ពាក្យថាប្តូរទីលំនៅ (ផ្ទះ) វាមិនមែនជារឿងងាយស្រួលនោះឡើយ ថែមទាំងមានផលវិបាកក្នុងការធ្វើឯកសារ និងរៀបចំអីវ៉ាន់ផ្សេងៗជាដើម ចុះទម្រាំតែប្តូរលំនៅដ្ឋានទៅដល់ក្រៅប្រទេសនោះ?

ជាការពិតណាស់ ពេលខ្លះជីវិតយើងប្រែប្រួលមិនទៀងឡើយ អ្នកអាចនឹងមានឱកាស បានទៅសិក្សា ឬទៅរស់នៅក្រៅប្រទេសកំណើតរបស់ខ្លួនដោយឥតព្រៀងទុកជាដើម ដូច្នេះអ្វីដែលអ្នកគួរតែធ្វើនោះ គឺត្រៀមលក្ខណៈសម្បត្តិគ្រប់យ៉ាង នៅក្នុងដំណើរជីវិតថ្មីដ៏វែងឆ្ងាយនៅក្នុងប្រទេសដែលអ្នកមិនធ្លាប់រស់នៅ។

ក្រៅពីរត់ឯកសារ និងលិខិតស្នាមផ្សេងៗនោះ ថ្ងៃនេះយើងនឹងលើកយកចំណេះដឹង និងរឿងសំខាន់ៗទាំង៨យ៉ាង ដែលអ្នកត្រូវតែធ្វើជាដាច់ខាតមុននឹងប្តូរទៅរស់នៅក្រៅប្រទេស៖

រឿងសំខាន់ត្រូវធ្វើមុនប្តូរទៅរស់នៅក្រៅប្រទេស

១.ស្វែងរក និងសាកសួរតម្លៃផ្ទះ

អ្វីដែលត្រូវគិតមុនគេបង្អស់គឺកន្លែងស្នាក់នៅតែម្តង ព្រោះបើមិនបានត្រៀមខ្លួនមុនទេ ក៏មិនដឹងថាស្នាក់នៅឯណាដែរ ព្រោះវាជាការស្នាក់នៅរយៈពេលយូរ ហើយក៏មិនអាចស្នាក់នៅសណ្ឋាគារបានរហូតនោះដែរ។ ដូច្នេះជំហានដំបូងអ្នកអាចស្វែងរកទិន្នន័យ និងតម្លៃផ្ទះនៅក្នុងតំបន់ដែលអ្នកនឹងត្រូវទៅរស់នៅ ថាមានតម្លៃប៉ុន្មានខ្លះដែលអ្នកអាចមានលទ្ធភាពទិញ ឬបើពិបាកអ្នកអាចជួលផ្ទះក្នុងតម្លៃសមរម្យស្នាក់នៅក៏បានដែរ។ បន្ទាប់មកអ្នកអាចកក់ប្រាក់ និងរៀបចំឯកសារឱ្យបានរួចរាល់ ពេលទៅដល់ប្រទេសក្រៅអ្នកអាចចូលទៅរស់នៅតែម្តង។

ស្វែងរក និងសាកសួរតម្លៃផ្ទះ

២.ស្វែងរកមិត្តថ្មីៗនៅក្នុងបណ្តាញសង្គម ឬអនឡាញ (Online)

ការផ្លាស់ប្តូរទីលំនៅពីប្រទេសកំណើត ទៅកាន់ប្រទេសដទៃប្រៀបបីដូចជាការសាងជីវិតថ្មីម្តងទៀតយ៉ាងអីចឹងដែរ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើនោះ គឺស្វែងរកមិត្តថ្មីៗជាមុនសិននៅក្នុងប្រទេសដែលអ្នករស់នៅ ដើម្បីអាចជួយសម្រួល និងណែនាំដល់ការរស់នៅនៅទីនោះផង និងជាមិត្តកុំឱ្យអ្នកឯកាផងដែរ។ ដោយក្នុងបច្ចុប្បន្នការស្វែងរកមិត្តថ្មីៗនៅក្រៅប្រទេសមិនមែនជាបញ្ហាធំនោះឡើយ មិនខ្វះទេបណ្តាញសង្គម ឬតាមរយៈកម្មវិធីអនឡាញជាដើមនោះ។

ស្វែងរកមិត្តថ្មីៗនៅក្នុងបណ្តាញសង្គម ឬអនឡាន (Online)

៣.ស្វែងយល់ពីមធ្យាបាយធ្វើដំណើរ

មែនហើយការធ្វើដំណើរជារឿងមួយដ៏សំខាន់ខ្លាំងណាស់ដែរ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ នៅលើទឹកដីថ្មីមិនដូចប្រទេសកំណើតដែលអ្នករស់នៅឡើយ ជាពិសេសពេលខ្លះអ្នកក៏មិនអាចមានលទ្ធភាពទិញយានជំនិះសម្រាប់ប្រើប្រាស់នោះដែរ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺស៊ើបសួរ ឬស្វែងរកព័ត៌មានផ្សេងៗពីមធ្យាបាយធ្វើដំណើររបស់ប្រទេសដែលអ្នករស់នៅ ថាតើភាគច្រើនប្រជាជននៅក្នុងប្រទេសនោះគេធ្វើដំណើរដោយអ្វី? និងធ្វើដំណើរតាមណាមានភាពងាយស្រួល ព្រមទាំងមានតម្លៃថោក? តើគួរតែប្រើប្រាស់មធ្យោបាយសាធារណៈតាមឡានក្រុង រថភ្លើង ឬក៏ជិះឡានតាក់ស៊ី? នៅពេលដែលអ្នកបានដឹងពីទិន្នន័យទាំងនេះហើយ អ្នកប្រាកដជាមានភាពងាយស្រួលពេលអ្នកទៅដល់ប្រទេសនោះភ្លាម អាចមានលទ្ធភាពហៅយានជំនិះដោយខ្លួនឯង ថែមទាំងសម្រួលដល់ការរស់នៅប្រចាំថ្ងៃទៀតផង។

ស្វែងយល់ពីមធ្យាបាយធ្វើដំណើរ

៤.ស្គាល់ពីរូបិយបណ្ណរបស់ប្រទេសដែលអ្នករស់នៅ

ប្រទេសនីមួយៗតែងតែមានរូបិយបណ្ណខុសៗពីគ្នា ឯអត្រាការប្តូរប្រាក់ក៏ខុសគ្នាដែរ ដោយអ្នកមិនអាចប្រើប្រាស់លុយនៅក្នុងប្រទេសរបស់អ្នកក្នុងប្រទេសដទៃទៀតឡើយ។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺអ្នកត្រូវដឹងថាប្រទេសដែលអ្នកនឹងរស់នៅចាយលុយអ្វី? បន្ទាប់មកអ្នកអាចប្តូរប្រាក់របស់អ្នកទាំងអស់ជាក្រដាសប្រាក់ដែលប្រើក្នុងប្រទេសដែលអ្នកប្តូរទៅនៅ ដើម្បីងាយស្រួលក្នុងការចាយវាយបន្ទាន់។

ស្គាល់ពីរូបិយបណ្ណរបស់ប្រទេសដែលអ្នករស់នៅ

៥.រៀនភាសា

រឿងភាសានេះក៏ជារឿងមួយដ៏សំខាន់ចាំបាច់ដែលអ្នកត្រូវរៀនដែរ ព្រោះវាពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ និងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដែលមិនអាចខ្វះបាន។ ដូច្នេះមុននឹងប្តូរទៅរស់នៅក្រៅប្រទេសអ្នកត្រូវសិក្សាពីភាសាដែលត្រូវប្រើក្នុងប្រទេសដែលអ្នករស់នៅជាមុនសិន ហើយម្យ៉ាងទៀតទោះបីជាភាសាអង់គ្លេសជាភាសាដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោកយ៉ាងណាក៏ដោយ តែវាក៏មានសំនៀង និងការប្រើប្រាស់ខុសពីគ្នាបន្តិចបន្តួចតាមប្រទេសនីមួយៗដែលអ្នកត្រូវស្វែងយល់ឱ្យច្បាស់ជាមុនសិន។

