ចិន៖ លោកតាវ័យចំណាស់ជនជាតិចិនម្នាក់ បានរងរបួសរូបរាងកាយយ៉ាងដំណំ បន្ទាប់ពីត្រូវបានប៉ូលិសខាងសណ្ដាប់ធ្នាប់ ចិត្តដ៏សែនឃោរឃៅម្នាក់ ចុះមកប្រើហិង្សាវាយតប់ដូចសត្វធាតុ ក្រោយខឹងនឹងលោកតាខាងលើ លក់តាមចិញ្ចើមផ្លូវ បង្កមានការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ហេតុការណ៍បង្កហិង្សាយ៉ាងព្រៃផ្សៃនេះ បានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ នៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Taiyuan ខេត្ត Shanxi ប្រទេសចិន។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយលើបណ្តាញសង្គម គឺបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់មន្រ្តីប៉ូលិសខាងសណ្ដាប់ធ្នាប់ គ្រប់គ្រងនៅក្នុងតំបន់ម្នាក់ (ឬគេតែងហៅថា Chengguan (城管)) បានស្ទុះទៅវាយបុរសចំណាស់រងគ្រោះ ដែលជាអ្នកលក់ផ្លែឈើតាមចិញ្ចើមផ្លូវម្នាក់ ដោយប្រើខ្សែតីវ័ធយ៉ាងចាស់ដៃ បណ្តាលឲ្យដួលបះជើង ខណៈមានមនុស្សម្នា និងអ្នកដំណើរជាច្រើន បាននាំគ្នាចោមរោមមើលទាំងស្លុតចិត្ត ដែលនេះប្រៀបីដូចជាការរំលោភបំពាន ស្ថិតក្នុងរូបភាពដែលសង្គមមិនអាចទទួលយកបាន។

ត្រង់ឈុតមួយក្នុងវីដេអូឃ្លីប គេក៏ឃើញមានមន្រ្តីប៉ូលិសខាងសណ្ដាប់ធ្នាប់ម្នាក់ទៀត បានព្យាយាមចាប់ឃាត់ប៉ូលិសចិត្តខ្មៅខាងលើនេះដែរ ប៉ុន្តែស្ថានការណ៍ហាក់មិនបានប្រសើរឡើង ដោយសារតែ កំហឹងកំពុងតែជះខ្លាំង។

បើទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុ ប្រភពបានឲ្យដឹងថា មន្រ្តីនគរបាលនៅក្នុងតំបន់ ក៏បានប្រកាសជាសាធារណៈថា មន្រ្តីប៉ូលិសដែលបានបង្កហិង្សាធ្ងន់ធ្ងរ ទៅលើបុរសចំណាស់ជាអ្នកលក់ផ្លែឈើខាងលើនោះ ទីបំផុតត្រូវបានសម្រេចព្យួរពីមុខតំណែង ពិន័យជាប្រាក់ ៥០០យ័ន (ប្រហែលជិត ៨០ដុល្លារ) និងត្រូវជាប់ឃុំខ្លួនរយៈពេល ១០ថ្ងៃ (តាមច្បាប់របស់ប្រទេស) ខណៈដែលការស៊ើបអង្កេត ក៏កំពុងតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៀតផងដែរ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គម Weibo របស់ចិនច្រើន ក៏បានសម្ដែងការរិះគន់ខឹងសម្បា និងថ្កោលទោសយ៉ាងខ្លាំង ទៅលើសកម្មភាពហិង្សា ពីសំណាក់មន្រ្តីប៉ូលិសសណ្តាប់ធ្នាប់ខាងលើនេះ ហើយពួកគេក៏សង្ឃឹមយ៉ាងមុតមាំដែរថា ករណីមួយនេះ នឹងនៅតែបន្តបើកការស៊ើបអង្កេតឲ្យដល់ទីបំផុត ដើម្បីចាត់ការដាក់ទោសឲ្យធ្ងន់.ក ចំពោះទង្វើរំលោភបំពាន និងបង្ករបួសស្នាមរបស់ប៉ូលិសរបស់រូបនេះផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

ទស្សនាវីដេអូកន្លងៗទៅ នៃសកម្មភាពរបស់ក្រុមមន្រ្តីសណ្តាប់ធ្នាប់ប្រចាំតំបន់ ក្នុងប្រទេសចិន ចាត់ការទៅលើអ្នកលក់ដូរតាមចិញ្ចើមផ្លូវខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]