លេងកីឡាដើម្បីសុខភាព លេងកីឡាដើម្បីចំណងមិត្តភាព លេងកីឡាដើម្បីជីវិតដ៏យូរអង្វែង!

កីឡា បានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្ស។  វាជួយដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ជាពិសេសរាល់ទាំងការពង្រឹងមិត្តភាពចាស់ ឬបង្កើតមិត្តភាពថ្មី  នៅពេលយើងជួបជុំគ្នាលេងកីឡា  មិនថាជាការប្រកួតមិត្តភាព ឬការប្រកួតប្រជែង។

ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញកីឡាទាំង៥ប្រភេទដែលគេនិយមលេងទូទាំងពិភពលោក ហើយបានផ្តល់នៅអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព៖

១.   ហែលទឹក៖

កីឡាហែលទឹក អាចនិយាយបានថា មិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែសំរាប់អ្នកដែលចេះហែលទឹក ចំណាយពេលជាប្រចាំសំរាប់លេងកីឡានេះ បានផ្តល់គុណសម្បត្តិជាច្រើនដូចជា៖

* កីឡាលេខមួយ ដែលជួយដល់សុខភាពបេះដូងឲ្យកាន់តែប្រសើរ

* ការហែលទឹក ចំណាយថាមពល និងចលនាសាច់ដុំស្ទើរគ្រប់កន្លែង។  ដូច្នេះវាជាកីឡាមួយដ៏សំខាន់ក្នុងការហាត់យកសាច់ដុំ។

* ធ្វើឲ្យប្រព័ន្ធដង្ហើម មានដំណើរការ និងសុខភាពល្អ ហើយធន់នឹងកង្វះអុកស៊ីសែន។

រូបតំណាង

២.  តេន្នីស

អ្នកដឹងទេថា ការលេងកីឡាមួយនេះត្រឹមតែ ១ម៉ោងប៉ុណ្ណោះអាចដុតថាមពលពីក្នុងខ្លួនយើងរហូតដល់ទៅ៦០០កាឡូរី។  វាជាកីឡាដែលទាមទារឲ្យមានការស្រូបយកនិងប្រើប្រាស់អុកស៊ីសែនយ៉ាងច្រើន ហើយការរត់ ការប្រើកំលាំងដៃយ៉ាងខ្លាំង ជាពិសេសការផ្ចង់ស្មារតីទៅលើការលេង។ ទាំងនេះហើយធ្វើឲ្យវាជាកីឡាមួយធ្វើឲ្យសុខភាពរាងកាយ និងស្មារតីប្រសើរ។ 

រូបតំណាង

៣.  បាល់បោះ

កីឡានេះក៏មិនខុសគ្នាខ្លាំងប៉ុន្មានពីកីឡាតេន្នីសដែរ។ ការលេងបាល់បោះ ក្នុងរយៈពេលមួយម៉ោងអាចចំណាយថាមពលពី ៦០០ រហូតដល់ ៩០០កាឡូរី ទៅតាមទម្ងន់របស់យើង។  វាជាកីឡាមួយដែលហត់ខ្លាំងហើយទាមទារឲ្យមានការរត់ច្រើន និង ធ្វើទាំងចលនាដៃ និងរាងកាយទាំងមូល។  យោងទៅតាមការស្រាវជ្រាវបានបង្ហាញថា កីឡាបាល់បោះមានសារៈសំខាន់ដូចជា៖

* បង្កើនស្មារតីផ្ចង់អារម្មណ៍ និងការសំរេចចិត្តបានលឿន ប្រសើរជាងមុន

* កាត់បន្ថយភាពតានតឹងនិងស្ត្រេស

* បង្កើនភាពក្លាហាននិងទំនុកចិត្តខ្លាំងជាងមុន

* សុខភាពរាងកាយទាំងមូលប្រសើរ ដូចជាជួយដល់ការលូតកម្ពស់ ជួយ ចលនាបេះដូងនិងដង្ហើមជាដើម។ 

រូបតំណាង

៤.  ជិះកង់

ការជិះកង់ ចំណាយតិច និងផ្តល់ភាពសប្បាយយ៉ាងច្រើនក្រៃលែង ជាពិសេសការជិះកង់ជាក្រុមទៅតាមខេត្ត ឬទីកន្លែងឆ្ងាយៗមួយចំនួន។

តាមពិតទៅការជិះកង់ មានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖

* ធ្វើឲ្យសុខភាពបេះដូង និងប្រព័ន្ធរបត់ឈាមទាំងមូលប្រសើរ

* ធ្វើឲ្យសាច់ដុំរឹងមាំហើយចលនាសន្លាក់និងសរសៃបានល្អ

* ធ្វើឲ្យឆ្អឹងរឹងមាំ

* ជាកីឡាកាត់បន្ថយខ្លាញ់បានយ៉ាងលឿន

* ពង្រឹងប្រព័ន្ធស៊ាំរាងកាយ។ 

រូបតំណាង

៥.  រត់

នេះជាកីឡាមួយដែលងាយស្រួលអនុវត្តជាងគេ ដោយពុំចាំបាច់ត្រូវការដៃគូ ឬជាក្រុមឡើយ។ យើងអាចអនុវត្តបានគ្រប់ពេលវេលាគ្រប់ទីកន្លែង គ្រាន់តែត្រូវការស្បែកជើងមួយគូប៉ុណ្ណោះ។

ការរត់ជាប្រចាំ ជួយដល់ការលូតលាស់នៃសាច់ដុំ និងឆ្អឹងឲ្យរឹងមាំ។  វាជួយដល់ចលនាបេះដូង និងសួតឲ្យមានដំណើរការ និងសុខភាពល្អ។  ក្រៅពីនេះវាកាត់បន្ថយ ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ។ម៉្យាងវិញទៀត ការរត់ជាវិធីសាស្ត្រក្នុងការកាត់បន្ថយស្ត្រេសបានយ៉ាងល្អ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]