ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុប​ង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០៤​នាក់ ក្រោយ​កើតហេតុ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន ដោយឡែក​បក្សពួក​០៣​នាក់​ទៀត​កំពុង​តែ​រត់គេច​ខ្លួន​ពេល​នេះ​សមត្ថកិច្ច​នគរបាល​កំពុង​តាម​រក​ចាប់ខ្លួន​បន្ត​ទៀត ។

លោក​ឧត្តមសេនីយ៍​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ គង់ ទី​ប៉ោ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រថយន្តឈ្នួល មាន​ទីលំនៅ​សង្កាត់​ដង្កោរ រាជធានី​ភ្នំពេញ ថា​មាន​ករណី​ប្លន់​ដោយ​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​មាន​គ្នា​០៤​នាក់​ដោយ​ប្រើ​វិធី Wechat ហៅ​ជន​រង​គ្រោះ​មក​យក​លិខិតឆ្លងដែន​ទៅ​បន្ត​ទិដ្ឋាការ ពេល​ជន​រង​គ្រោះ​បើករថយន្ត​មក​តាម​ការ​ណាត់​នៅ​កន្លែង​កើតហេតុ​ក៏​ត្រូវ​ជនជាតិ​ចិន​ដក​អាវុធ​មក​ភ្ជុង​ឆែកឆេរ​ដកហូត​យក​សម្ភារ​មួយ​ចំនួន​ដូច​ជា លុយ​ចំនួន​៥០០​ដុល្លារ​, ប័ណ្ណបើកបរ​១​សន្លឹក​, ប័ណ្ណ​សំគាល់​រថយន្ត​១​សន្លឹក និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ។

ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​រួច​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក គៀង ស​ន្ទ​រោ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​ប៉ុស្តិ៍ និង​កង​អន្តរាគមន៍​ពិសេស​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១១​និង​០០​នាទី​យប់ កម្លាំង​ជំនាញ​កំណត់​មុខសញ្ញា​បាន​ម្នាក់​ដែល​កំពុង​ផឹកស៊ី​នៅ​ក្លឹ​ប​កំសាន្ត CASA ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

កម្លាំង​ជំនាញ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Ly Ker Xing ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើកបរ​រថយន្ត​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ E88340722 ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ផុតកំណត់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ ទិដ្ឋាការ​លេខ E1-01359781 ចុះ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ផុតកំណត់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មាន ប្រាក់​៥០០​ដុល្លារ (​របស់​ជន​រង​គ្រោះ​), អាវុធ​ខ្លី​១​ដើម​ម៉ាក​រ៉ូ​ឡូ លេខ​38.SWPL (​មាន​៣​គ្រាប់​), រថយន្ត​ម៉ាក Roll Royce ពណ៌​ស្លែរ ពាក្យ​ស្លាក​លេខ ភ្នំពេញ ២BP-៦៦៦៦ ជា​រថយន្ត​របស់​ថៅកែ​កាស៊ីណូ ។

ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​ជា​ជន​ជាតិចិន​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​បំពេញ​​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

ជិះ​សុទ្ធ Roll Royce ប្លន់​យក​លុយ
ជិះ​សុទ្ធ Roll Royce ប្លន់​យក​លុយ
ជិះ​សុទ្ធ Roll Royce ប្លន់​យក​លុយ
ជិះ​សុទ្ធ Roll Royce ប្លន់​យក​លុយ
ជិះ​សុទ្ធ Roll Royce ប្លន់​យក​លុយ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]