អាហ្រ្វិកខាងត្បូង៖ ពិធីមង្គលការមួយនៅឯ អាហ្រ្វិកខាងត្បូង ត្រូវបានបង្អាក់ ក្រោយនារីដែលជាអតីតសង្សាររបស់កូនកម្លោះ បានបន្លំខ្លួនគ្រងឈុតកូនក្រមុំ ចូលមកអុកឡុកនៅក្នុងពិធី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវជាច្រើនដែលបានចូលរួម។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុកាលពីពេលថ្មីៗកន្លងទៅនោះ នារីដែលត្រូវបានគេស្គាល់ថា ជាអតីតសង្សាររបស់កូនកម្លោះ មិនស្គាល់អត្តសញ្ញាណខាងលើ ត្រូវបានគេរាយការណ៍ថា បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ដោយគ្រងនូវឈុតកូនក្រមុំពណ៌.ស ជាមួយនឹងស្បៃគ្របក្បាល ធ្វើដំណើរមកចូលរួមនៅក្នុងពិធីមង្គលការ មិត្តប្រុសរបស់ខ្លួន ដែលត្រូវបានប្រារព្ធធ្វើឡើង នៅវិហារមួយកន្លែង ក្នុងទីក្រុង Benoni ភាគអាគ្នេយ៍ នៃប្រទេសអាហ្រ្វិកខាងត្បូង។

រូបភាពក្នុងថ្ងៃមង្គលការ

ជាក់ស្តែង បើតាមវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយ ពីទិដ្ឋភាពក៏ដូចជាសកម្មភាពនៅក្នុងថ្ងៃពិសេស ប្រែក្លាយទៅជាថ្ងៃដ៏ស៊យនោះ គេឃើញកូនកម្លោះស្បែកខ្មៅ បានព្យាយាមបញ្ចុះបញ្ចូលអតីតមិត្តស្រីរបស់ខ្លួន ដែលគ្រងឈុតកូនក្រមុំក្លែងក្លាយនោះ ដើម្បីធ្វើយ៉ាងណាឲ្យនាងចាកចេញពីពិធី ព្រោះតែមិនចង់ឲ្យខូចខាត និងបង្កការរំខានដល់ថ្ងៃពិសេសរបស់ខ្លួន។

ប៉ុន្តែផ្ទុយទៅវិញ កូនក្រមុំក្លែងក្លាយដែលជាអតីតមិត្តស្រីរូបនោះ ហាក់កើតទុកមិនសុខចិត្ត ឈ្លោះប្រកែកបែកផ្សែងជាមួយនឹងកូនកម្លោះ ជាហេតុធ្វើឲ្យភ្ញៀវដែលបានចូលរួមជាច្រើន មានការភ្ញាក់ផ្អើល និងស្រែកហ៊ោកញ្ជ្រៀវពេញក្នុងពិធី ខណៈឯកូនក្រមុំពិតប្រាកដវិញ បានត្រឹមឈរធ្មឹងរង់ចាំអនាគតស្វាមី ដើម្បីមកចាប់ដៃគ្នាទទួលពរជ័យពីអាចារ្យ និងស្បថស្បែមើលថែគ្នាជាប្តីប្រពន្ធ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ប្រភពមិនបានឲ្យដឹងទេថា នឹងមានរឿងអ្វីកើតឡើងជាបន្ត ឬមានការដោះស្រាយគ្នា ដោយភាគីខាងកូនកម្លោះ និងអតីតសង្សាស្រីរូបនោះ ដោយសន្តិវិធី ឬយ៉ាងណានោះទេ។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយ (លើបណ្តាញសង្គម Twitter) ក្នុងនោះអ្នកនិយមលេងបណ្តាញជាច្រើន ក៏បានសម្ដែងការហួសចិត្ត រិះគន់សើចចំអកទៅលើភាគីពាក់ព័ន្ធទាំងសងខាង គឺកូនកម្លោះស្បែកខ្មៅ និងនាងអតីតសង្សារនោះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពក្នុងថ្ងៃមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]