ឥណ្ឌា៖ ហេតុតែដើម្បីចង់ថតរូបភាព បានប្លង់ល្អស្អាតអស្ចារ្យ ជាមួយនឹងទេសភាពធម្មជាតិ បុរសវ័យ៣៥ឆ្នាំ ជនជាតិឥណ្ឌាម្នាក់ ខំប្រឹងរុកតោងច្រាំងថ្មទឹកជ្រោះ រហូតជាគ្រោះអកុសលរអិលជើងធ្លាក់ពីរយៈកម្ពស់ជាង ៥០ម៉ែត្រមកក្រោម ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់ចិត្តនេះ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុននេះ ស្ថិតនៅទីតាំងទឹកជ្រោះ Gokak មួយកន្លែង ក្នុងស្រុក Belagavi នារដ្ឋ Karntaka ភាគខាងត្បូង ប្រទេសឥណ្ឌា។

បុរសរងគ្រោះដែលត្រូវបានស្លាប់បាត់បង់ជីវិតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Ramjan Usman Kagji មានអាយុ៣៥ឆ្នាំ ជាអ្នកស្រុករស់នៅក្បែរភូមិ Ghataprabha (នារដ្ឋ Karntaka ខាងលើនេះ) ។

រូបភាពនៅក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ បុរសរងគ្រោះលោក Kagji បានទៅលេងកម្សាន្តនៅកន្លែងទីតាំងទឹកជ្រោះ ដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរខាងលើនេះ។

ប៉ុន្តែអ្វីដែលលោកចង់បាននៅទីនោះ គឺចង់ថតផ្តិតយករូបភាពធ្វើយ៉ាងណាឲ្យស្រស់ស្អាត និងប្លែក មានអមមកជាមួយនឹងទេសភាពធម្មជាតិ និងទឹកជ្រោះ ដើម្បីបង្ហោះចែកចាយលើបណ្តាញសង្គម។

ប្រភពដដែលបន្តថា ដោយសារតែបែបនេះហើយ មិត្តភក្តិរបស់លោកក៏បានឲ្យលោកចុះទៅក្រោម (មិនប៉ុន្មានពីទីលើនៃទឹកជ្រោះ) នៃចន្លោះច្រាំងថ្មទឹកជ្រោះ (ឬជញ្ជាំងថ្មទឹកជ្រោះ) ទើបអាចថតចាប់យកបានប្លង់ស្រស់ស្អាត រហូតលោក Kagji ក៏បានធ្វើតាមទាំងផ្សងគ្រោះថ្នាក់ បើទោះបីជាមានការព្រមានពីអ្នកផ្សេងក្តី។ 

ជារឿងដ៏អកុសល ទីបំផុតនៅគ្រានោះ បុរសរងគ្រោះលោក Kagji ក៏ស្រាប់តែបាត់បង់លំនឹងខ្លួន រអិលជើង បណ្តាលឲ្យធ្លាក់ពីទីខ្ពស់នោះ ប្រមាណជា ១៧០ហ្វីត (ប្រហែលជា ៥១ម៉ែត្រ) បណ្តាលឲ្យស្លាប់តែម្តង។ ខណៈដែលអ្នកខ្លះបាននិយាយថា លោក Kagji ក្លាហានហ៊ានធ្វើបែបនេះ ក៏ព្រោះតែស្ថិតក្នុងស្ថានភាពស្រវឹង។

ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរនៅក្នុងតំបន់ក៏បានចេញប្រតិបត្តិ តាមស្វែងរកសាកសពលោក Kagji ប៉ុន្តែមកទល់ពេលនេះ ប្រភពបានឲ្យដឹងថា នៅពុំទាន់បានរកឃើញនៅឡើយនោះទេ។

រូបភាពនៅក្នុងថ្ងៃកើតហេតុ

តាមការអះអាង ពីមន្រ្តីប៉ូលិសជាន់ខ្ពស់មួយរូប ប្រចាំនៅក្នុងតំបន់ បាននិយាយថា ហេតុការណ៍នេះបានកើតឡើង នៅចន្លោះម៉ោងប្រហែលជា ៣ ទៅ ៤ល្ងាច ថ្ងៃសៅរ៍ ខណៈដែលខាងពួកលោក ក៏កំពុងតែធ្វើការស្វែងរក សាកសពជនរងគ្រោះដែរ តែមកទល់ពេលនេះ នៅតែពុំទាន់រកឃើញ ដោយសារតែទឺកមានជម្រៅជ្រៅខ្លាំង។

មន្រ្តីប៉ូលិសខាងលើនេះបន្តថា ទោះបីជាមានការលើកឡើងបែបណាក្តី ប៉ុន្តែនៅពេលនេះខាងលោក មិនទាន់អាចសន្និដ្ឋានបានថា ជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹងមែន ឬយ៉ាងណានោះទេ លុះត្រាតែសាកសពត្រូវបានរកឃើញ និងធ្វើកោសល្យវិច្ច័យ។

គួរឲ្យដឹងផងដែរថា ទឹកជ្រោះ Gokak ត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយកន្លែងក្នុងប្រទេស ប៉ុន្តែវាក៏ត្រូវបានគេស្គាល់ដែរថា ជាទីតាំងដែលសម្បូរអ្នកដែលធ្វើអត្តឃាត (សម្លាប់ខ្លួន) ផងដែរ។ ព្រោះជាក់ស្ដែង កន្លងមក កាលពី៥ឆ្នាំមុន មនុស្សចំនួន ១៩នាក់ហើយ ដែលត្រូវបានស្លាប់នៅទីនេះ ទាំងគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯង និងធ្វើអត្តឃាត ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]