ខេត្តបន្ទាយមានជ័យ ៖ សពបុរសម្នាក់ត្រូវគេរកឃើញដោយសារក្លិនស្អុយ ហើយរលួយចូលជិតមិនបាន ក្រោយពីបាត់10ថ្ងៃមិនឃើញទៅធ្វើការ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅភូមិ សាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត កាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី២២ មិថុនា ២០១៨។
ជនរងគ្រោះឈ្មោះ ប្រប់ អាយុ៤៩ឆ្នាំ ជាកម្មករសំណង់ធ្វើការឲ្យក្រុមហ៊ុនកាស៊ីណូមួយ ស្នាក់នៅ ភូមិទួលប្រសាទ សង្កាត់ប៉ោយប៉ែត និងមានទីលំនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះបានចងកទៅនឹងដំបូលខ្ទមគេសង់ចោលមួយ ចំណុចដីទំនេរ និងសុទ្ធតែព្រៃ។ តាមកម្មកររួមអាជីព និងត្រូវជាក្មួយជនរងគ្រោះ ឈ្មោះ មឿន ភារម្យ ភេទប្រុស អាយុ៣៧ឆ្នាំ ប្រាប់ថា ជនរងគ្រោះបាត់ពីកន្លែងធ្វើការកាលពីយប់ ថ្ងៃទី១២ មិថុនា លុះល្ងាចថ្ងៃនេះទើបដឹង ខណៈគេប្រាប់ថា មានមនុស្សចងក។ បុរសខាងលើប្រាប់ថា ជនរងគ្រោះជាបុរសពោះម៉ាយយូរឆ្នាំមកហើយ ហើយថាករណីចងកនេះអាចបណ្តាលមកពីខឹង នឹងចៅជីដូនត្រូវជាកូនប្អូនរបស់សពទិញនាឡិកា និងទូរស័ព្ទឲ្យ បែរជាមិនយកហើយទារយកម៉ូតូ។
សពរងគ្រោះតាមពិតគ្មានអ្នកណាចូលជិតបានទេ ព្រោះយូរថ្ងៃ ហើយក៏រលួយមើលលែងយល់ផងដែរ។ សមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងគ្រូពេទ្យជំនាញបានចុះដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច្ច័យ។ ជាលទ្ធផលបញ្ជាក់ថាជនរងគ្រោះ ពិតជាធ្វើអត្តឃាតចងកដោយខ្លួនឯង។ សពត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកនៅវត្តបាលិលេយ្យដើម្បីរង់ចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]