ពាក្យថាបែកបាក់ និងព្រាត់ប្រាស់ជាមួយមនុស្សដែលខ្លួនស្រលាញ់ គ្មានអ្នកណាចង់ឱ្យកើតឡើងទេ តែវាក៏មិនអាចហាមឃាត់បានប្រសិនជាដល់ពេលដែលត្រូវតែបែកនោះ។ ប៉ុន្តែតាមការស្រាវជ្រាវ បានរកឃើញថា មានគូស្នេហ៍មិនតិចនាក់ទេ ពោលគឺដល់ទៅជាងពាក់កណ្តាលឯណោះ ដែលពួកគេនឹងត្រលប់មកស្រលាញ់គ្នាដូចដើម ថែមទាំងផ្អែមល្ហែមជាងមុនទៅទៀត។

ថ្ងៃនេះយើងនឹងលើកយកហេតុផលចម្បងទាំង៧យ៉ាង ដែលអាចធ្វើឱ្យគូស្នេហ៍ទាំងពីរអាចត្រលប់មកស្រលាញ់គ្នាដូចមុន៖

ហេតុផលទី១៖ការបែកគ្នាធ្វើឱ្យអ្នកកាន់តែឈឺចាប់

ហេតុផលចម្បងដែលគូស្នេហ៍សម្រេចចិត្តបែកគ្នា ភាគច្រើនព្រោះតែគេមិនចុះសម្រុងគ្នា មិនសប្បាយចិត្ត ឬក៏ទទួលរងនូវការឈឺចាប់នៅពេលដែលទ្រាំរស់នៅជាមួយគ្នា។ ប៉ុន្តែនៅក្នុងករណីដែលបែកគ្នាហើយ រឹតតែធ្វើឱ្យទាំងសងខាងឈឺចាប់ស្ទើរតែទ្រាំមិនបាន ឯរបួសក្នុងចិត្តកាន់តែរីករាលដាលមិនងាយជា និងគ្មានថ្នាំព្យាបាល ហើយការបែកគ្នាមិនអាចជួយឱ្យអ្វីៗប្រសើរជាងមុននោះ ទាំងនេះហើយជាហេតុផលដែលគូស្នហ៍ទាំងពីរដង្ហើយរកគ្នា និងវិលត្រលប់មករកស្នេហាចាស់របស់ខ្លួនវិញនោះ។

ការបែកគ្នាធ្វើឱ្យអ្នកកាន់តែឈឺចាប់

ហេតុផលទី២៖ជឿថាឱកាសអាចកែប្រែអ្វីគ្រប់យ៉ាង

ធម្មតាកំហឹង ឬជម្លោះមួយពេលអាចធ្វើឱ្យគូស្នេហ៍បែកគ្នាដោយមិនបានពិចារណាឱ្យបានដិតដល់។ តែនៅពេលដែលបែកគ្នា មិនបានជួបមុខគ្នា និងម្នាក់ៗរស់នៅរៀងៗខ្លួន អាចធ្វើឱ្យអ្នកទាំងពីរគិតឃើញនូវរឿងជាច្រើន ជាពិសេសស្រមោលអនុស្សាវរីយ៍ ការចងចាំល្អៗ និងអារម្មណ៍ដែលនឹកអាល័យ អាចធ្វើឱ្យចិត្តស្ងប់ជាងមុន និងពិចារណាបានច្បាស់ថា ការពិតនិស្ស័យមិនទាន់អស់ ការនឹករលឹកគ្នានៅតែមាន ហើយឱកាសទីពីរដែលអ្នកនឹងចាប់ផ្តើមសាងស្នេហាជាមួយគ្នាម្តងទៀត អាចធ្វើឱ្យស្នេហាកាន់តែរឹងមាំជាងមុនផងដែរ។

ជឿថាឱកាសអាចកែប្រែអ្វីគ្រប់យ៉ាង

ហេតុផលទី៣៖គ្មានអ្នកណាល្អជាងអ្នកចាស់

វាអាចជាគំនិតមួយអត្មានិយម ដែលបែកគ្នាហើយត្រលប់មករកអ្នកចាស់វិញ ព្រោះតែគ្មានជម្រើស និងមិនអាចរកអ្នកដែលល្អជាងអ្នកមុន តែនេះជាការពិតដែលត្រូវទទួលស្គាល់។ ជាធម្មតាមនុស្សដែលអ្នកនៅជាមួយ អ្នកមិនដឹងពីចំណុចល្អរបស់គ្នាឡើយ តែពេលដែលអ្នកចាកចេញពីគ្នា ហើយបានជួបជាមួយអ្នកផ្សេង អ្នកអាចនឹងមើលឃើញយ៉ាងច្បាស់ថា ការពិតកាលពីមុនខ្លួនជាមនុស្សមានសំណាងប៉ុណ្ណា ដែលគូស្នេហ៍អ្នកជាមនុស្សល្អបែបនេះ ស្ទើរតែមិនមានអ្នកណាអាចជំនួសគេបាន។ ដូច្នេះចំណុចអវិជ្ជមានដែលបង្កជម្លោះធ្វើឱ្យបែកគ្នាកាលពីលើកមុនគ្រាន់តែជារឿងតូចតាចដែលអាចអនុគ្រោះគ្នាបាន។ ទាំងនេះហើយធ្វើឱ្យគូស្នេហ៍ទាំងពីរនឹងត្រលប់មកស្រលាញ់គ្នាដូចដើម។

