សត្វពស់គឺប្រភេទសត្វអសិរពិសម្យ៉ាងដែលគ្មានជើង អាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស តាមរយៈពិសដ៏កាចសាហាវរបស់វា។

ហើយតាមធម្មតា អ្នកតែងតែដឹងជាទូទៅថា សត្វពស់បានផ្តល់កំណើតឱ្យកូនរបស់វាដោយការបញ្ចេញពង។ ប៉ុន្តែមិនដូច្នេះទាំងស្រុងនោះទេ សត្វពស់ គឺជាប្រភេទសត្វមួយបែប ដែលអាចបង្កើតកូនបានទៅដល់ ៣ សណ្ឋានខុសៗពីគ្នាឯណោះគឺ៖

ទី១៖ បង្កើតកូនជាពង ហើយញាស់តាមក្រោយ

ទី២៖ បង្កើតកូនជាពងលូតលាស់នៅក្នុងពោះ រួចទើបញាស់ចេញមកជាក្រោយ

ទី៣៖ បង្កើតកូនដោយចេញជាកូនមកតែម្តង។

ជាការពិតណាស់ការផ្តល់កំណើត គឺជារឿងមួយដ៏សំខាន់ណាស់សម្រាប់ជីវិតមនុស្សសត្វ បើគ្មានការផ្តល់កំណើតពិតជាគ្មានជំនាន់ក្រោយឡើយដើម្បីបន្តពូជពង្សគ្នាតទៅមុខទៀត។

ក្នុងនោះ តើពស់ផ្តល់កំណើតដល់កូនវាយ៉ាងដូចម្ដេច? ចម្លើយគឺអាស្រ័យលើប្រភេទសត្វពស់។ ប្រភេទសត្វពស់ខ្លះផ្តល់កំណើតកូនជាពង ប៉ុន្តែខ្លះទៀតផ្តល់កំណើតឱ្យកូនចេញមកជាកូនពស់តែម្តងដូចទៅនឹងរូបរាងរបស់មេវាតែម្តង។  

សត្វពស់កើតកូន

តទៅនេះយើងមកស្គាល់ប្រភេទរបស់វាដូចខាងក្រោមនេះ៖

១) ប្រភេទ Oviparous៖ ពស់ភាគច្រើន (ប្រហែលជា ៧០ភាគរយ នៃពួកវា) បានផ្តល់កំណើតឱ្យកូនរបស់វាក្នុងរូបរាងជាពង បន្ទាប់មកពងទាំងនោះត្រូវបានរក្សាទុករហូតទាល់តែញាស់កូនចេញពីសំបក ដោយមេរបស់វាបានផ្តល់កំដៅឱ្យវាជានិច្ចដូចជាការក្រាបពីលើជាដើម។ នេះរួមបញ្ចូលទាំងសត្វពស់ កណ្ដុរ និងប្រភេទសត្វដទៃទៀតជាច្រើនទៀតផងដែរ។  

សត្វពស់ក្រាបពង
កូនពស់ញាស់ចេញពីពង

២) ប្រភេទ Viviparous៖ នេះគឺជាពេលដែលគ្មានស៊ុតអ្វីទាំងអស់។ ពស់ប្រភេទនេះវាអាចផ្តល់ ជីវជាតិចិញ្ចឹមកូនដែលកំពុងលូតលាស់តាមរយៈសុក និងថង់ពងពិសេសមួយ ខុសប្លែកពីធម្មតាក្នុងចំណោមប្រភេទសត្វល្មូនដទៃទៀត។ ហើយភាគច្រើនគេតែងសង្កេតឃើញសត្វពស់ដែលមានសម្បុរខ្លួនពណ៌បៃតង និងចាត់ចូលជាពួកពស់ Viviparous អាចផ្តល់កំណើតដល់កូនជារូបរាងដូចខ្លួនតែម្តងតាំងពីក្នុងពោះមកម្ល៉េះដោយមិនចាំបាច់ឆ្លងកាត់ នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ណាមួយទៀតនោះឡើយ។

កូនសត្វពស់ទើបនឹងកើត

៣) ប្រភេទ Ovoviviparous៖ អ្នកអាចគិតថានេះគឺជាការឆ្លងកាត់រវាងស្រទាប់ស៊ុត និងការញាស់ចេញជាកូនពស់តែម្តង។ ពស់នេះជាពស់ញី ដែលមានពងអូវុលអាចបង្កើតពងនៅខាងក្នុងខ្លួនរបស់បាន និងធ្វើឱ្យកូនពស់លូតលាស់នៅក្នុងនោះ ទើបអាចកើតមកខាងក្រៅបានជាកូនពស់ ព្រមទាំងមានលក្ខណៈរឹងមាំមករួចជាស្រេចតែម្តង។ 

ដោយជាទូទៅស៊ុតញាស់ នៅខាងក្នុងពោះរបស់ពស់ញីនេះហើយ ទើបលេចចេញជាកូនពស់យ៉ាងពេញលេញដោយគ្មានសំបកពងនៅការពារទៀតនោះទេ។ ជាក់ស្តែងមានន័យថាពួកវា អាចផ្តល់កំណើតឱ្យកូនពស់ដោយមានការវិវត្តន៍ និងរក្សាស៊ុតនៅក្នុងខ្លួនបានយ៉ាងអស្ចារ្យ ដែលត្រូវគេរាប់ចាត់ទុកថាជាអំបូរពូជពស់ពិសេសខុសពីគេ។ 

