ជាធម្មតាមុននឹងបង្កើតស្នេហា ភាគីទាំងសងខាងប្រាកដជាបានស្វែងយល់ពីគ្នាយូរគួរសមហើយទម្រាំតែអាចចាប់ដៃគ្នា បង្កើតជាចំណងស្នេហាមួយនេះឡើង ជាពិសេសគឺបានដឹងបានស្គាល់ពីការរស់នៅ ស្ថានភាពគ្រួសារ ចិត្តគំនិត អត្តចរិត និងទម្លាប់របស់ភាគីម្ខាងទៀតហើយ។ ដូច្នេះហើយការដែលអ្នកមានមនុស្សម្នាក់ដែលស្រលាញ់អ្នក យល់ពីអ្នក ព្រមទទួលយកអ្វីដែលជាខ្លួនអ្នក ជាពិសេសអាចកាន់ដៃគ្នាឆ្លងឧបសគ្គ ជម្នះបញ្ហា និងដើរទៅរកអនាគតដ៏ល្អរួមគ្នាជារឿងមួយដ៏ល្អខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ មុននឹងអ្នកបង្កើតចំណងស្នេហាអ្នកគួរតែពិភាក្សាគ្នាឱ្យបានច្បាស់នូវរឿងមួយចំនួន តែប្រសិនជាអ្នកកំពុងតែស្រលាញ់គ្នាហើយ ភាគីទាំងសងខាងហាមកែប្រែខ្លួនឯងទាំង ៥ចំណុចនេះជាដាច់ខាត ប្រសិនជាមិនចង់ឱ្យជីវិតរបស់ខ្លួនជួបនឹងបញ្ហានោះទេ៖

១.ទំនាក់ទំនងជាមួយគ្រួសារ បងប្អូន និងមិត្តភក្តិ

បើទោះបីជាមានស្នេហា អាចឱ្យយើងត្រូវចំណាយពេលវេលាជាច្រើនជាមួយនឹងមនុស្សជាទីស្រលាញ់យ៉ាងណាក៏ដោយ តែទំនាក់ទំនងជាមួយគ្រួសារ បងប្អូន មិត្តភក្តិ និងមនុស្សជុំវិញខ្លួនគឺជារឿងមួយដែលមិនអាចកាត់ផ្តាច់បាន។ ហើយប្រសិនជាដៃគូរបស់អ្នកបង្ខំឱ្យអ្នកចាកចេញ និងបោះបង់មនុស្សជុំវិញខ្លួន ឬអ្នកព្រមធ្វើរឿងទាំងនេះដើម្បីផ្គាប់គូស្នេហ៍របស់អ្នកនោះ អាចធ្វើឱ្យជីវិតរបស់អ្នកមានបញ្ហា មានទំនាស់ផ្សេងៗ ដែលអាចប៉ះពាល់ជីវិតប្រចាំថ្ងៃ និងថ្ងៃអនាគតផងដែរ។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺនិយាយគ្នាឱ្យច្បាស់ពីបញ្ហាមួយនេះ ព្រោះទាំងគ្រួសារ បងប្អូន និងមិត្តភក្តិសុទ្ធតែជាមនុស្សសំខាន់ដូចគ្នាដែលមិនអាចចោលបាន។

ទំនាក់ទំនងជាមួយគ្រួសារ បងប្អូន និងមិត្តភក្តិ

២.គោលដៅ និងអ្វីដែលខ្លួនឯងចង់ធ្វើ

មនុស្សណាម្នាក់ក៏មានក្តីស្រមៃ និងគោលដៅជីវិតរៀងៗខ្លួននោះដែរ ដូច្នេះសុំកុំឱ្យមនុស្សដែលអ្នកស្រលាញ់ ឬសូម្បីតែនរណាម្នាក់មកបំផ្លាញ និងផ្លាស់ប្តូរក្តីសុបិនរបស់អ្នកឱ្យសោះ។ ចំពោះមនុស្សដែលស្រលាញ់គ្នា អ្វីដែលគួរធ្វើគឺត្រូវតែលើកទឹកចិត្តគ្នា ដើម្បីឱ្យមានកម្លាំងចិត្តបន្តអ្វីដែលពួកគេចង់ធ្វើ។ ហើយបើទោះបីជាគំនិតរបស់អ្នកខុសគ្នាយ៉ាងណាក៏ដោយ ភាគីម្ខាងៗគួរតែចេះគោរពការសម្រេចចិត្តរបស់អ្នកម្ខាងទៀត។ តែប្រសិនជាអ្នកមានគំនិតមានះរាងខ្លួន ឬចង់ឱ្យម្ខាងៗសម្របតាមចិត្តខ្លួនឯងនោះ ការសម្រេចចិត្តចែកផ្លូវគ្នាជាជម្រើសដ៏ល្អបំផុត។

