(ភ្នំពេញ)៖ តារាចម្រៀងស្រីក្មេងវ័យសាច់សខ្ចី មានសម្រស់គួរជាទីទាក់ទាញ ក្នុងវិស័យសិល្បៈ កញ្ញា រ៉េត ស៊ូហ្សាណា មួយរយៈចុងក្រោយនេះ កំពុងឡើងកូដខ្លាំង ដោយលេចមុខនៅតាមខ្សែភាពយន្ត ព្រមទាំងច្រៀងនៅតាមការប្រគំតន្ដ្រីផ្សេងៗ នៅតាមបណ្ដាខេត្តនានា ជាហូរហែ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ រាល់ពេល តារាស្រីប្រចាំផលិតកម្មហង្សមាសរូបនេះ ឡើងច្រៀងនៅលើឆាកប្រគំតន្រ្ដីម្ដងៗ គេសម្គាល់ឃើញ ឪពុករបស់ រ៉េត ស៊ូហ្សាណា តែងតែតាមការពារកូនស្រី ជាប់ជានិច្ច សូម្បីតែពេលទៅសម្ដែងខ្សែភាពយន្ត ក៏ឪពុកនាងត្រូវចាំរហូតថតដល់ចប់ ពោលគឺតាមឃ្វាលជាប់ មិនឲ្យផុតពីក្រសែភ្នែក ម្ដងណាឡើយ។

តាមប្រភពជិតស្និទ្ធនឹងម្ចាស់បទ «ត្រូវការកម្លាំងចិត្ត» កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហើបឲ្យដឹងថា អ្នកចម្រៀងសម្រស់ដាច់គេ នៅហង្សមាសរូបនេះ ត្រូវបានឪពុកនាងតាមជាប់ស្អិតល្មួត គ្រប់ពេលទាំងអស់ ដើម្បីកុំឲ្យមានការថ្លោះធ្លោយ ធ្លាក់ចូលក្នុងក្រញាំដៃប្រុសព្រាន ដែលតែងតែចង់តាមឆ្មក់ស្នេហ៍លើរូបនាង។ ម្យ៉ាងវិញទៀត គ្រប់ពេល រ៉េត ស៊ូហ្សណា ច្រៀង ឬ សម្ដែងខ្សែភាពយន្ត នាងត្រូវបានឪពុកឃ្លាំមើល គ្រប់ជ្រុងជ្រោយទាំងអស់ ហើយសូម្បីតែទូរស័ព្ទដៃ ក៏ត្រូវឆ្លងកាត់ការនិយាយពីម្ដាយ របស់នាងជាមុនសិនដែរ ទើបអាចជួបនិយាយ ជាមួយនាងតាមក្រោយបាន។

ផលិតកម្មហង្សមាស កំពុងមានការពេញចិត្ត ចំពោះអតីតបេក្ខភាពប្រឡង ចម្រៀង «The Voice Cambodian» រូបនេះជាខ្លាំង ដោយសារតែសមត្ថភាព និង រូបសម្រស់ស្រស់ស្អាត ពីធម្មជាតិ ជំរុញឲ្យ រ៉េត ស៊ូហ្សាណា កាន់បានតំណែងជាតួឯក នៅក្នងរឿង «បិសាចគួរឲ្យស្រឡាញ់» របស់ស្ថានីយទូរទស្សន៍ហង្សមាស ព្រមទាំងថតពាណិជ្ជកម្ម ជាហូរហែមក។

ប្រភពដដែលបានបង្ហើបទៀតថា រ៉េត ស៊ូហ្សាណា ដែលចូលសិល្បៈទើបជិត២ឆ្នាំនេះ មានតម្លៃខ្លួនច្រៀង១កម្មវិធីស៊ីថ្លៃជាង១ពាន់ដុល្លារឯណោះ ខណៈដែលបេក្ខភាព ដែលមិនទទួលបានជយលាភីដទៃទៀត ក្នុងជំនាន់ជាមួយនាង ស៊ីត្រឹមខ្ទង់រយដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រយ័ត្នប្រយែងបែបនេះ មិនមែនមានតែ រ៉េត ស៊ូហ្សាណា ម្នាក់នោះទេ ដែលត្រូវឪពុកអមដំណើរជាប់ជានិច្ចនោះ ពោលគឺមានតារាស្រីល្បីៗ ជាច្រើនដួងទៀត ដែលគេសម្គាល់ឃើញ ពេលចេញទៅច្រៀង ឬសម្ដែង តែងតែមានឪពុក ឬម្ដាយ តាមជាប់ជានិច្ច។ ជាក់ស្ដែងមានដូចជា អ្នកនាង លី ចាន់សីហា ,នី មុន្នីនាថ ,សារាយ សក្ខណា , ពៅ លីដា , ណូម័រ , និង ព្រះកាយច័ន្ទ ជាដើម សុទ្ធតែត្រូវបានទទួលការយកចិត្តទុកដាក់ ពីសំណាក់អាណាព្យាបាល ដើម្បីទប់ស្កាត់មិនឲ្យកូនស្រីមានរឿងអាស្រូវស្នេហា។

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
ឪពុក រ៉េត ស៊ូហ្សាណា
ឪពុក រ៉េត ស៊ូហ្សាណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា