ជាតិជាមនុស្សស្រីកើតមកហើយ អ្នកណាដែលមិនចង់ស្អាតនោះ? ជាពិសេសតើមនុស្សស្រីណាដែលថា មិនធ្លាប់ប៉ះម្សៅក្រេមទាល់តែសោះនោះ? បើទោះបីជាមិនចូលចិត្តតុបតែងមុខញឹកញយ ឬស្រលាញ់ផ្ទៃមុខធម្មជាតិយ៉ាងណាក៏ដោយ ក៏តែងតែមានឱកាស ឬកម្មវិធីណាមួយ ដែលត្រូវតែតុបតែងមុខជាមិនខាន។

តែមានមនុស្សស្រីមិនតិចអ្នកទេ ដែលស្រលាញ់រូបសម្រស់ខ្លាំង ហើយធ្វើការតុបតែងមុខ ស្ទើរតែរៀងរាល់ថ្ងៃ ថែមទាំងផាត់ម្សៅក្រាស់ៗថែមទៀតផង ដើម្បីបិទបាំងកង្វះខាតនៅលើផ្ទៃមុខផង និងដើម្បីធ្វើឱ្យសម្រស់កាន់តែលេចធ្លោជាងមុនផង។

ទោះបីជាយ៉ាងណាក៏ដោយ ការផាត់មុខក្រាស់ៗបែបនេះមើលទៅស្អាតក៏ពិតមែន តែវាក៏មានផលល្អ និងផលអាក្រក់សម្រាប់រូបសម្រស់ ព្រមទាំងជីវិតរបស់អ្នកប្រចាំថ្ងៃផងដែរ។

ដូច្នេះមកតាមដានទាំងអស់គ្នាថាមានរឿងល្អ និងរឿងមិនល្អណាខ្លះកើតឡើងចំពោះអ្នក ប្រសិនជាអ្នកតុបតែងផ្ទៃមុខដោយម្សៅក្រាស់ៗបែបនេះ៖

១. រន្ធញើស ឬរន្ធផ្ទៃមុខរីកធំ

ជាការពិតណាស់ ការលាបម្សៅក្រាស់ៗពេក ធ្វើឱ្យរន្ធញើសកកស្ទះ ថែមទាំងធ្វើឱ្យស្បែកមុខខ្វះខ្យល់ដកដង្ហើមផងដែរ។ និយាយរួមផ្ទៃមុខដូចជាដង្ហើមរបស់មនុស្សយើងអីចឹង គឺត្រូវការខ្យល់ចេញចូល ដើម្បីចិញ្ចឹមស្បែកមុខ។ ដូច្នេះការលាបម្សៅក្រាស់អាចបណ្តាលឱ្យអ្នកមានបញ្ហាស្បែកមុខផ្សេងៗដូចជា កើតមុន និងធ្វើឱ្យរន្ធញើសរីកធំអាក្រក់មើលជាដើម។

ករណីម្យ៉ាងទៀតនោះគឺ រាល់ពេលអ្នកតុបតែងមុខច្រើនពេក ធ្វើឱ្យពិបាកនឹងធ្វើការលាងសម្អាតចេញរាល់ពេលយប់មុនចូលគេង ហើយការបន្សល់គ្រឿងម្សៅដោយការសម្អាតមិនបានស្អាតល្អ អាចធ្វើឱ្យអ្នកឆ្លងមេរោគបាក់តេរី និងមានបញ្ហាស្បែកមុខគួរឱ្យខ្លាចជាច្រើនទៀតផងដែរ។

រន្ធញើស ឬរន្ធផ្ទៃមុខរីកធំ

២. ឆ្លងមេរោគ

ផ្ទៃមុខមិនត្រឹមតែជាផ្នែកមួយ ដែលត្រូវសម្អាតឱ្យបានស្អាតល្អរាល់ពេលតុបតែងផ្ទៃមុខរួចនោះទេ សូម្បីតែនៅបរិវេណភ្នែក រោមភ្នែក និងបបូរមាត់ក៏ត្រូវសម្អាតឱ្យបានល្អដែរ។ ដូច្នេះការតុបតែងផ្ទៃមុខច្រើនពេក វាបានធ្វើឱ្យសាច់ម្សៅ និងគ្រឿងតុបតែងត្របកភ្នែក និងរោមភ្នែកកាន់តែច្រើនជាងមុន ហើយឱកាសនៃការឆ្លងមេរោគ បាក់តេរីផ្សេងៗទៅកាន់តំបន់ភ្នែក និងមាត់ក៏កាន់តែខ្ពស់ជាងមុនផងដែរ ។