កូនពស់លូតលាស់ក្នុងពោះមេរបស់វា

# តើសត្វពស់ប្រភេទណាខ្លះដែលផ្តល់កំណើតឱ្យកូនជាកូនពស់តែម្តង?

ដូចដែលបានរៀបរាប់ខាងលើ ប្រភេទសត្វពស់ Viviparous អំបូរជីវចម្រុះ (គ្មានពង) និងសត្វពស់ Ovoviviparous (ពងរក្សាទុកក្នុងខ្លួនប្រាណ) អាចផលិតជាកូនពស់មកបានតែម្តង ហើយពស់វែកដែលពិសសាហាវត្រូវបានគេចាត់ទុកចូលនៅក្នុងអំបូរនេះទាំងអស់។ មិនតែប៉ុណ្ណោះក្រុមពស់ប្រភេទ Boidae និង Colubridae ដែលភាគច្រើនរស់នៅព្រៃក្រាស់ៗក្នុងប្រទេសអាមេរិក ក៏ត្រូវបានគេរួមបញ្ចូលក្នុងប្រភេទសត្វដែលផ្តល់កំណើតឱ្យកូនជាកូនមកតែម្តងផងដែរ។

ការពិតគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ នៅពេលសត្វពស់កូនកើតមកផ្ទាល់ដូចជាករណីពស់ប្រភេទ Viviparous និងប្រភេទ Ovoviviparous ជាដើម ពេលកូនវាកើតមកផុតពីពោះរបស់មេហើយ គឺពួកវាមានសមត្ថភាពទាំងស្រុងដោយអាចមានការផ្លាស់ប្តូរដ៏រឹងមាំដោយខ្លួនឯងផ្ទាល់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានការការពារពីឪពុកម្តាយទៀតនោះទេ។

ពោលគឺវា អាចរស់នៅដោយពឹងពាក់លើខ្លួនឯងបាន ក្នុងពិភពលោកសត្វពស់ដូចគ្នា រាប់ចាប់ផ្តើម តាំងពីពេលចាប់កំណើតរហូតដល់ធំពេញវ័យ ព្រោះពេលវាកើតមកមានលក្ខណៈយ៉ាងពេញលេញជាមួយឆ្អឹង ដែលបង្កប់ទៅដោយពិសកំណាចបន្តពីមេបារបស់ខ្លួនតែម្តង ខុសប្លែកពីសត្វពស់ដែលបានចាប់កំណើតក្នុងរូបរាងញាស់ពីពងរបស់មេវា។  

ប្រភេទពស់រស់នៅព្រៃក្រាស់ៗក្នុងប្រទេសអាមេរិក
ប្រភេទពស់រស់នៅព្រៃក្រាស់ៗក្នុងប្រទេសអាមេរិក

# តើសត្វពស់ប្រភេទណាខ្លះដែលផ្តល់កំណើតឱ្យកូនពស់ជាពង?

ដូចដែលបានរៀបរាប់ខាងលើមានប្រហែល ៧0ភាគរយ នៃសត្វពស់ទាំងអស់នៅលើពិភពលោកផ្តល់កំណើតឱ្យកូនរបស់វា ក្នុងរូបរាងជាពងនៅក្នុងពោះ។ រួមមានដូចជាប្រភេទពពួកសត្វពស់ត្រកូល Elapidae ដ៏ធំជាងគេ ដែលមានចំនួន ២/៣ នៃប្រភេទសត្វពស់ទាំងអស់។ 

ក្នុងករណីនេះ ពស់ញីប្រភេទមួយចំនួន ក៏បានបោះបង់ចោលពងរបស់ខ្លួនក្នុងរយៈពេលខ្លី បន្ទាប់ពីទម្លាក់ពីពោះរួចរាល់ ប៉ុន្តែក្រោយមកវាក៏បានត្រលប់មកវិញដើម្បីរុំព័ទ្ធ និងការពារកូនពងរបស់ពួកវា ព្រមទាំងរក្សាភាពកក់ក្តៅរហូតទាល់តែពងទាំងនោះត្រៀមខ្លួនរួចរាល់ក្នុងការញាស់ចេញជារូបរាង។ ហើយក៏មានពស់មួយចំនួនទៀតបានបង្កើតសំបុកសម្រាប់កូនពងរបស់វា និងស្នាក់នៅជាមួយគ្នារហូតដល់ញាស់។

ពស់កើតកូនមកជាពង

ដូច្នេះសរុបមកវិញ ភាគច្រើននៃប្រភេទពស់របស់ពិភពលោកប្រហែលជា ៧0ភាគរយ ត្រូវបានគេដឹងថាវាបង្កើតកូនដោយការបញ្ចេញពងហើយញាស់។ ប៉ុន្តែពពួកសត្វពស់ដែលមានពិសខ្លាំងក្លា និងពស់ដែលមានរូបរាងជាក្រឡាៗនៅលើខ្លួន ព្រមទាំងប្រភេទពស់ចំនួនធំទៀតដែលរស់នៅតាមសមុទ្រភាគច្រើនគឺសុទ្ធតែផ្តល់កំណើតចេញមកជាកូនពស់តែម្តង៕ 

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព៖ Reptileknowledge /Gangbeauty

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]