ពេលខ្លះយើងពិតជាពិបាកណាស់នៅក្នុងការបែងចែកអារម្មណ៍ស្នេហាពិត និងអារម្មណ៍ផ្លូវភេទ  ជាពិសេសគឺមនុស្សប្រុសតែម្តង។ តាមការស្រាវជ្រាវបានរកឃើញថា មនុស្សប្រុសមានអារម្មណ៍ទំនោរទៅរកការរួមភេទច្រើនជាងស្ត្រី ហើយពេលខ្លះការរាប់អាន ឬបង្កើតស្នេហាមួយ មនុស្សប្រុសខ្លួនឯងសឹងតែមិនច្បាស់ផងថា តើជាស្នេហា ឬគ្រាន់តែជាអារម្មណ៍តណ្ហាមួយពេលនោះ។

ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភ និងប្រុងប្រយ័ត្ននោះ គឺអ្នកដែលខាតបង់ច្រើនជាមនុស្សស្រី ដូច្នេះតើធ្វើយ៉ាងណាទើបដឹងថាគេស្រលាញ់អ្នកពិត ឬគ្រាន់តែចង់បានខ្លួនប្រាណអ្នកនោះ?

ដូច្នេះនារីគួរតែយល់ដឹងពីចំណេះដឹងបន្ថែមខាងក្រោមនេះ នូវទង្វើ និងចរិតលក្ខណៈបុរសដែលមិនបានស្រលាញ់អ្នក តែគ្រាន់តែចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះ ហើយត្រូវតែដើរចេញពីបុរសម្នាក់នេះជាដាច់ខាត៖

១.ធ្លាប់មានប្រវត្តិមិនល្អ

គេថាអតីតកាលដែលកន្លងហួសគួរតែកុំរម្លឹក តែជួនកាលវាក៏អាចជាតម្រុយឱ្យយើងដឹងផងដែរថាមនុស្សប្រុសម្នាក់នោះជាមនុស្សប្រុសបែបណានោះ។ អ្នកអាចស៊ើបមើល ឬតាមដានថាគេជាមនុស្សដែលឧស្សាហ៍ប្តូរស្នេហាថ្មីដែរឬក៏អត់? តើគេធ្លាប់ធ្វើឱ្យនារីណាផ្សេងឈឺចាប់ដែរឬទេ? តើកាលពីមុនស្នេហារបស់គេឆាប់ងាយបែកបាក់គ្នាណាស់មែនទេ? ចំណុចនេះហើយដែលអាចបញ្ជាក់ថាគេជាព្រាននារី ឆាប់ណាយចិត្ត និងបង្កើតស្នេហាព្រោះតែចង់បានខ្លួនប្រាណរបស់ដៃគូម្ខាងទៀតប៉ុណ្ណោះ ដូច្នេះអ្នកគួរតែដើរចេញឱ្យឆ្ងាយពីបុរសម្នាក់នេះជាដាច់ខាត។

ធ្លាប់មានប្រវត្តិមិនល្អ

២.ខ្វះអារម្មណ៍ស្និទ្ធស្នាល និងការយល់ចិត្ត

ជាធម្មតាសេចក្តីស្នេហាតែងតែស្តែងចេញតាមអារម្មណ៍មួយចំនួនដែលអ្នកអាចមើលឃើញដូចជា៖ បង្ហាញការស្រលាញ់ ការបារម្ភ ហួងហែង ប្រចណ្ឌ យកចិត្តទុកដាក់ និងអារម្មណ៍ស្នេហាដទៃទៀត។ តែនៅពេលដែលដៃគូរបស់អ្នកបានតែស្រលាញ់តែមាត់ តែគេបែរជាមិនបានខ្វល់ ឬមិនបានបញ្ចេញអារម្មណ៍បង្ហាញក្តីស្រលាញ់ និងផ្អែមល្ហែមទៅកាន់អ្នកទេនោះ បានន័យថាគេមិនបានស្រលាញ់អ្នកនោះឡើយ ជាពិសេសគេអាចនឹងទាក់ទងអ្នកដើម្បីតែចង់បានខ្លួនប្រាណអ្នកតែប៉ុណ្ណោះ។

ខ្វះអារម្មណ៍ស្និទ្ធស្នាល និងការយល់ចិត្ត

៣.សុំអ្នកត្រង់ៗ ឬបង្ខំអ្នក

ចំណុចនេះងាយយល់ណាស់ ធម្មតាមនុស្សដែលស្រលាញ់គ្នាគេប្រាកដជាឱ្យតម្លៃអ្នក សម្របតាមចិត្តអ្នក និងចង់ឱ្យអ្នកមានក្តីសុខជាដើម។ តែសម្រាប់មនុស្សប្រុសដែលយកតែចិត្តខ្លួនឯង និងមិនបានស្រលាញ់អ្នកពិត ហើយចង់តែបានខ្លួនប្រាណអ្នកនោះ គេនឹងនិយាយពាក្យផ្អែមល្ហែម លួងលោម ឬសុំអ្នកត្រង់ៗដើម្បីចង់គេងជាមួយអ្នក ពេលខ្លះគេអាចនឹងបង្ខិតបង្ខំអ្នកផងដែរ។

