រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលបែកថ្នាំ(ស្រវឹងថ្នាំញៀន) កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៤ មិថុនា បានលោតពីជាន់ទី១ផ្សារអូរឫស្សី នៅច្រកទី១១ បណ្ដាលឱ្យក្រពឹតដំបូល និងបាក់ពិតានមកក្រោមមួយផ្ទាំង ។ យុវជនរូបនេះឈ្មោះ យ៉ាន់ រ៉ា អាយុ២៣ឆ្នាំ ទីលំនៅក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រកបរបររកស៊ីអូសរទេះ នៅច្រកទី៩ ក្នុងមណ្ឌលទី៤ ផ្សារអូរប្ញស្សី ខណ្ឌ៧មករា ។
តាមសន្តិសុខផ្សារអូរឫស្សីបានឱ្យដឹងថា កម្មករម្នាក់នោះ ជាជនបែកថ្នាំ ដែលដំបូងឡើយគេបានដើរឡើងទៅជាន់ទី២នៃផ្សារ ហើយក៏បានចុះសសៀរមកលើដំបូលជាន់ទី១វិញ ។ លុះដើរដល់កន្លែងដាក់ម៉ាស៊ីនត្រជាក់ក្បែរបង្កាន់ដៃផ្សារ យុវជនរូបនេះក៏បានលោតចុះមកក្រោម តែក៏ទើរលើដំបូលស័ង្កសីនៅច្រកទី១១ជាន់ផ្ទាល់ដី ទើបមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ទេ គ្រាន់តែបាក់ស្រុតសំយាបដំបូលស័ង្កសីបន្តិច ។
ប្រភពដដែលឲ្យដឹងទៀតថា បើតាមឈ្មោះ យ៉ាន់ រ៉ាន ជាបងប្រុសនិយាយថា កន្លងមកនិងថ្មីៗនេះ ប្អូនរបស់ខ្លួន បានដើរលេងបាត់ពីផ្ទះ និងបាត់ទាំងម៉ូតូអស់១គ្រឿងថែមទៀត ដែលម្ដាយទើបតែទិញឱ្យ ។ ក្រោយមក ស្រាប់តែលេចមុខមកធ្វើកម្មករសុីឈ្នួលលើកដាក់អីវ៉ាន់ឱ្យគេនៅចំណតរថយន្តផ្សារអូរឫស្សី និងជាមនុស្សប្រើប្រាស់ថ្នាំញៀនរហូត ហើយស្រាប់តែលោតពីលើដំបូលផ្សារប៉ងសម្លាប់ខ្លួន តែមិនស្លាប់ដោយសារទើរលើដំបូលស័ង្កសី ។ បន្ទាប់ពីហេតុការណ៍នេះ កើតឡើង ក្រុមសន្តិសុខផ្សារអូរឫស្សី បានឡើងទៅសង្គ្រោះយុវជនបែកថ្នាំរូបនេះ រួចប្រគល់ជូនទៅនគរបាលប៉ុស្តិ៍សង្កាត់អូរឫស្សីទី១ និងបានទាក់ទងទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ឲ្យនាំយកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀន ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]