ឆ្លងមេរោគ

៣. ធ្វើឱ្យមុខជ្រួញ/ឆាប់ចាស់

អ្នកប្រាកដជាធ្លាប់ឮហើយថា អ្នកដែលឧស្សាហ៍តុបតែងមុខនឹងធ្វើឱ្យមុខខូចដោយសារតែម្សៅស៊ីមុខ។ ជាការពិតណាស់ ពេលខ្លះវាមិនមែនបណ្តាលមកពីម្សៅនោះទេ នោះគឺដោយសារតែ ចលនានៃការតុបតែងប្រឹងផាត់ម្សៅក្រាស់ៗពេក ធ្វើឱ្យប៉ះពាល់ដល់ផ្ទៃមុខ និងបាត់បង់ភាពបត់បែននៃស្បែកមុខ ហើយធ្វើឱ្យស្បែកអាចប្រឈមមុខនឹងបញ្ហាស្បែកផ្សេងៗ ព្រមទាំងធ្វើឱ្យស្បែកមុខឆាប់ចាស់ ឬជ្រួញនៅកន្ទុយភ្នែកផងដែរ។

ធ្វើឱ្យមុខជ្រួញ/ឆាប់ចាស់

៤. ហានិភ័យស្បែកមុខ

មនុស្សភាគច្រើនខ្វល់ខ្វាយ ពីផលិតផលលាងសម្អាតផ្ទៃមុខ ព្រោះតែខ្លាចម្សៅដែលលាបលើវាបង្កជាបញ្ហាដល់ស្បែកមុខ ប្រសិនជាលាងសម្អាតមិនបានល្អ ប៉ុន្តែអ្នកប្រាកដជាបានមើលរំលងផលិតផលលាបមុខរបស់អ្នកជាមិនខានមែនទេ? ជាការពិតណាស់ មានផលិតផលមួយចំនួន អាចបង្កជាបញ្ហាដល់ស្បែកមុខរបស់អ្នកបាន ឬប្រើប្រាស់មិនត្រូវស្បែកមុខជាដើម និងផលិតផលមួយចំនួន ប្រើប្រាស់បរិមាណសមល្មមមិនមានបញ្ហានោះទេ តែនៅពេលដែលអ្នកប្រើប្រាស់សម្រាប់តុបតែងផ្ទៃមុខក្រាស់ៗច្រើនជ្រុលបែរជាធ្វើឱ្យស្បែកមុខមានបញ្ហាផងដែរ។

ហានិភ័យស្បែកមុខ

៥. ប្រើផលិតផលលាងសម្អាតផ្ទៃមុខកាន់តែច្រើនជាងមុន

រាល់ពេលដែលអ្នកតុបតែងផ្ទៃមុខក្រាស់ៗពេក និងរាល់ពេលដែលអ្នកជូតចេញ ឬធ្វើការលាងសម្អាតនោះ វាប្រាកដជាពិបាកខ្លាំងណាស់ ដោយសារតែ សាច់ម្សៅក្រាស់ពេក។ ហើយក្នុងករណីលាងសម្អាតមុខមិនបានស្អាតល្អ វានឹងបន្សល់ជាតិកខ្វក់នៃសាច់ម្សៅបង្កជាបញ្ហាស្បែក ហើយប្រសិនជាអ្នកប្រើផលិតផលលាងសម្អាតផ្ទៃមុខច្រើនពេកវាក៏អាចបង្កឱ្យស្បែកមានបញ្ហារលាក និងស្ងួតបានផងដែរ ដោយសារតែផលិតផលជូត ឬលាងសម្អាតមុខមានជាតិកាត់ប៉ះពាល់ដល់ស្បែកមុខប្រសិនជាប្រើច្រើនពេក។

