បន្ទាប់ពីថ្លើមមក តំរង់នោមនេះហើយ ជាសរីរាង្គកំចាត់ជាតិពុល ផលិតទឹកនោម និងធ្វើការសម្រូបជាតិទឹកដែលបាត់បង់ពីក្នុងខ្លួន ដ៏សំខាន់ពុំអាចខ្វះបាន។  បើទោះបីជាយ៉ាងណាក៏ដោយ ពុំមានមនុស្សច្រើនឡើយដែលយល់ដឹងច្បាស់អំពីតួនាទីដ៏សំខាន់របស់សរីរាង្គមួយនេះ និងពុំដឹងថាឥរិយាបថមួយចំនួនប្រចាំថ្ងៃ អាចនាំមកនូវបញ្ហាដល់តម្រងនោមផងដែរ។

ដូច្នេះខាងក្រោមនេះ យើងនឹងរៀបរាប់អំពីឥរិយាបថទាំង៦ ជូនដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដើម្បីបង្កើនការយល់ដឹងទាក់ទងនឹងបញ្ហាតម្រងនោម។

១. អំបិល

ការប្រើប្រាស់អំបិលក្នុងបរិមាណមួយច្រើនប្រចាំថ្ងៃ បង្កើនហានិភ័យនៃគ្រួសក្នុងតម្រងនោម  ព្រោះអំបិលសំបូរសារធាតុរ៉ែ ជាពិសេសសូដ្យូមតែម្តង។ នៅរយៈពេលយូរខែឆ្នាំទៅ វាអាចបង្កជាដុំតូចៗប្រមូលផ្តុំនៅក្នុងតម្រងនោម។ គ្រួសតម្រងនោម អាចធ្វើឲ្យយើងឈឺខ្នងខ្លាំង  នោមមកឈឺក្រហាយ  និងជារឿយៗមានអារម្មណ៍ថាវិលមុខ  ឈឺក្បាល ជាដើម។  ក្រៅពីនេះការបរិភោគអំបិលក្នុងបរិមាណមួយច្រើន អាចបណ្តាលឲ្យសម្ពាធឈាមកើនឡើងខ្ពស់ ដែលប៉ះពាល់ដល់កិច្ចការប្រចាំថ្ងៃ និងមានហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។

រូបតំណាង

២. បារី

បារីមិនត្រឹមតែអាចបង្កឲ្យមានជំងឺសួត  ជំងឺបេះដូង  និងជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ វាក៏ជាមូលហេតុចំបងទី២​ដែលបង្កឲ្យតម្រងនោមមានបញ្ហាដែរ។ ចំពោះអ្នកដែលមានបញ្ហាតម្រងនោមរួចហើយនោះ  ការប្រើប្រាស់បារីអាចប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំក្នុងការព្យាបាល ហើយផ្ទុយមកវិញធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។

រូបតំណាង

៣. ហូបគ្រឿងស្រវឹងលើសបរិមាណ

អ្នកត្រូវដឹងថា ការផឹកគ្រឿងស្រវឹងក្នុងបរិមាណមួយតិចតួចប្រចាំថ្ងៃ បានផ្តល់ផលវិជ្ជមានដល់សុខភាពទូទៅរបស់យើង។ តែការផឹកក្នុងបរិមាណមួយដែលលើសពីការណែនាំ  បែរជាអាចបង្កើនហានិភ័យនៃបញ្ហាតម្រងនោមដល់ទៅពីរដងឯណោះ។បរិមាណសមស្របនៃជាតិអាល់កុល៥%ក្នុងមួយថ្ងៃ គឺគេណែនាំឲ្យផឹកត្រឹម ១កំប៉ុងកន្លះតែប៉ុណ្ណោះ។ ចំណែកជាតិអាល់កុល ៧%ក្នុងមួយថ្ងៃ គឺកំណត់ត្រឹមតែមួយកំប៉ុងប៉ុណ្ណោះ។

រូបតំណាង

៤. ការបាត់បង់ជាតិទឹក

ការពិសាទឹកជារៀងរាល់ថ្ងៃពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់តម្រងនោម។ទឹកជួយដល់ការលាងសម្អាតជាតិកខ្វក់ និងសារធាតុពុលក្នុងតម្រងនោម។ ជាពិសេសនាំយកសារធាតុរ៉ែដែលអាចបង្កជាគ្រួសចេញតាមទឹកនោម។  

ការហូបទឹកពុំគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ  អាចធ្វើឲ្យងាយជួបបញ្ហាតម្រងនោមដូចជាគ្រួសក្នុងតំរង់នោម និងជំងឺទាក់ទាងនឹងតម្រងនោមមួយចំនួនទៀត។

#ចំណាំ៖ ទឹកនោមពណ៌លឿងស្រាលជាសញ្ញាបញ្ជាក់ថាអ្នកបរិភោគទឹកបានគ្រប់គ្រាន់។

រូបតំណាង

៥. ថ្នាំបំបាត់ការឈឺចាប់

ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ញឹកញាប់  និងមិនត្រឹមត្រូវ  អាចបង្កឲ្យមានបញ្ហាតម្រងនោម។ មនុស្សមួយចំនួនបើទោះបីជាឈឺក្បាលធម្មតា  ឬឈឺខ្លួនតិចតួច ក៏ប្រើប្រាស់ថ្នាំប្រភេទនេះដែរ  ដែលអាចបង្កឲ្យមានវិបត្តិ និងផលអវិជ្ជមានដល់តម្រងនោម បើទោះបីជាវាអាចបំបាត់អាការៈឈឺចាប់ក៏ដោយ។

រូបតំណាង

៦. ការហាត់លើសកម្លាំង

ការហាត់យូរម៉ោង និងប្រឹងហួសកម្លាំង អាចធ្វើឲ្យកោសិកាសាច់ដុំរងការខូចខាតខ្លាំងហើយលឿន។  សារធាតុកំទេចកំទីខូចខាតទាំងនេះ ត្រូវហូរតាមឈាមទៅចាក់ចោលក្នុងតម្រងនោមដើម្បីធ្វើការច្រោះកំចាត់ចោលនៅសារធាតុពុលទាំងនេះ  មុននឹងបញ្ចេញតាមទឹកនោម។  ប៉ុន្តែនៅពេលបរិមាណវាមានច្រើនពេក  វាអាចប៉ះពាល់ទៅដល់តម្រងនោមយ៉ាងខ្លាំង ដែលពេលខ្លះអាចធ្វើឲ្យតម្រងនោមឈប់ដំណើរការភ្លាមៗក៏មាន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]