គ្មានអ្នកណាល្អជាងអ្នកចាស់

ហេតុផលទី៤៖បែកគ្នាដោយសារតែចង់ខ្លាំងរៀងខ្លួន

មានគូស្នេហ៍ច្រើនខ្លាំងណាស់សព្វថ្ងៃនេះ ដែលចេះតែបែកគ្នាហើយត្រូវគ្នាវិញ ដោយសារតែក្នុងចិត្តពួកគេពិតប្រាកដមិនបានចង់បែកនោះឡើយ ពួកគេគ្រាន់តែឌឺដងគ្នា ចង់ឈ្នះចាញ់គ្នារៀងខ្លួន ជាពិសេសសុទ្ធតែជាអ្នកដែលមានចិត្តមានះដូចគ្នា។ ដូច្នេះនៅពេលដែលពេលវេលាកន្លងផុតទៅ ហើយគេមានចិត្តនឹកគ្នា និងមិនអាចទ្រាំទ្រនឹងការរស់នៅផ្សេងគ្នាបាន នោះហើយគឺជាវេលាដែលពួកគេនឹងត្រលប់មកស្រលាញ់គ្នាវិញ។

បែកគ្នាដោយសារតែចង់ខ្លាំងរៀងខ្លួន

ហេតុផលទី៥៖ មិនអាចខ្វះគ្នា ឬមិនទម្លាប់

មនុស្សពីរនាក់បែកគ្នា មានហេតុផលមួយក្នុងចំណោមរឿងជាច្រើននោះគឺ ការធុញទ្រាន់នឹងគ្នា ទាំងដែលពួកគេមិនបានមានបញ្ហាអ្វីនឹងគ្នាឡើយ ដោយសារតែពួកគេគិតថាវាជាចំណុចដែលមានន័យថាពួកគេលែងមានចិត្តស្រលាញ់គ្នាដូចមុនហើយ។ តែក្នុងករណីដែលអ្នកទាំងពីរបែកគ្នា ស្រាប់តែមានអារម្មណ៍ថាឯកា ស្រងោះស្រងោច នឹកដល់គ្នា ឬមានអារម្មណ៍ថាមិនទម្លាប់ដូចជាខ្វះអ្វីម្យ៉ាងនោះ ទាំងនេះហើយដែលជាហេតុផលធ្វើឱ្យគូស្នេហ៍ទាំងពីរវិលត្រលប់មករកគ្នាវិញ ហើយអាចរកឃើញថាការពិតមនុស្សដែលនៅចំពោះមុខជាមនុស្សដែលអ្នកស្រលាញ៉បំផុត ហើយក៏ត្រូវតែថែរក្សាឱ្យបានល្អដែរ។

មិនអាចខ្វះគ្នា ឬមិនទម្លាប់

ហេតុផលទី៦៖សាកល្បងជាមួយអ្នកផ្សេងច្រើនតែគ្មានប្រយោជន៍

អ្វីដែលគូស្នេហ៍ទើបតែបែកគ្នាគិតឃើញមុនគេនោះ គឺត្រូវឆាប់រកអ្នកថ្មីមកជំនួស និងព្យាបាលរបួសដួងចិត្ត។ តែនៅពេលដែលអ្នកប្រឹងចំណាយពេលវេលាច្រើន ជាពិសេសស្វែងរកមនុស្សដែលត្រូវចិត្តអស់ពីមួយទៅមួយហើយ តែពួកគេមិនបានធ្វើឱ្យអ្នកស្រលាញ់ពេញចិត្ត និងមានក្តីសុខដូចអ្នកចាស់នោះទេ វាជាពេលវេលាដែលអ្នកអាចនឹងពិចារណាឡើងវិញ និងនឹកដល់ស្នេហាកាលពីមុន។ ទាំងនេះហើយដែលអ្នកចង់សាកល្បងស្រលាញ់គ្នាម្តងទៀតជាមួយនឹងស្នេហាចាស់ដែលអ្នកមិនអាចខ្វះបាន។

សាកល្បងជាមួយអ្នកផ្សេងច្រើនតែគ្មានប្រយោជន៍

ហេតុផលទី៧៖ ព្រោះស្រលាញ់

ពិតណាស់ «ស្រលាញ់» ពាក្យនេះហើយដែលជាគន្លឹះដ៏សំខាន់មួយដែលអាចទាញយកមនុស្សពីរនាក់ឱ្យស្រលាញ់គ្នាបាន ហើយវាក៏អាចធ្វើឱ្យមនុស្សដែលបែកគ្នាហើយអាចមកជួបគ្នាវិញបានដែរ។ ធម្មតាឱ្យតែមានចិត្តស្រលាញ់គ្នា គិតពីគ្នា និងនឹកពីគ្នា បើទោះបីជាបែកគ្នារាប់រយ រាប់ពាន់ដង ជឿថានិស្ស័យនៅតែមាន ហើយអ្នកទាំងពីរនឹងរកឱកាសមកផ្សះផ្សារគ្នាបានវិញជាមិនខាន៕  

ហេតុផលទី៧៖ ព្រោះស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]