ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុកអស់​រយៈពេល​១១​ថ្ងៃ​គត់ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក​ទូច អី​ុ​ណា​ន មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប បាន​បង្ក្រាប​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្លែង​ឯកសារ​សាធារណៈឆបោក និង​ក្លែង​ឯក​សណ្ឋាន​​អាវុធហត្ថ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ធំ ។ 

ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ​មិថុនា នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។នៅ​ថ្ងៃ​ទី​៤ ខែមិថុនា មាន​ជន​រង​គ្រោះ​៣​នាក់បាន​ប្តឹង​មក​កងរាជអាវុធហត្ថ​ស្រុក​ស្អាង ពី​ឈ្មោះនឿ​ន ណាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ថា​បាន​ខ្ចី​ម៉ូតូ និង​ទូរស័ព្ទ​របស់​ពួក​គាត់រួច​ឆបោក​យក​ទៅ​បាត់ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​មាន ៖ ១-​ឈ្មោះ មុ​ឺ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាកម្មករ​រោងចក្រ បាត់បង់​ម៉ូតូ​១​គ្រឿង, ២-​ឈ្មោះ សុ​ដា​នោ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ បាត់បង់​ទូរស័ព្ទ​១​គ្រឿង និង៣-​ឈ្មោះ ភាព ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជាកម្មការិនី​រោងចក្រ និង​ជា​សង្សារ​របស់​ជន​សង្ស័យស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា បាត់បង់​ទូរស័ព្ទ​២​គ្រឿង ។ ក្រោយ​ពី​បាត់​មុខ​ជនសង្ស័យ​យូរ​ពេក ហើយ​ទាក់ទង​តាម​ទូរស័ព្ទ​មិន​ចូល ជន​រង​គ្រោះ​ទាំង​៣​នាក់​ក៏​មក​ប្តឹង​កងរាជអាវុធហត្ថ និង​បាន​បំភ្លឺ​ថា​ជន​ឈ្មោះ នឿ​ន ណាត តែងតែ​និយាយ​ប្រាប់​ពួក​គាត់​ថា រូបគេ​គឺជា​មន្ត្រី​អាវុធហត្ថ​ដែល​ទើប​ផ្លាស់​មក​ពី​ខេត្ត​ប៉ៃលិន ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​និង​ការ​បំភ្លឺ​ដូច​ខាងលើ​រួច​មក លោក​ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ​កងអាវុធហត្ថ​ខេត្ត បាន​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​ខេត្ត និង​ស្រុក ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ និង​សម្ភារ​បាត់បង់​តាម​នីតិវិធី ។

តាម​រយៈ​ការ​សហការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​ទាំងថ្ងៃទាំងយប់​អស់​រយៈពេល​១១ថ្ងៃ ដោយ​មិន​ខ្លាច​នឿយហត់ ប្រកបដោយ​បទ​ពិសោធន៍ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក ទូច អី​ុ​ណា​ន និង​ការ​យកចិត្ត​ទុកដាក់​របស់​ជំនាញ​អាវុធហត្ថ​ខេត្ត​សៀមរាប និង​ខេត្តកណ្តាល ក៏​បាន​កំណត់​ទីតាំង​លាក់​ខ្លួន​របស់​ជនសង្ស័យ ។ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តកណ្តាល បាន​សហការ​ជាមួយ​កម្លាំងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះ នឿ​ន ណាត នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​០១១ ដក​ប​ច​ខ​/១៨ ចេញ​ដោយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល និង​ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូ​ង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឆបោក និង​ក្លែង​ឯកសារ​សាធារណៈ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន កាំភ្លើងខ្លី​១​ដើម​ម៉ាកកា​៥៩ លេខ​០៨៧៤ បង់​១ គ្រាប់​៣​គ្រាប់ សំបុត្រ​បញ្ជាក់​កំណើត​១​សន្លឹក អត្តសញ្ញាណប័ណ្ណជាតិខ្មែរ​ថតចម្លង​១​សន្លឹក ពាក្យ​ស្នើ​សុំ​ស្នាក់​នៅ​បណ្តោះអាសន្ន​១​សន្លឹក សេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត​២​សន្លឹក កាបូបស្ពាយ​ពណ៌​ខ្មៅ​១​ខោអាវ​ឯកសណ្ឋាន​មួយ​ចំនួន និង​សម្ភារ​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​មក​បញ្ជា​ការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

ជនជាប់ចោទ
ជនជាប់ចោទ
ជនជាប់ចោទ
វត្ថុតាង
វត្ថុតាង
ជនជាប់ចោទ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]