គោលដៅ និងអ្វីដែលខ្លួនឯងចង់ធ្វើ

៣.អារម្មណ៍ និងអត្តចរិតពិត

កើតមកជាមនុស្សតែងតែមានអារម្មណ៍ ការពិត និងអត្តចរិតស្តែងចេញមកខុសៗគ្នា។ តែនៅពេលដែលដៃគូរបស់អ្នកបង្ហាញការមិនពេញចិត្ត មិនអាចទទួលយកបាន ឬចង់ឱ្យអ្នកផ្លាស់ប្តូរខ្លួនឯងដើម្បីគេ វាមិនមែនជារឿងដែលត្រឹមត្រូវនោះឡើយ។ ជាធម្មតាមុននឹងស្រលាញ់គ្នា អ្នកប្រាកដជាដឹងពីអត្តចរិតរបស់ដៃគូរបស់អ្នកច្បាស់ណាស់ បានជាអ្នកព្រមបង្កើតស្នេហាមួយនេះឡើង គឺដោយសារតែអ្នកស្រលាញ់ និងព្រមទទួលយកអ្វីដែលជាចរិតពិតរបស់ដៃគូម្ខាងទៀត។ តែប្រសិនជាអ្នកដឹងថាដៃគូរបស់អ្នកមានអត្តចរិតដែលអ្នកមិនពេញចិត្តតាំងពីដើម អ្នកមិនគួរនឹងបង្កើតស្នេហាមួយនេះឡើងនោះឡើយ និងរឹតតែមិនគួរផ្លាស់ប្តូរចរិតអ្នកម្ខាងទៀតដើម្បីតម្រូវចិត្តអ្នក ក្នុងពេលដែលអ្នកដឹងរួចពីមុនមកហើយថា ដៃគូរបស់អ្នកកាលពីមុនក៏មានអត្តចរិតបែបនេះដែរ។

អារម្មណ៍ និងអត្តចរិតពិត

៤.ជំនឿសាសនា និងតម្លៃខ្លួនឯង

អ្នកទាំងពីរគូរតែចេះបែងចែកក្តីស្រលាញ់រវាងអ្នកទាំងពីរ និងរបស់ផ្សេងៗដែលនៅជុំវិញ កុំឱ្យរបស់ទាំងនោះបំផ្លាញស្នេហារបស់អ្នកឱ្យសោះ។ ដូចដែលបានរៀបរាប់ខាងលើ មុននឹងអ្នកស្រលាញ់គ្នាប្រាកដជាបានដឹងពីគ្នាច្រើន មិនថាតែស្ថានភាពគ្រួសារ អត្តចរិត ការយល់ឃើញ និងរាប់បញ្ចូលទាំងជំនឿសាសនារបស់ដៃគូម្ខាងទៀត។ ដូច្នេះបើអ្នកដឹងថាពួកអ្នកមានចំណុចខុសគ្នាដែលមិនអាចទទួលយកបាន សូមកុំបង្កើតស្នេហាមួយនេះឡើង តែបើអ្នកព្រមទទួលដៃគូម្ខាងទៀតហើយ អ្នកមិនគួរព្យាយាមបង្ខំឱ្យដៃគូម្ខាងទៀតចាំតែសម្របខ្លួន និងផ្លាស់ប្តូរតាមអ្ចីដែលអ្នកត្រូវការនោះឡើយ។ មនុស្សម្នាក់ៗមានសិទ្ធធ្វើអ្វីដែលពួកគេចង់ធ្វើ ដោយមិនប៉ះពាល់ដល់សិទ្ធអ្នកដទៃ។

ជំនឿសាសនា និងតម្លៃខ្លួនឯង

៥.ទម្លាប់ ចំណង់ចំណូលចិត្ត និងការយល់ឃើញ

ទម្លាប់ និងចំណង់ចំណូលចិត្តមិនខុសពីអត្តចរិតរបស់មនុស្សដែលបានរៀបរាប់ពីមុននេះឡើយ បានន័យថាវាពិបាកនឹងកែប្រែ ឬមិនអាចកែប្រែបាន។ កាលពីមុនស្រលាញ់គ្នាអ្នកប្រាកដជាបានសិក្សាពីគ្នាច្រើននូវចំណុចទាំងអស់នេះ ដូច្នេះពេលស្រលាញ់គ្នាកុំព្យាយាមកែប្រែទម្លាប់ និងចំណង់ចំណូលចិត្តរបស់អ្នកម្ខាងទៀតដើម្បីតម្រូវចិត្តរបស់អ្នកអី ព្រោះប្រសិនជាអ្នកត្រូវបានគេបង្ខំឱ្យអ្នកបោះបង់ទម្លាប់ដែលអ្នកចូលចិត្ត ក៏អ្នកខ្លួនឯងក៏មិនសប្បាយចិត្តដែរ។ ដំណោះស្រាយនោះ គឺអ្នកព្យាយាមសម្របតាមចិត្តរបស់អ្នកម្ខាងៗទៀតឱ្យមានព្រំដែន ដោយមិនតឹងរឹងពេក និងមិនធូររលុងពេក ជាពិសេសប្រសិនជាមានចំនុចដែលមិនល្អអ្នកអាចព្យាយាមកែប្រែបន្តិចៗម្តងដើម្បីមនុស្សដែលអ្នកស្រលាញ់ទើបជាការល្អ៕  

ទម្លាប់ ចំណង់ចំណូលចិត្ត និងការយល់ឃើញ

ចំណុចទាំង៥ខាងលើនេះ  ប្រសិនជាគូស្នេហ៍នៅតែជម្នះចង់ធ្វើការកែប្រែទៀត  ប្រាកដជាជួបតែរឿងឈ្លោះប្រកែកគ្នា ​និងស្នេហាគ្មានសុភមង្គលនោះឡើយ ​ដែលអាចឈានទៅរកការបែកបាក់ថែមទៀតផង។  យកល្អបើចង់កែប្រែចំនុចទាំងនេះរបស់គ្នារាងៗខ្លួន ​គួរតែបែកគ្នាឱ្យហើយទើបជាការល្អ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]