មួយចំណុចទៀតដែលអ្នកត្រូវតែដឹងផងនោះ ក្នុងករណីប្រសិនជាដៃគូអ្នកទាំងពីរព្រមព្រាងប្រឡូកនឹងរឿងស្នេហាលើគ្រែជាមួយគ្នារួចមកហើយ តែគេបែរជាចេះតែទាមទាររឿងលើគ្រែជាច្រើនដង បើទោះបីជាអ្នកមិនបានពេញចិត្ត ឬមិនស្រួលខ្លួនជាដើមនោះ ទាំងនេះហើយបញ្ជាក់ថាគេស្រលាញ់អ្នកដោយសារតែចង់បានខ្លួនប្រាណរបស់អ្នកតែប៉ុណ្ណោះ និយាយរួមយកអ្នកដើម្បីបន្ធូរអារម្មណ៍។

សុំអ្នកត្រង់ៗ ឬបង្ខំអ្នក

៤.មានគម្រោងប្លែកៗ

អ្នកអាចសង្កេតឃើញថា គេតែងតែគេចវេះមិនចូលរួមក្នុងពិធីអ៊ូអរជាមួយអ្នក ឬក៏មកយឺតជាដើម មិនថាតែការជួបជុំមិត្តភក្តិ និង ក្រុមគ្រួសារជាដើម។ តែគេបែរជាមានគម្រោងទៅណាតែងតែចង់នៅជាមួយអ្នកស្ងាត់ៗតែពីរនាក់ ឬមានមនុស្សតិចបំផុតតាមដែលអាចធ្វើបាន អាចនឹងចាប់ដៃចាប់ជើង ​និងលូកលាន់អ្នកទៀតនោះ ជាពិសេសគេមានគម្រោងនាំអ្នកទៅបន្ទប់គេងផងដែរ។ ទាំងនេះហើយមិនមែនជាស្នេហារ៉ូមែនទិកផ្អែមល្ហែមចង់មានពេលវេលាជាមួយអ្នកតែពីរអ្នកឡើយ កុំយល់ច្រលំឱ្យសោះ ព្រោះវាជាចរិតព្រាននារី និងចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះទេ។

មានគម្រោងប្លែកៗ

៥.និយាយដុតអារម្មណ៍អ្នក

អ្នកអាចមើលឃើញថាដៃគូរបស់អ្នក ស្រាប់តែចូលចិត្តនិយាយបញ្ឆេះ ឬដុតអារម្មណ៍អ្នក ដោយពាក្យសម្តីមិនល្អ អសុរោះ និងមានទំនោរទៅរកផ្លូវភេទ ឬការរួមភេទជាដើម មិនថាតែការនិយាយផ្ទាល់ខិតលើខិតក្រោម ឬតាមរយៈការផ្ញើសារផ្សេងៗនោះទេ។ ដូច្នេះបានន័យថា គេប្រាកដជាចង់បានខ្លួនប្រាណអ្នកហើយ វាមិនមែនជាអារម្មណ៍ស្នេហាពិតនោះឡើយ។ 

និយាយដុតអារម្មណ៍អ្នក

ចំណាំ៖ បើទោះបីជាទាំងនេះអាចបញ្ជាាក់ថាបុរសម្នាក់នោះស្រលាញ់អ្នកដើម្បីតែចង់បានខ្លួនប្រាណរបស់អ្នកក៏ដោយ ​ប៉ុន្តែដោយឡែកនៅក្នុងយុគសម័យទំនើបនេះក៏មានយុវវ័យជាច្រើនបានប្រឡូកនឹងរឿងលើគ្រែនេះមិនតិចនាក់ដែរ ដោយគេតែងតែគិតថាស្នេហា គឺផ្សារភ្ជាប់ទៅនឹងអារម្មណ៍ផ្លូវភេទជារឿងធម្មតា។​ ទោះបីជាយ៉ាងណានេះជាសិទ្ធរបស់មនុស្សម្នាក់ៗ តែមុននឹងសម្រេចចិត្តធ្វើអ្វីមួយគួរតែគិតឱ្យបានច្បាស់លាស់ពីអនាគត ​ក្រុមគ្រួសារ និងបង្ការការខាតបង់ផ្សេងៗផងដែរ ​ជាពិសេសគឺត្រូវចេះការពារខ្លួនពីជំងឺផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]