នៅតាមផ្លូវធ្វើដំណើរជាប្រចាំថ្ងៃ អ្នកប្រាកដជាធ្លាប់បានជួបហើយនូវរបស់របរដែលជ្រុះតាមផ្លូវ ដូចជាលុយ របស់មានតម្លៃ និងរបស់របរប្រើប្រាស់ផ្សេងៗជាដើម។ នៅពេលដែលអ្នកឃើញ អ្នកពិតជាចង់រើសយកមករក្សាទុក ឬរើសមកដើម្បីស្វែងរកម្ចាស់ដើមជាដើម។ តែអ្នកត្រូវដឹងថា មានរបស់មួយចំនួនមិនត្រឹមតែអាចបង្កគ្រោះថ្នាក់ដល់សុខភាព ថែមទាំងអាចធ្វើឱ្យអ្នកមានបញ្ហាផងដែរ។

ដូច្នេះដើម្បីជាចំណេះដឹងបន្ថែម យើងមកស្វែងយល់ទាំងអស់គ្នា ថាតើមានរបស់របរណាខ្លះដែលអ្នកមិនត្រូវរើសយកពីដីមកកាន់ ប៉ះ ឬរក្សាទុកជាដាច់ខាត៖

១. កាបូបលុយ

អ្នកគួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាអ្នកបានរកឃើញកាបូបលុយនៅតាមផ្លូវហើយចង់ប្រគល់ឱ្យប៉ូលិសយ៉ាងណាក៏ដោយ ព្រោះថាអាចនឹងមាននរណាម្នាក់មានល្បិចធ្វើជាជ្រុះកាបូបលុយ ហើយនៅពេលដែលអ្នករើសគេនឹងចេញមកចោទប្រកាន់អ្នកពីបទលួច ឬយករបស់អ្នកដទៃ បើមិនដូច្នេះទេក៏អាចមានករណីម្ចាស់របស់មកទាន់ ហើយចោទថាអ្នកចង់យករបស់គេជាដើម។

ដូច្នេះប្រសិនជាអ្នកសង្ស័យថា មានអ្នកកំពុងតែតាមដាន ឬបើអាចទោះបីជារកឃើញកាបូបលុយ មិនថារបស់បុរស និងស្ត្រីយ៉ាងណាក៏ដោយនោះ អ្នកមិនគួររើសយកមកទុកនោះឡើយ។

កាបូបលុយ

២. គ្រឿងអលង្ការមានតម្លៃ (មើលទៅថ្លៃ)

អ្នកណាក៏ប្រហែលជាធ្លាប់បានឮហើយព័ត៌មានដែលឧស្សាហ៍មានអ្នកមកឆបោក រឿងមានមនុស្សម្នាក់ (អាចមួយក្រុម) រើសបានគ្រឿងមាស ឬពេជ្រ ហើយបបួលជនរងគ្រោះប្តូររបស់មានតម្លៃជាប់ខ្លួននោះ។

ឯករណីមួយទៀត ធ្វើឱ្យអ្នកបានឃើញរបស់មានតម្លៃជ្រុះនឹងដី ហើយនៅពេលអ្នករើសយកមកនឹងមានជនដទៃចេញមកថា បានឃើញដែរ រួចសុំអ្នកចែកចំណែកស្មើ ដោយឱ្យអ្នកដោះរបស់មានតម្លៃជាប់នឹងខ្លួនប្តូរនឹងរបស់នេះ តែការពិតរបស់ទាំងនោះជារបស់ក្លែងក្លាយ។

ទាំងនេះហើយជាហេតុផល ដែលអ្នកមិនគួរចាញ់ល្បិចចោរនោះទេ យកល្អឃើញរបស់មានតម្លៃនឹងដីមិនគួររើសឡើយ។

គ្រឿងអលង្ការមានតម្លៃ (មើលទៅថ្លៃ)

