ជំងឺថ្លើមជាជំងឺដ៏កាចសាហាវហើយវាអាចសម្លាប់អ្នកបានលឿនជាងជំងឺដទៃទៀត។ ដើមហេតុនៃជំងឺនេះ អាចបណ្តាលមកពីកត្តាជាច្រើន ដូចជារបៀបរបបរស់នៅ លក្ខខណ្ឌសុខភាព និងមេរោគ ជាដើម។ ប៉ុន្តែការយល់ដឹងជាមុនអំពីបញ្ហានៃជំងឺនេះ អាចដាស់តឿន និងពញ្ញាក់ស្មារតីអ្នកដើម្បីការពារអ្នកពីការវិវឌ្ឍនៃជំងឺនេះ។

ដូច្នេះ ខាងក្រោមនេះ អ្នកនឹងបានយល់ដឹងអំពីមូលហេតុទាំង៥យ៉ាង ដែលអាចធ្វើឲ្យអ្នកវិវឌ្ឍទៅរកជំងឺថ្លើម។ 

១. ធាត់លើសទម្ងន់

បញ្ហាធាត់លើសទម្ងន់ អាចបង្កើនហានិភ័យនៃជំងឺថ្លើមដែលបង្កមកពីជាតិខ្លាញ់។ រាល់ម្ហូបអាហារដែលយើងបរិភោគហើយខ្លួនប្រាណយើងពុំបានប្រើប្រាស់ជាថាមពលគ្រប់គ្រាន់  វានឹងស្តុកទុកចោលក្នុងទំរង់ជាខ្លាញ់នៅតាមជុំវិញបេះដូង ក្បាលពោះ និងជាពិសេស ថ្លើមនេះឯង។ សម្រាប់មនុស្សមួយចំនួន បញ្ហាជាតិរុំថ្លើម អាចវិវឌ្ឍទៅជាជំងឺក្រិនថ្លើមដែលជាដំណាក់កាលគ្រោះថ្នាក់ដល់អាយុជីវិត។ 

រូបតំណាង

២. ហូបសុរាលើសបរិមាណកំណត់

អ្នកមានដឹងទេថា ការផឹកសុរា ឬគ្រឿងស្រវឹងក្នុងបរិមាណមួយតិចតួចសមរម្យ មានអត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់យើង។  តែការផឹកលើសចំណុះរបស់វា នឹង អាចសម្លាប់អ្នកបានបើបន្តជាទម្លាប់យូរទៅ។ នៅពេលយើងផឹក ថ្លើមបានបំលែងជាតិអាល់កុលទៅជាសារធាតុមួយប្រភេទដែលងាយឲ្យខ្លួនប្រាណធ្វើការលាងសម្អាត និងបញ្ចេញវាចោលនៅតម្រងនោម។  សារធាតុនេះតិចតួចមិនបង្កជាបញ្ហាឡើយ តែបើស្ថិតក្នុងបរិមាណមួយដ៏ច្រើន  គឺវាជាជាតិពុលសម្រាប់សរីរាង្គយើងទៅវិញ ហើយជាពិសេសកោសិកាថ្លើមនេះឯង។ ការផឹកច្រើនលើសកំណត់បែបនេះ អាចឲ្យអ្នកកើតជំងឺថ្លើម ក្រិនថ្លើម និងករណីខ្លះអាចបែកកោសិកាថ្លើមទៀតផង។

រូបតំណាង

៣. ការឆ្លងមេរោគ

វីរុសនៃជំងឺថ្លើមប្រភេទ A, B និង C អាចបង្កឲ្យមានជំងឺថ្លើមរយៈពេលខ្លីដែលអាចព្យាបាលជា  តែជំងឺថ្លើមរុំារ៉ៃពិបាកខ្លាំងក្នុងការព្យាបាល។

កត្តាជាច្រើនដែលជាដើមហេតុនៃហានិភ័យជំងឺនេះ មានដូចជា ការប្រើប្រាស់ម្ជុលរួមគ្នា  រស់នៅតំបន់ដែលការគ្រប់គ្រងអនាម័យចំណីអាហារនិងទឹកពុំបានត្រឹមត្រូវល្អ  ការខ្វះអនាម័យខ្លួនប្រាណ  ជាពិសេសការរួមភេទដោយពុំបានការពារ។

រូបតំណាង

៤. ជំងឺមហារីក

ជំងឺមហារីកថ្លើម អាចបង្កឡើងមកពីកោសិកាមហារីកពីសរីរាង្គដទៃទៀត តាមរយៈប្រព័ន្ធរបត់ឈាម។ តែភាគច្រើនជំងឺមហារីកថ្លើម ធ្វើការវិវឌ្ឍមកពីជំងឺថ្លើមដែលមានស្រាប់ដូចជាក្រិនថ្លើម  ជំងឺថ្លើមបង្កដោយវីរុស  ជំងឺថ្លើមបង្កដោយខ្លាញ់ ជាដើម។ ការជួបវេជ្ជបណ្ឌិត និងធ្វើរោគវិនិច្ឆ័យទាន់ពេល អាចព្យបាលនិងការពារអាយុជីវិតលោកអ្នកបាន។ 

ដុំមហារីក

៥. បញ្ហាហ្សែន

មនុស្សមួយចំនួន អភ័ព្វកើតមកនាំយកជាមួយហ្សែនលុប ដែលកំណត់លក្ខណៈកើតជំងឺថ្លើម  ព្រោះខ្លួនប្រាណមិនបានធ្វើការសំយោគនូវប្រូតេអ៊ីនពិសេសម្យ៉ាងការពារថ្លើមពីការខូចខាត។ ហេតុនេះវាធ្វើឲ្យបុគ្គលនោះងាយនឹងកើតជំងឺថ្លើម។

រោគសញ្ញា អាចនឹងបង្ហាញចេញមកនៅពេលជាទារក ឬ រហូតដល់ជិតអាយុ ៤០ ទៅ៥០ឆ្នាំក្រោយ៕

ច្រវ៉ាក់DNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]