ឥណ្ឌា៖ បុរសជាភ្ញៀវទេសចរជនជាតិឥណ្ឌាម្នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយត្រូវបានរលកសមុទ្រ វាយបោកបក់មួយក្ឌាំងធំកួចយកទៅ ខណៈពេលកំពុងតែអង្គុយថតរូប ជាមួយនឹងមិត្តភក្តិឯទៀតលើផ្ទាំងថ្មច្រាំង។ ហេតុការណ៍នេះបានកើតឡើង កាលពីដើមសប្តាហ៍នេះ នៅឆ្នេរសមុទ្រមួយកន្លែង ក្នុងរដ្ឋ Goa ប្រទេសឥណ្ឌា។

បុរសរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Sasikumar Vasan មានអាយុ ៣៣ឆ្នាំ គឺជាភ្ញៀវទេសចរម្នាក់ ដែលមកពីរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។

បើយោងតាមកាសែតក្នុងស្រុក បានរាយការណ៍ថា នៅក្នុងថ្ងៃកើតហេតុនោះ មានភ្ញៀវទេសចរចំនួន៣នាក់ (ប្រុស២ ស្រី១ ជាមិត្តភក្តិនឹងគ្នា) ដោយក្នុងចំណោមនោះ មានជនរងគ្រោះលោក Sasikumar Vasan ម្នាក់ផងដែរ បាននាំគ្នាចុះទៅថតរូបនៅលើផ្ទាំងថ្មច្រាំងក្បែរមាត់សមុទ្រ ខណៈឯបុរសម្នាក់ទៀតដែលជាមិត្តភក្តិដែរ បានឈររង់ចាំថតពួកអ្នកទាំង៣ នៅទីតាំងផ្ទាំងថ្មធំខាងលើ ឆ្ងាយពីសមុទ្រ ឬទីទួលសុវត្ថិភាព។

រូបភាពក្នុងថ្ងៃកើតហេតុ

ប៉ុន្តែផ្ទុយទៅវិញ មិនទាន់ទាំងបានប៉ុន្មានផង ភ្លាមៗនោះក៏ស្រាប់តែមានរលកបោកបក់មួយក្ឌាំងធំ វាយប្រហារទៅលើអ្នកទាំង៣ ដែលកំពុងតែអង្គុយចាំថតនោះ បណ្តាលឲ្យខ្ទាតរសាត់ទៅតាមកម្លាំងទឹកបោកបក់ ខ្ទប់នឹងផ្ទាំងថ្មនោះតែម្តង។

ជាសំណាងល្អ ក្នុងនោះជនរងគ្រោះ២នាក់ ជាមិត្តលោក Sasikumar Vasan អាចគ្រប់គ្រងស្ថានការបាន ងើបខ្លួនគេចចេញពីកម្លាំងទឹកបោកបក់ និងមិនមានបានរងរបួស ខណៈឯលោក Sasikumar វិញ អកុសលត្រូវបានរលកកួចទាញទៅ បណ្តាលលិចលង់ស្លាប់យ៉ាងសង្វេគ។

ក្រោយកើតហេតុ ប៉ូលិសក៏បានចុះជួយធ្វើអន្តរាគមន៍ និងកំណត់ហេតុ រួចបញ្ជូនសាកសពឲ្យក្រុមគ្រួសារនៃសព ដើម្បីរៀបចំចាត់ចែងតាមប្រពៃណីផងដែរ។

គួរឲ្យដឹងផងដែរថា កាលពីខែមុនរដ្ឋាភិបាលក្នុងតំបន់ ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីជាសារព្រមាន ឬក្រើនរម្លឹកដល់ភ្ញៀវទេសចរទាំងអស់ ចំពោះការហាមឃាត់ចុះហែលទឹក នៅតាមឆ្នេរសមុទ្រ នាកំឡុងរដូវវស្សានេះ ដោយសារតែ វាអាចជាបង្កគ្រោះថ្នាក់ផ្សេងៗ ដោយកម្លាំងខ្យល់ព្យុះមូសុងរដូវ ៕

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]