កាណាដា៖ អ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះថា ប្រាក់ដែលគេត្រូវចំណាយដើម្បីទាញយកឧស្ម័នផ្ទះកញ្ចក់ពីបរិយាកាស នឹងធ្លាក់ចុះយ៉ាងខ្លាំង បើរួមផ្សំជាមួយបច្ចេកវិទ្យាថ្មីៗដែលអាចប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្ដូរអាកាសធាតុបាន។

ក្រុមហ៊ុនថាមពលស្អាតដែលមានទីតាំងនៅក្នុងប្រទេសកាណាដា Carbon Engineering បានបង្កើតគំរូរោងចក្រដ៏ធំសម្រាប់ទាញយកកាបូនឌីអុកសុីតពីបរិយាកាស ដែលអាចកាត់បន្ថយប្រាក់ដែលគេចំណាយមកសល់ត្រឹមពី ២៣២ដុល្លារ ទៅ៩៤ដុល្លារក្នុងមួយតោនបាន។

រូបតំណាងរោងចក្រទាញយកកាបូន

ស្ថាបនិកនៃក្រុមហ៊ុននេះ លោក David Keith បាននិយាយថា តម្លៃនេះគឺតិចជាងអ្វីដែលគេបានរំពឹងទុកមុនទៅទៀត ដែលគេបានរំពឹងថាប្រាក់ដែលត្រូវចំណាយនឹងធ្លាក់ចុះទាបបំផុតបានត្រឹម ៦០០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ។

លោកបាននិយាយថា «ខ្ញុំសង្ឃឹមថាគេនឹងអាចមើលឃើញថានេះ គឺជាបច្ចេកវិទ្យាដ៏ប្រសើរសម្រាប់បង្កើតថាមពល ហើយមិនមែនគ្រាន់តែជាមហិច្ឆតាដ៏ធំមួយនោះទេ ក៏ប៉ុន្តែវាគឺជារឿងមួយដែលយើងប្រាកដជាអាចធ្វើទៅបាន»។ 

រោងចក្រទាញយកកាបូន

ក្រុមហ៊ុន Carbon Engineering ដែលមានបុគ្គលិកត្រឹម ៤០នាក់ប៉ុណ្ណោះបានទាញយកកាបូនឌីអុកសុីតមួយតោន ក្នុងមួយថ្ងៃដោយប្រើរោងចក្រពិសោធន៍របស់គេ។ បច្ចេកវិទ្យាដែលគេប្រើដើម្បីសំយោគប្រេងឥន្ធនៈគឺត្រូវការត្រឹមតែខ្យល់ ទឹក និងថាមពលតែប៉ុណ្ណោះ។

លោក Keith បាននិយាយថារោងចក្រទាញយកកាបូនខ្នាតធំនឹងអាចបង្កើតប្រេងឥន្ធនៈតម្លៃ ១ដុល្លារក្នុងមួយលីត្របាន។ ហើយនេះគឺសំខាន់ណាស់សម្រាប់រដ្ឋជាច្រើននៅសហរដ្ឋអាមេរិកដូចជា California ជាដើម ដែលតម្លៃប្រេងឥន្ធនៈត្រូវបានគេដំឡើងថ្លៃ ក្នុងបំណងកាត់បន្ថយការបញ្ចេញផ្សែងពុលដោយសាររថយន្តផ្សេងៗ។

រោងចក្រទាញយកកាបូនខ្នាតធំនឹងអាចទាញយក កាបូនឌីអុកសុីតពីបរិយាកាសបានមួយលានតោនក្នុងមួយឆ្នាំ ដែលនេះស្មើទៅនឹងការបញ្ចេញដោយរថយន្ត ២៥០ ០០០គ្រឿងឯណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]