អាហ្សង់ទីន៖ ក្រោយពីក្រុមជម្រើសជាតិអាហ្សង់ទីន ប្រកួតបានត្រឹមស្មើគ្នាជាមួយក្រុមអុីស្លង់ក្នុងលទ្ធផល ១-១ រួចមក កីឡាករ Lionel Messi បានក្លាយជាប្រធានបទនៃការរិះគន់យ៉ាងខ្លាំង។ 

ទោះជាយ៉ាងណាលោកស្រី Celia María Cuccittini ម្តាយរបស់កីឡាករ Messi បានប្រាប់ទៅកាន់អ្នករិះគន់ទាំងនោះថា ឲ្យធ្វើរឿងមួយនេះសិនមុននឹងរិះគន់កូនប្រុសរបស់លោកស្រី។

លោកស្រី Celia María Cuccittini ម្តាយរបស់ Messi
Lionel Messi ស៊ុតប៉េណាល់ទីអត់ចូល

លោកស្រី Celia María Cuccittini បាននិយាយថា កូនប្រុសរបស់លោកស្រី ធ្លាប់បានគេបង្ខំឱ្យលាឈប់ពីក្រុមជម្រើសជាតិម្តងរួចមកហើយ អំឡុងពេលចាញ់ក្នុងពាន Copa America ឆ្នាំ២០១៦ នៅពេលដែលគេស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល ប៉ុន្តែថ្មីៗគេក៏មានការរិះគន់ម្តងទៀត ជុំវិញរឿងដែលខ្សែប្រយុទ្ធរូបនេះស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូល ពេលប៉ះក្រុមអុីស្លង់ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ម្តងទៀតនោះ។

ស្រ្តីវ័យ ៥៨ ឆ្នាំរូបនេះបានពន្យល់នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍លេខ ១៣ របស់ប្រទេសអាហ្សង់ទីនថា៖ «សម្រាប់អ្នកដែលរិះគន់កូនប្រុសខ្ញុំ ពួកគេគួរតែគិតអំពីបញ្ហារបស់កូនប្រុសខ្ញុំផង ព្រោះគេជាប្រធានក្រុុមជម្រើសជាតិ គេមានតួនាទីជាច្រើននៅក្នុងក្រុមនិងជាពិសេសគេជាអ្នកជួយក្រុម គេមិនមែនជាអ្នកឈរចាំស៊ុតដូចដែលអ្នករាល់គ្នាបានឃើញគេស្រាប់»។

Lionel Messi

លោកស្រីក៏បានបន្ថែមថា៖ «កូនប្រុសខ្ញុំ គេតែងតែឈរយំ នៅពេលដែលគេស៊ុតមិនចូលទីគេម្តងៗ  ព្រោះគេតែងតែប្រាប់ខ្ញុំថាគេចង់ជួយក្រុមរបស់គេឲ្យឈ្នះគ្រប់ការប្រកួត និងចង់ជួយឲ្យមិត្តរួមក្រុមរបស់គេបានក្លាយជាកីឡាករល្អផងដែរ។ តែពួកគេនៅតែមិនយល់សោះពួកគេគិតតែពីរិះគន់ មិនគិតដល់ទឹកចិត្តកូនប្រុសខ្ញុំពេលគេនៅលើទីលានម្តងណាឡើយ»។

គួរបញ្ជាក់ផងដែរថា ក្តីសុបិន្តរបស់ Messi គឺរូបគេចង់ជួយឲ្យក្រុមជើងឯករងកាលពីឆ្នាំ ២០១៤ មួយនេះបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនេះម្តងទៀត ហើយវាជាគោលដៅមួយដែលគេចង់បានបំផុតសម្រាប់ព្រឹត្តិការណ៍លើកនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]