៣. កាសពាក់នឹងត្រចៀក

អ្នកបានដឹងរួចមកហើយថា ការប្រើប្រាស់របស់របររួមគ្នាដូចជា ច្រាស់ដុសធ្មេញ កន្សែងជូតខ្លួន រួមទាំងរបស់របរជាច្រើនទៀត មិនត្រូវប្រើរួមគ្នានោះឡើយ ព្រោះអាចធ្វើឱ្យឆ្លងមេរោគពីគ្នាទៅវិញទៅមក។ ចំណែកឯកាសសម្រាប់ស្តាប់នឹងត្រចៀកក៏ដូចគ្នាដែរ ដោយវាអាចឱ្យអ្នកឆ្លងជំងឺពីម្ចាស់មុនក៏ថាបាន។ ដូច្នេះគ្មានហេតុផលអ្វី ដែលអ្នកត្រូវរើសកាសស្តាប់ត្រចៀកពីតាមផ្លូវយកមកប្រើម្តងទៀតនោះឡើយ។

កាសពាក់នឹងត្រចៀក

៤. កាំបិត និងរបស់របរដែលបង្កគ្រោះថ្នាក់

អ្នកមិនត្រូវរើសរបស់របរដែលមានគ្រោះថ្នាក់ដូចជា កាំបិត កាំភ្លើង ឬរបស់របរដែលអាចបង្កជាគ្រោះថ្នាក់នៅតាមផ្លូវនោះទេ ប្រសិនជាអ្នកមិនចង់ទទួលរងការចោទប្រកាន់ណាមួយពីប៉ូលីស ព្រោះតែរបស់ទាំងនេះជារបស់មិនល្អ ដែលអាចបង្កការចាប់ខ្លួនពីបទឧក្រិដ្ឋកម្មផ្សេងៗជាដើម។

ចំណែកករណីមួយទៀតនោះ របស់ទាំងនោះអាចជារបស់ដែលពួកចោរ ឬពួកឧក្រិដ្ឋកម្មបន្សល់ទុក ដូច្នេះអ្នកអាចនឹងទទួលរងចោទប្រកាន់ជាមួយនឹងពួកគេដែរ ប្រសិនជាអ្នកបានប៉ះពាល់ ឬកាន់របស់ទាំងនោះ ដោយវាបណ្តាលមកពីការបន្សល់ស្នាមក្រយៅដៃរបស់អ្នក។

កាំបិត និងរបស់របរដែលបង្កគ្រោះថ្នាក់

៥. គ្រឿងអេឡិចត្រូនិច

ប្រសិនជាអ្នកបានរកឃើញឧបរករណ៍គ្រឿងអេឡិចត្រូនិកដែលអ្នកមិនស្គាល់ ឬចម្លែកនោះ អ្នកមិនគួរយកដៃទៅប៉ះពាល់ ឬកាន់នោះទេ ព្រោះវាអាចជារបស់ចោរកម្ម ឬបទឧក្រិដ្ឋ ក្នុងការប្រព្រឹត្តបទល្មើសផ្សេងជាដើម។ ដូច្នេះប្រសិនជាមិនចង់ពាក់ព័ន្ធ ឬចោទប្រកាន់ពីប៉ូលីសរហូតឈានទៅរកការចាប់ខ្លួន កុំរើសរបស់ទាំងនេះនៅតាមផ្លូវយកមកទុកឱ្យសោះ។

គ្រឿងអេឡិចត្រូនិច

៦. របស់របរ និងអាវុធជាតិផ្ទុះ

របស់របរដែលមានជាតិផ្ទុះ និងសង្ស័យថាមានគ្រោះថ្នាក់ដូចជា គ្រាប់បែក គ្រាប់មីន ឬអាវុធមានជាតិផ្ទុះផ្សេងៗ ដែលមានលក្ខណៈសង្ស័យនោះ អ្នកមិនត្រូវចូលទៅជិត យកដៃទៅប៉ះ ឬរើសយកមកទុកនោះទេ។ ជាពិសេស នៅកន្លែងដីវាលស្រែ ព្រៃ និងតំបន់កងទាហានជាដើម ព្រោះវាអាចបណ្តាលឱ្យអ្នកមានគ្រោះថ្នាក់បាន។

ដូច្នេះនៅពេលដែលអ្នកបានប្រទះនឹងរបស់សង្ស័យទាំងនោះ គួរតែប្រញាប់ទៅរាយការណ៍ទៅថ្នាក់មូលដ្ឋាន ឬអង្គភាពប្រឆាំងនឹងអាវុធជាតិផ្ទុះទើបជាការប្រសើរ។

