(ភ្នំពេញ)៖ ពិធីករប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិជន បន្ទាប់ពីឪពុកកូនពីរ រូបនេះ បានធ្វើកម្មវិធីសប្បុរសធម៌មួយ ដោយចូលរួមបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលផ្ដល់ឈាម នៅក្នុងថ្ងៃកំណើតរបស់ខ្លួន ធ្វើឲ្យមហាជន ស្ងោចសរសើរនូវទឹកចិត្ត របស់លោកជាខ្លាំង។

នៅក្នុងថ្ងៃកំណើត នាថ្ងៃទី១៥ ខែមិថុនា នេះ លោក ជា វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា «នេះជាការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តលើកទី៧ របស់ខ្ញុំ ឈាមមានតម្រូវការច្រើន តែការបរិច្ចាគដោយស្ម័គ្រចិត្តនៅមានចំនួនតិច សូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា ទៅចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជាបន្ទាន់រៀងរាល់ថ្ងៃ និងជាប្រចាំ។ ខ្ញុំបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស Cambodia Blood Service ខ្ញុំមានឈាមក្រុម O+ ចុះអ្នកវិញ?»។

លោក ជា វណ្ណារិទ្ធ បាននិយាយទៀតថា «ការបរិច្ចាកឈាម គឺជាសកម្មភាពមនុស្សធម៌មួយ ដ៏សំខាន់ ដែលអាចជួយដល់ជនរងគ្រោះ ជាច្រើនក្នុងមួយថ្ងៃៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍, ការសម្រាលកូន (ដែលធ្លាក់ឈាមច្រើន), ការវះកាត់ (ដែលត្រូវការឈាមយ៉ាងតិច ៣-៤ កំប្លោកឡើងទៅ)។ នៅពេលដែលយើងបរិច្ចាគឈាមម្តងៗ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងផ្តល់ប័ណ្ណមួយសម្រាប់ម្ចាស់ឈាម បញ្ជាក់ពីចំនួនដងនៃការបរិច្ចាគ មានន័យថាលោកអ្នកមានឈាម ដើម្បីរក្សាទុកក្នុងធនាគារឈាម ដូច្នេះប្រសិនបើមានញាតិមិត្ត បងប្អូនណាមានបញ្ហាត្រូវការឈាម យើងអាចយកប័ណ្ណនោះ ទៅប្តូរយកឈាមមកវិញបាន ទៅតាមចំនួនដង និង ការបរិច្ចាគរបស់លោកអ្នក ទៅជួយសង្គ្រោះដល់អ្នកជំងឺ»។

លោកបន្តថា «ក្នុងលក្ខណៈឈាមមាននៅក្នុងឃ្លាំងរក្សាទុក ព្រោះឈាមនៅមានកម្រិត ដោយមានការយល់ស្របពីម្ចាស់ឈាម ឬ ពេលអ្នកជំងឺត្រូវការឈាមជាបន្ទាន់ យើងអាចស្នើសុំពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមបាន ដោយត្រូវមានការផ្តល់ឈាមសងវិញ ពីសាច់ញាតិអ្នកជំងឺជាចាំបាច់។ ដោយយោងទៅតាមការស្ម័គ្រចិត្តបរិច្ចាគឈាម នៅមានកម្រិតតិច បើប្រៀបធៀបទៅហ្នឹងជនរងគ្រោះ ឬអ្នកជំងឺផ្សេងៗមានចំនួនច្រើននោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួម បរិច្ចាគឈាមទាំងអស់គ្នា ដើម្បីក្តីស្រឡាញ់, ជួយសង្រ្គោះដល់ម្តាយដែលសម្រាលកូន និងជួយសង្រ្គោះដល់អាយុជីវិតមនុស្ស»។

តាមរយៈទង្វើរបស់លោក ជា វណ្ណារិទ្ធ អាចបង្ហាញបានថា នេះគឺជាគំរូមួយដ៏ល្អ សម្រាប់ឲ្យមហាជន ក៏ដូចជាសិល្បករ-សិល្បការិនី ដទៃទៀត យកតម្រាប់តាម និងគួរតែចូលរួម កម្មវិធីសប្បុរសធម៌ក្នុងសង្គម ឲ្យបានច្រើន ដើម្បីចែករំលែកក្ដីស្រឡាញ់ទាំងនេះ ទៅកាន់មនុស្សជុំវិញខ្លួន៕

ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ ផ្តល់ឈាម
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