៗជាច្រើនចូលរួមហើក្នុងនោះក៍មានកូនខ្ញុំផងដែរ។ខ្ញុំគិតថាកម្មវិធី​ ឆា ឈីង មាននេះមានសារៈប្រយោជន៍ជាច្រើនដល់កុមារ និងមានកម្មវិធីហ្គេមជាដំណាក់កាលដែលធ្វើអោយក្មេងៗកាន់តែឆ្នាត ជាពិសេសបង្រៀនក្មេងអោយចេះសន្សំលុយនិងចេះរកលុយ»។​

កម្មវិធីអប់រំ និងសកម្មភាពទាំងនេះត្រូវបានរៀបចំឡើង ដោយអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលមិនត្រឹមតែចំណាយពេលវេលា ដើម្បីរៀបចំព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែក៍បានប្តេជ្ញាចិត្ត ផងដែរដើម្បីបង្កើតកម្មវិធីសិក្សាឆា-ឈីង នៅតាមសាលារៀននានាទូទាំងប្រទេស។

កម្មវិធី ឆា-ឈីង ជាកម្មវិធីមួយ​ក្នុងចំណោមកម្មវិធីវិនិយោគសហគមន៍ ដែលមានការគាំទ្រ ពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាមួយនឹងកម្មវិធីដ៏មានអត្ថន័យផ្សេងទៀតដូចជាកម្មវិធី​ អំណានដំបូង កម្មវិធីសាលារៀនសុវត្ថិភាព និងកម្មវិធីអាហារូបករណ៍ Chevening ជាដើម៕

ការប្រគំតន្ត្រី ឆា-ឈីងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា
ការប្រគំតន្ត្រី ឆា-ឈីងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]