របស់របរ និងអាវុធជាតិផ្ទុះ

៧. កាក់ ឬរបស់របរបុរាណ

នៅពេលដែលអ្នកបានប្រទះ ឬរកឃើញរបស់បុរាណអ្នកមិនត្រូវរើសមករក្សាទុកនោះឡើយ ព្រោះវាជាសម្បត្តិរបស់ជាតិដែលមានតម្លៃ បើមិនដូច្នេះទេអ្នកអាចនឹងត្រូវចោទប្រកាន់ពីបទលួច ឬប្លន់សម្បត្តិវប្បធម៌ជាដើម។ យកល្អនៅពេលដែលរកឃើញគួរតែរាយការណ៍ទៅក្រសួងវប្បធម៌ ឬខាងបេតិកភណ្ឌជាតិទើបជាការល្អ។

កាក់ ឬរបស់របរបុរាណ

៨. សឺរ៉ាំង/ម្ជុល ឬប្រដាប់ប្រដាពេទ្យ

អ្នកគួរតែដឹងហើយថា ពពួករបស់របរ ឬសម្ភារពេទ្យដូចជា សឺរ៉ាំង និងម្ជុលជាដើមប្រាកដជាប្រើប្រាស់សម្រាប់អ្នកជំងឺហើយ។ ដូច្នេះនៅពេលដែលឃើញវានៅតាមផ្លូវ ឬជ្រុះតាមទីកន្លែងណាមួយ អ្នកមិនត្រូវរើសយកមកទុក ឬចាប់កាន់ជាដាច់ខាត ព្រោះអ្នកអាចប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងមេរោគផ្សេងៗដូចជា មេរោគអេដស៍ និងរោគថ្លើមជាដើម។

សឺរ៉ាំង/ម្ជុល ឬប្រដាប់ប្រដាពេទ្យ

៩. ស៊ីមកាត

អ្នកមិនត្រូវរើសយកស៊ីមកាតទូរស័ព្ទចាស់ដែលរើសបាន យកមកប្រើប្រាស់ជាដាច់ខាត។ ក្នុងករណីដែលអ្នករើសយកស៊ីមកាតទូរស័ព្ទចាស់ ដែលរើសបានយកប្រើប្រាស់ អាចបង្កឱ្យអ្នកធ្លាក់ក្នុងសភាពគ្រោះថ្នាក់ ឬរងអំពើចោរកម្មផ្សេងៗជាដើម។

ដូចដែលអ្នកបានដឹង រួចមកហើយថា លេខទូរស័ព្ទជារបស់មួយដ៏សំខាន់នៅក្នុងទំនាក់ទំនងប្រចាំថ្ងៃ។ ដូច្នេះការដែលម្ចាស់មុនសម្រេចចិត្ត បោះបង់ប្រាកដជាមានបញ្ហាអ្វីមួយ ដែលអ្នកអាចប្រឈមមុខនឹងមានអ្នកទូរស័ព្ទមកទារបំណុល ចោទពីបទចោរកម្ម ចាប់ជំរិត និងឧក្រិដ្ឋកម្មផ្សេងៗជាច្រើនទៀត។

ស៊ីមកាត

១០. កូនសត្វ

ក្នុងអំឡុងអ្នកដើរលេង ឬដើរកម្សាន្តក្នុងព្រៃ នៅពេលអ្នកបានជួបនឹងកូនសត្វ បើទោះបីជាវាស្អាត និងគួរឱ្យស្រលាញ់យ៉ាងណាក៏ដោយ អ្នកមិនត្រូវរើសមក ឬយកមករក្សាទុកនោះឡើយ។ ព្រោះអ្នកអាចត្រូវចោទប្រកាន់ពីបទលបលួច និងសម្លាប់់សត្វព្រៃ ពីក្រុមអភិរក្សសត្វព្រៃ ឬអាចករណីមួយទៀតសត្វទាំងនេះអាចបង្កជាគ្រោះថ្នាក់សម្រាប់អ្នកផងដែរ៕   

កូនសត្វ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]