(កំពង់ធំ)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនាំវរសេនីយ៍ឯក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ, មន្រ្តីនគរបាលកោសល្យវិច្ច័យ ពេទ្យយុត្តិធម៌ និងជាអាជ្ញាធរ រួមទាំងកងកម្លាំងជាច្រើននាក់ ចូលរួមគាស់ផ្នូរយកសពស្រ្តីម្នាក់ ដែលមានការសង្ស័យថា ត្រូវប្តីសម្លាប់ចោល ដើម្បីពិនិត្យបំបែកសំណុំរឿងដ៏អាថ៍កំបាំង ដើម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះ ស្ថិតតំបន់អូកូត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

លោក អ៊ិត សុធា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រាប់ភ្នាកងារព័ត៌មាន Fresh News ថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានឃើញសកម្មភាពមិនប្រក្រតី របស់ជនសង្ស័យ ដែលបានអូសសាកសពពីខ្ទមមកកប់ ស្របពេលដែ​លគេធ្លាប់ឃើញដើរជារៀងរាល់ថ្ងៃ។ ក្រោយពីបាត់ក៏មានការសង្ស័យ ក៏បានរាយការណ៍មក អធិការ និងសុំយោបល់ពីលោក ហើយបាន បញ្ជាឲ្យសមត្ថកិច្ចមានចុះពិនិ​ត្យទីតាំងសង្ស័យកប់សាកសព ហើយឲ្យឃាត់ខ្លួនជនសង្ស័យទុកសិន។ ករណីនេះសង្ស័យបានអះអាងថា ប្រពន្ធរបស់ខ្លួនបានចងកសម្លាប់ខ្លួន ទើបខ្លាចអ្នកភូមិមិនជឿក៏បានយកសាកសពទៅកប ក្រោយពីគាស់ផ្នូរពិនិត្យរួច លទ្ធផលបានបញ្ជាក់ថា ជាករណីឃាតកម្មដោយគិតទុកជាមុន ពោលជនរងគ្រោះ ត្រូវបានប្តីសម្លាប់មែន។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះ អន លិក អាយុ៥៣ ដែលបច្ចុប្បន្នរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានមកធ្វើចំការនៅតំបន់អូកូត ភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ ទីតាំងកើតហេតុ ហើយបានស្គាល់គ្នាជាមួយជនរងគ្រោះ ឈ្មោះ ធា អាយុ៣៨ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង តា​មទូរស័ព្ទ ហើយក៏មករួមរស់ជាមួយគ្នា រយៈពេល២ឆ្នាំមកហើយ ដោយសារតែជនសង្ស័យជាប្តី ភូតកុហកថា ខ្លួនជាបុរសពោះម៉ាយ រស់នៅម្នាក់ឯង។ ពេលកំពុងរស់នៅជាមួយគ្នានោះ ស្រាប់តែប្រពន្ធដើម បានមកចំការ ទើបបែកថា ជារឿងភូតកុហក ហើយស្រ្តីរងគ្រោះរករឿង ឈ្លោះប្រកែកគ្នា និងបានគំរាមថា នឹងសម្លាប់ខ្លួន ដើម្បីឲ្យប៉ូលិសចាប់ជនសង្ស័យដាក់គុក។

ជនសង្ស័យដោយមានការធុ​ញទ្រាន់នឹងសំដីរបស់ស្រ្តីរងគ្រោះជេរដដែលៗ ក៏បានយកខ្សែអង្រឹងមករឹតក ស្រ្តីរងគ្រោះ ខណៈកំពុងដេកបណ្តាលឲ្យដាច់ខ្យលស្លាប់ភ្លាមៗ ហើយយកខ្សែចងដៃ ចងជើង រួចយកខ្សែអង្រឹងទាក់ក អូសយកទៅកប់ នៅក្បែរខ្ទមចំការប្រមាណ៦០ម៉ែត្រមាត់អូ។ ជនសង្ស័យបានជីកដីកប់សាកសពជំរៅប្រមាណ ជិតមួយម៉ែត្រ ដោយរុំនឹងភួយ ដាក់ស្បែកជើងក្នុងផ្នូរ រួចហើយកាប់ដីឱ្យស្មើ រួមទាំងដាក់មែកឈើចាស់ និងកាប់បែកឈើថ្មីដាក់ពីលើ ចំណុចកប់សាកសពដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះធា ពុំមានសាច់ញាតិ បងប្អូន នោះទេ ក្រោយពីគាស់សាកសព លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឱ្យតាអាចារ្យ និងប្រជា​ពលរដ្ឋ រួមគ្នា យកសាកសព​បូជា ដោយលោកជាអ្នកចេញថ្លៃបូជាសព និងឲ្យជំនាញស្រាវជ្រាវរកបងប្អូនមកទទួលយកឆ្អឹង សាកសពជន រងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលតុលាការខេត្តកំពង់ធំ គាស់ផ្នូរសាកសព យកមកពិនិត្យកោសល្យវិច្ឆ័យ ដើម្បីបំបែកសំណុំរឿងអាថ៍កំបាំង ក្នុងករណីឃាតកម្ម ដោយគិតទុកជាមុន លទ្ធផលដែលបាន ពុះជ្រៀកសំណុំរឿងដ៏សែនអយុត្តិធម៌ ត្រូវបានរកឃើញ មុខឃាតករពិតប្រាកដ និងត្រូវបានផ្តន្ទាទោសតាមច្បាប់ រកយុត្តិធម៌ជូនជនរងគ្រោះទាំង២ករណីតែម្តង៕

ជនដៃដល់ ជាប្តី
ជនដៃដល់ ជាប្តី ប្រាប់កន្លែងកប់សាកសព
ជនដៃដល់ ជាប្តី ប្រាប់កន្លែងកប់សាកសព
ជនដៃដល់ ជាប្តី ប្រាប់កន្លែងកប់សាកសព
សាកសពប្រពន្ធ
រូបថត ជនរងគ្រោះ ជាប្រពន្ធ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]