អេស្ប៉ាញ៖ ភ្នាក់ងាររបស់កីឡាករ Gareth Bale បានបង្ហើបថា ខ្សែប្រយុទ្ធសញ្ជាតិវែលនេះអាចបន្តអាជីពជាមួយ Real Madrid ទៀតលុះត្រាណាតែរូបគេមានឱកាសចូលលេងបានច្រើនជាងមុន។

ក្រោយពីមានពាក្យចចាមអារ៉ាមលេចឡើងជាច្រើនថាខ្សែប្រយុទ្ធ Gareth Bale អាចនឹងចាកចេញពីទឹកដី Santiago Bernabeu ពេលនេះភ្នាក់ងារកីឡាករ គឺលោក Jonathan Barnett បានចេញមុខមកបកស្រាយហើយ។ 

លោក Jonathan Barnett

នៅក្នុងបទសម្ភាសមួយ លោក Barnett បាននិយាយថា លោកមានគម្រោងចរចាជាមួយតំណាងក្រុម Real Madrid អំពីអនាគតរបស់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំនោះឲ្យបានច្បាស់។

ភ្នាក់ងារកីឡាករវ័យ៦៨ឆ្នាំរូបនេះបានបន្តថា Bale គឺជាកីឡាករល្អមួយរូបនៅលើពិភពលោក ហើយរូបគេលែងខ្វល់ពីប្រាក់អាទិត្យឬតម្លៃខ្លួនទៀតហើយ ប៉ុន្តែរូបគេចង់ឲ្យក្លិបសន្យាថានឹងឲ្យរូបគេជាប់ជម្រើសដំបូងជាញឹកញាប់។

លោក Barnett បានបន្ថែមថា មានក្រុមជាច្រើនកំពុងតែតាមប្រម៉ាញ់ អតីតខ្សែប្រយុទ្ធក្រុម Tottenham រូបនេះ ហើយរូបគេមិនខ្វះនូវជម្រើសនោះទេ ប៉ុន្តែរូបគេនៅតែស្រលាញ់ Real Madrid ដូច្នេះ លោកនឹងចរចាជាមួយតំណាងក្លិបឲ្យអស់ចិត្តសិន មុននឹងពិចារណាជម្រើសថ្មី។

កីឡាករ Gareth Bale

គួរឲ្យដឹងថា Gareth Bale បានបង្ហាញខ្លួនត្រឹមតែ៣៣ដងប៉ុណ្ណោះក្នុងឆ្នាំនេះ ដោយរូបគេបានស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៥ដង៕

កីឡាករ Gareth Bale

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]