រៀនភាសា

៦.ម្ហូប និងរបៀបរបបហូបចុក

ជាការពិតណាស់ប្រទេសថ្មី ការរស់នៅក៏ថ្មីហើយប្លែក ឯរឿងចំណីអាហារក៏ជារឿងមួយដែលអ្នកត្រូវយល់ដឹងដែរ ហើយពេលខ្លះវាក៏ពិបាកនឹងឱ្យអ្នកទម្លាប់ខ្លួន ព្រោះធម្មតាប្រទេសផ្សេងគ្នារបៀបរបបការហូបចុកក៏ខុសគ្នា។ ដូច្នេះអ្នកអាចសិក្សាជាមុន ពីរបៀបរស់នៅ និងអាហារជាប្រចាំរបស់ប្រទេសដែលអ្នកនឹងទៅរស់នៅជាមុនសិន ដើម្បីឱ្យដឹងថាអ្នកត្រូវញាំអ្វីពេលរស់នៅទីនោះ អ្វីដែលសំខាន់គឺដើម្បីធ្វើការត្រៀមលក្ខណៈ និងព្យាយាមសម្របខ្លួនឱ្យហើយនឹងចំណីអាហារថ្មីសម្រាប់អ្នក។

ម្ហូប និងរបៀបរបបហូបចុក

៧.បិទគណនីធនាគារ ឬដកលុយចេញឱ្យអស់

ដូចដែលបានរៀបរាប់ខាងលើ ការប្តូរទៅលំនៅទោកាន់ប្រទេសផ្សេង ប្រៀបបីដូចជាការប្រើប្រាស់ជីវិតថ្មីលើទឹកដីថ្មី ដូច្នេះអ្វីដែលអ្នកត្រូវចាត់ការដើម្បីកុំឱ្យមានបញ្ហានៅពេលក្រោយនោះ គឺទ្រព្យផ្ទាល់ខ្លួន ជាពិសេសគឺគណនី និងលុយនៅក្នុងធនាគារជាដើម។ របស់ដែលអាចលក់បានក៏លក់ របស់ដែលត្រូវផ្ទេរទៅឱ្យសាច់ញាតិបានក៏គួរតែធ្វើ ហើយប្រាក់ដែលតំកល់នៅក្នុងធនាគារគួរតែដកចេញឱ្យអស់ពីធនាគារក្នុងស្រុកក៏បាន ឬក៏អាចផ្ទេរទោកាន់គណនីធនាគារដែលអាចប្រើប្រាស់នៅក្នុងប្រទេសដែលអ្នកនឹងត្រូវរស់នៅក៏បាន។

បិទគណនីធនាគារ ឬដកលុយចេញឱ្យអស់

៨.រក្សាទំនាក់ទំនងជាមួយនឹងគ្រួសារ និងមិត្តភក្តិនៅប្រទេសកំណើត

បើទោះបីជាត្រូវសាងជីវិតថ្មី និងរស់នៅក្នុងប្រទេសដទៃយ៉ាងណាក៏ដោយ ក៏មិនមែនបានន័យថាអ្នកត្រូវផ្តាច់ខ្លួនពីក្រុមគ្រួសារ និងមិត្តភក្តិដែលនៅក្នុងប្រទេសពីប្រទេសកំណើតរបស់អ្នកដែរ ។ ហើយក្នុងសម័យនេះមានមធ្យោបាយងាយស្រួលច្រើនយ៉ាងណាស់ ដែលអាចឱ្យអ្នករក្សាទំនាក់ទំនងជាមួយពួកគេបាន ដូចជាតាមរយៈបណ្តាញសង្គម ឬការនិយាយទូរស័ព្ទជាដើម។ ការធ្វើបែបនេះអ្នកនឹងមិនសូវនឹករលឹកទៅកាន់ស្រុកកំណើត ថែមទាំងធ្វើឱ្យចិត្តរីករាយមិនសូវឯកាផងដែរ៕  

រក្សាទំនាក់ទំនងជាមួយនឹងគ្រួសារ និងមិត្តភក្តិនៅប្រទេសកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]