(ស្វាយរៀង)៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាមកាលវេលាម៉ោង២និង៣២នាទី ទាបភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹកផ្សាររាត្រី ជាប់ភោជនីយដ្ឋាន ស៊ីឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីឃាតកម្មនេះ បានកើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានវាយសម្លាប់ជនរងគ្រោះ ឈ្មោះ ខាសេន ស៊ិនគាសេង (CARSEN TION KAI SENG) អាយុ៦៣ឆ្នាំ ជាជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើតក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។

បើតាមសមត្ថកិច្ច ជនរងគ្រោះបានឆ្លងចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិបាវិតម៉ុកបាយ តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ មកម្លេះ។ ចំពោះករណីនេះ ក្រោយពី ទទួលបានព័ត៌មានថា មានមនុស្សស្លាប់នៅផ្សាររាត្រី ក្រុងបាវិត ភ្លាមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ ពិនិត្យលើខ្លួនសព ឃើញថា មានដាច់ក្បាលខាងក្រោយ និងភ្នែកខាងឆ្វេងជាំ។ ក្រោយពីពិនិត្យលើសពរួច សមត្ថកិច្ច និងគ្រូពេទ្យ បានសន្និដ្ឋានថា ជាករណីឃាតកម្មពិតប្រាកដមែន។

បច្ចុប្បន្ន សពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនល្មើសសមត្ថកិច្ច កំពុងធ្វើស្រាវជ្រាវ រកចាប់មុខសញ្ញាយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

បុរស​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវ​គេវាយ​សម្លាប់
បុរស​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវ​គេវាយ​សម្លាប់
អត្តសញ្ញាណបុរសរូបនោះ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]