ប្រើផលិតផលលាងសម្អាតផ្ទៃមុខច្រើនជាងមុន

៦. បាត់បង់ទំនុកចិត្ត

ការតុបតែងមុខធ្វើឱ្យអ្នកមានភាពស្រស់ស្អាតថែមមួយកម្រិត តែការដែលអ្នកតុបតែងមុខជ្រុលហួសហេតុពេក តាមការស្រាវជ្រាវបានរកឃើញថា អាចធ្វើឱ្យខ្លួនអ្នកបាត់បង់ជំនឿចិត្ត មានអារម្មណ៍ថាភ័យខ្លាច និងចម្លែកក្នុងខ្លួនខុសពីធម្មតាដោយសារតែ អ្នកមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត និងមានអារម្មណ៍ថាមិនមែនជាខ្លួនអ្នកផ្ទាល់ជាដើម។ ដូច្នេះអ្នកគួរតែជ្រើសរើសការតុបតែងខ្លួន និងផ្ទៃមុខឱ្យសមល្មមដើម្បីរក្សាទំនុកចិត្តលើខ្លួនឯងទើបជាការប្រសើរ។

បាត់បង់ទំនុកចិត្ត

៧. ធ្វើឱ្យខ្លួនឯងស្អាតជាងមុន

ជាការពិតណាស់ ក្រៅពីស្លៀកសម្លៀកបំពាក់ឱ្យបានស្អាតល្អហើយ ការតុបតែងផ្ទៃមុខក៏ជារឿងដ៏សំខាន់មួយដែរ។ ការតុបតែងមុខក្រាស់ៗ អាចធ្វើឱ្យស្អាតជាងមុនបើទោះបីជាសម្លៀកបំពាក់មិនសូវឡូយឆាយប៉ុន្មានក៏ដោយ។ តែនៅពេលដែលអ្នកស្លៀកពាក់ល្អស្រស់ឆើតឆាយ ហើយមិនបានតុបតែងខ្លួនវាបែរជាធ្វើឱ្យសម្រស់របស់អ្នកធ្លាក់ចុះទៅតាមនោះទៅវិញ។

ធ្វើឱ្យខ្លួនឯងស្អាតជាងមុន

៨. ធ្វើឱ្យចាស់ទុំជាងមុន

អ្នកប្រាកដជាធ្លាប់បានឮចាស់ៗនិយាយហើយថា ក្មេងស្រីក្មេងៗមិនគួរតុបតែងក្រែមម្សៅនោះទេ ព្រោះវាសម្រាប់តែក្មេងស្រីពេញវ័យក្រមុំ ឬហៅកាត់ៗថាមនុស្សធំជាដើម។ ដូច្នេះគេក៏បានរកឃើញដែរថា ការតុបតែងម្សៅក្រាស់ៗអាចធ្វើឱ្យអ្នកមើលទៅជាមនុស្សចាស់ចិត្តចាស់គំនិត និងធ្វើឱ្យអាកប្បកិរិយាចាស់ទុំចេះគិតដិតដល់ល្អជាងមុនជាដើម។

ធ្វើឱ្យចាស់ទុំជាងមុន

៩. មកពីវដ្តរដូវ

ប្រសិនជាអ្នកមានអារម្មណ៍ថា ចង់តុបតែងផ្ទៃមុខក្រាស់ជាងមុន វាអាចបណ្តាលពីអ្នកមករដូវរបស់អ្នកតែម្តង។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា រាល់ពេលមនុស្សស្រីមករដូវ តែងតែចង់តុបតែងផ្ទៃមុខច្រើនជាងមុន ដោយសារតែពួកគេគិតថាអាចបង្កើនជំនឿចិត្តខ្លួនឯង និងធ្វើឱ្យខ្លួនឯងមើលទៅកាន់តែទាក់ទាញជាងមុនផងដែរ។

មកពីវដ្តរដូវ

១០. មានអ្នកនិយាយដើម

ការតុបតែងផ្ទៃមុខនៅក្នុងពេលបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុក ព្រោះថា មិនថាចាស់ ឬវ័យជំទង់ទេសុទ្ធតែពេញនិយម តុបតែងផ្ទៃមុខបង្អួតគ្នាដើម្បីបង្កើនភាពស្រស់ស្អាត។ តែនៅពេលដែលអ្នកតុបតែងផ្ទៃមុខច្រើនក្រាស់ជ្រុល អាចធ្វើឱ្យមនុស្សជុំវិញមើលទៅអ្នកជាមនុស្សចម្លែកខុសពីគេពីឯង ប្រឈមមុខនឹងគេមើលលើមើលក្រោម តាមសម្លឹងមើល ថែមទាំងនិយាយដើមមិនល្អពីអ្នកផងដែរ៕  

មានអ្នកនិយាយដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]