ស្ទឹងត្រែងៈ កម្លាំងនគរបាលអធិការដ្ឋានក្រុង ស្ទឹងត្រែង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ សាមគ្គី បានចុះឃាត់ ខ្លួនក្មេងទំនើង៨នាក់ ដែលប្រើហិង្សាបង្កការ អុកឡុកយកកាំបិតបុ័ងតោ ដំបងវាយទៅលើកម្មករសំណង់២នាក់ ដែលកំពុងឈរមើលគេរាំវង់ក្នុងពិធីមង្គលការ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នៅជិតគល់ស្ពានមិត្តភាព កម្ពុជាចិនសេកុង ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។

លោកវរសេនីយត្រី ឈូក កុម៉ល់ អធិការក្រុងបានឲ្យដឹងថា ក្មេងទំនើង ដែលតែងតែបង្កការអុកឡុក និងប្រើហិង្សា ទៅលើអ្នកដ៏ទៃទាំង៨នាក់នោះ១មានឈ្មោះ រិន សុភ័ត្រា ហៅភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំ, ២. ឈ្មោះ ចាន់  ភ័ត្រា ហៅ ង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ, ៣. ឈ្មោះ ចាន់ បូរី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ៤. ឈ្មោះ វិន ហួរ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ, ៥. ឈ្មោះ ស៊ិន សុភ័ក្រ ហៅ វិត ភេទ ប្រុស អាយុ ១៦ឆ្នាំ, ៦. ឈ្មោះ ម៉េង គឹមលេន ភេទប្រុស អាយុ ១៦ឆ្នាំ, ៧. ឈ្មោះ វ៉ាត សីហា ហៅបារាំង ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនសង្ស័យទាំង៧នាក់ រស់នៅក្នុងភូមិព្រែក សង្កាត់ក្រុងស្ទឹត្រែង និងទី៨. ឈ្មោះ នួន ពុទ្ធារ៉ា ហៅស្វិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងព្រីង សង្កាត់-ក្រុង ស្ទឹងត្រែ។ ចំណែក រងគ្រោះទាំង២នាក់ ត្រូវក្មេងទំនើងព្រួតវាយនោះ ១. ឈ្មោះ វង សារិទ្ធ ហៅឆាង ភេទប្រុស អាយុ ២២ឆ្នាំ, ២. ឈ្មោះ វី រុង ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់រស់នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែ។

លោកវរសេនីយ៍ត្រីបានបន្តឲ្យដឹងទៀតថា ក្មេងទំនើងទាំង៨នាក់ ជាមុខសញ្ញាដែលតែងតែបង្កការអុកឡុកវាយតប់ គ្នានៅតាមពិធីបុណ្យនានាក្នុងខេត្ត និងខ្លះជាមុខសញ្ញាធ្លាប់ជាប់ពន្ធធនាគារទៀតផង។

លោកបានបន្តថានៅថ្ងៃកើតហេតុខាងលើកម្មករសំណង់ជាជនរងគ្រោះទាំង២នាក់ ខណៈកំពុងឈរលើក្បាលស្ពានសេកុងមើលគេរាំងវង់នៅក្នុងពិធីមង្គលការ ស្រាប់តែពេលនោះ គេបានឃើញអាស្ទាវមួយក្រុមបានជិះម៉ូតូស៊េរីទំនើប ចំនួន៣គ្រឿង មកដល់បានដេញកម្មករទាំង២នាក់ រត់ចុះទៅក្រោមស្ពាន ហើយ ឈ្មោះ រិន សុភ័ត្រា បានជិះម៉ូតូ កាត់ក្បាលស្ពានម្ខាងទៅម្ខាងទៀត យកកាំបិតបុ័ងតោចេញពីកាបូប កាប់កូនឈើធ្វើជាដំបងយកទៅឲ្យបក្ខពួក ដេញ វាយកម្មករទាំង២នាក់ ធ្វើឲ្យឈ្មោះ វង សារិទ្ធ របួសក្បាល និងឈ្មោះ វី រុង រងរបួសដៃផ្នែកខាងស្តាំ។

លោក ឈូក កុម៉ល់ បន្តថា ក្រោយកើតហេតុកម្លាំងអធិការដ្ឋានក្រុង បានចុះសហការជាមួយប៉ុសិ៍រដ្ឋបាលសង្កាត់ សាមគ្គីធ្វើការស្ទាក់ចាប់ក្មេងទំនើងនៅលើស្ពានសេកុងបានភ្លាមៗ ហើយបាននាំខ្លួនជនទំនើងទាំង៨នាក់ រួមនិងម៉ូតូ ៣គ្រឿងមកកាន់អធិការដ្ឋានក្រុង ដើម្បីសាកសួរ និងបញ្ជូនទៅតុលាការខេត្ត៕

ដោយៈ គឹម ស្រេង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]