ជប៉ុន៖ ក្រុមហ៊ុនសាជីវកម្ម Sharp បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា គេនឹងចាប់ផ្ដើមលក់បង្គន់ឆ្លាតវៃសម្រាប់សត្វឆ្មានៅក្នុងប្រទេសជប៉ុន ដែលបង្គន់ឆ្លាតវៃនេះអាចធ្វើការពិនិត្យទឹកនោមឆ្មា និងថ្លឹងពីទម្ងន់របស់វាដើម្បីតាមដានពីសុខភាពឆ្មា ដោយស្វ័យប្រវត្តិបាន។ លើសពីនេះទៅទៀត វាថែមទាំងអាចផ្ដល់ដំណឹងទៅកាន់ទូរស័ព្ទរបស់ម្ចាស់ឆ្មាបានទៀតផង បើសិនជាវារកឃើញថាមានភាពមិនប្រក្រតី។

ការចេញលក់ផលិតផល Sharp’s Pet Care Monitor នេះគឺជាការលូកដៃរបស់ក្រុមហ៊ុន Sharp ចូលក្នុងទីផ្សារសត្វចិញ្ចឹមដំបូងបំផុត ហើយគេនឹងដាក់លក់ផលិតផលនេះនៅក្នុងថ្ងៃទី ៣០ ខែកក្កដា ខាងមុខនេះ ដែលមានតម្លៃ ២២៦ដុល្លារ បើមិនបញ្ចូលតម្លៃពន្ធ។

នេះគឺជាផលិតផលដំបូងរបស់ក្រុមហ៊ុននេះ ដែលផ្ដោតលើសត្វចិញ្ចឹមតែម្យ៉ាងគត់ ហើយនេះក៏ដោយសារទីផ្សារសត្វចិញ្ចឹមកំពុងរីកលូតលាស់យ៉ាងលឿននៅក្នុងប្រទេសជប៉ុន។ គេរំពឹងថានឹងអាចរកប្រាក់ចំណូលបាន ៩០លានដុល្លារឲ្យបាននៅត្រឹមឆ្នាំ២០២០ ក្នុងទីផ្សារសត្វចិញ្ចឹមនេះ។

បង្គន់ឆ្លាតវៃ

អ្នកតំណាងក្រុមហ៊ុន Sharp បានលើកឡើងថា «សត្វចិញ្ចឹមត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាផ្នែកមួយនៃគ្រួសាររបស់គេ ហើយបច្ចេកវិទ្យាអុិនធឺណេតក៏ត្រូវបានគេប្រើយ៉ាងច្រើននៅក្នុងផលិតផលផ្សេងៗផងដែរ។ យើងចូលរួមទីផ្សារនេះដើម្បីពង្រីកទីផ្សាររបស់យើង និងធ្វើឲ្យជីវិតមានភាពប្រសើរជាងមុន»។

បង្គន់ឆ្លាតវៃសម្រាប់ឆ្មានេះ តាមដានពីទម្ងន់របស់ឆ្មា ចំនួននៃទឹកនោម ចំនួនដងដែលឆ្មាប្រើដើម្បីនោម និងរយៈពេលដែលឆ្មាប្រើនៅក្នុងបង្គន់។ បន្ទាប់មកប្រាជ្ញាសិប្បនិម្មិតនឹងវិភាគទិន្នន័យទាំងនោះ។

បើសិនជាគេរកឃើញថាមានភាពមិនប្រក្រតីដូចជា ឆ្មាប្រើពេលនៅក្នុងបង្គន់យូរខ្លាំងជាងធម្មតា ឬចំនួននៃទឹកនោមច្រើនពេក ឬតិចពេក បង្គន់ឆ្លាតវៃនេះនឹងផ្ដល់ដំណឹងដល់ម្ចាស់សត្វតាមរយៈទូរស័ព្ទរបស់គេ។  

ទីស្នាក់ការ Sharp

ភាពពេញនិយមនៃសត្វឆ្មានៅក្នុងប្រទេសជប៉ុន បានកើនឡើងដោយសារសត្វឆ្កែត្រូវការការថែទាំច្រើនខ្លាំងណាស់ ដែលរួមមានការបណ្ដើរឆ្កែជារឿយៗជាដើម។ កាលពីខែធ្នូ ឆ្នាំមុននេះ សមាគមន៍ចំណីសត្វចិញ្ចឹមនៅជប៉ុន បានប៉ាន់ស្មានថាចំនួនសត្វឆ្មានៅក្នុងប្រទេស នឹងកើនឡើងដល់ ៩លាន ៥សែនក្បាល ដែលមានច្រើនជាងចំនួនសត្វឆ្កែទៅទៀត ដែលមានត្រឹមជិត ៩លានក្បាលតែប៉ុណ្ណោះ ហើយវាគឺជាលើកដំបូងបំផុតដែលចំនួនសត្វឆ្មា មានច្រើនជាងចំនួនសត្វឆ្កែ នៅក្នុងប្រទេសនេះចាប់តាំងពីការស្រង់ទិន្នន័យដំបូងបំផុតក្នុងឆ្មាំ ១៩៩៤មក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]