រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះមានរយៈពេលជាង២០ឆ្នាំហើយដែលក្រុមគ្រួសារនៃវង្សត្រកូលខាត់ចាប់ផ្តើមអាជីពសិល្បៈតាមរយៈការលេងភ្លេងបុរាណក្នុងពិធីនានា ស្ទើរតែមួយគ្រួសារ ។
បើទោះបីជាមកដល់សម័យបច្ចុប្បន្នវង្សត្រកូលអ្នកលេងភ្លេងប្រពៃណីមួយនេះហាក់មិនសូវបានសម្តែងជុំគ្នា ដោយសារតែមានការវិវឌ្ឍខ្លួនទៅតាមអាជីពសិល្បៈផ្សេងទៀតក៏ដោយ ក៏ប៉ុន្តែវង្សត្រកូលខាត់នៅមិនទាន់ទៅណាឆ្ងាយពីអាជីពដើមរបស់ខ្លួនឡើយ ។ ពួកគេទាំងអស់នោះនៅតែមានជំនាញកាន់ភ្លេងបុរាណដដែល ហើយនៅតែចេញសម្តែងព្រមគ្នា ក្នុងករណីដែលមានតម្រូវការ បើទោះបីជាមានអ្នកខ្លះមានគ្រួសារ និងខ្លះមានអាជីពផ្សេងពីនេះក៏ដោយ ។
ក្នុងនាមជាកូនច្បងទី២បន្ទាប់ពីអ្នកនាង ខាត់ សុឃីម តារាកំប្លែងលោកខាត់ ចំរើន ហៅនាយកន្តេះឡង់ កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា ក្រុមគ្រួសាររបស់លោកមានបងប្អូន៩នាក់ក្នុងនោះកូនបងគេគឺអ្នកនាងខាត់ សុឃីម មានស្វាមី និងកូន២នាក ។ បន្ទាប់មកគឺលោកផ្ទាល់ខាត់ ចំរើន មានភរិយា កូន៣នាក់ ។ ខាត់ សារ៉ុម ជាកូនទីបី មានប្រពន្ធកូន២ ។ ខាត់ សារ៉េន មានប្រពន្ធ កូន២ ។ ខាត់ ស្រីវង មានស្វាមី និងកូន២នាក់ ហើយបច្ចុប្បន្នបានចេញទៅរស់នៅអាមេរិកហើយ ។ បន្ទាប់មកខាត់ យ៉ៃ មានប្រពន្ធ និងកូន១។ ខាត់ សេរី រៀបការមានកូន១ ។ ខាត់ សួស្តី កូន១ ។ ចំណែកកូនពៅគេគឺ ខាត់ ណាចារ នៅលីវមិនទាន់មានគ្រួសារនៅឡើយទេ ។ ត្រកូលខាត់ទាំងអស់សុទ្ធតែជាអ្នកលេងភ្លេង អត់តែកូនស្រីពៅម្នាក់ប៉ុណ្ណោះដែលនាងគឺជាអ្នកសម្អាងការ និងបង្ហាត់សិស្សផងដែរ។
លោកខាត់ ចំរើន បញ្ជាក់ថា «ក្រុមគ្រួសារបងប្អូនរបស់ខ្ញុំគឺមានជំនាញ រៀងៗខ្លួន ហើយសម្រាប់ឧបករណ៍ភ្លេងបុរាណនេះទៀតសោតគឺអាចឆ្លាស់គ្នាលេងបានទាំងអស់ គ្រាន់តែពេលចេញសម្តែងរួមគ្នា ម្តងៗគឺត្រូវឲ្យកាន់តែមួយមុខប៉ុណ្ណោះ ។ មកដល់បច្ចុប្បន្ននេះបងប្អូនត្រកូលខាត់របស់ខ្ញុំបានវិវឍ្ឍខ្លួនខ្លះហើយ ដោយនៅក្នុងនោះបងស្រីខាត់ សុឃីម វិលមកសម័យច្រើន ហើយរូបខ្ញុំក៏មកលេកំប្លែងខ្លះ និងសម័យខ្លះ ចំណែក ប្អូនៗផ្សេងទៀតបានចាប់ជំនាញភ្លេងសម័យ តែនៅមិនចោលបុរាណទាំងស្រុងឡើយ ។ បើទោះបីជាបងប្អូនរបស់ខ្ញុំបានមានគ្រួសារស្ទើរគ្រប់គ្នាក៏ដោយ ប៉ុន្តែវង្សភ្លេងត្រកូលខាតក៏នៅតែលេងជុំគ្នាដដែល ប្រសិនបើមានតម្រូវការ តែបើសិនមានការទទួលពីររោង គឺត្រូវបំបែកក្រុមគ្នាលេង ។ យ៉ាងណាក៏ដោយនៅពេលដែលក្រុមគ្រួសាររបស់ខ្ញុំបានលេងជុំគ្នានោះគឺមានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែពួកខ្ញុំមិនងាយបានជុំគ្នាឡើយ ព្រោះចូលខែរវល់គឺមានការងារធ្វើរៀងខ្លួន »។
លោកខាត់ ចំរើន ឲ្យដឹងបន្ថែមថា ចាប់តាំងពីលោកលេងឧបករណ៍ភ្លេងបុរាណរហូតមកដល់ពេលនេះ គឺមានរយៈពេលជាង២០ឆ្នាំមកហើយ ដោយសារតែលោកបានចាប់ផ្តើមលេងតាំពីអាយុ៧ឆ្នាំមកម្ល៉េះ ។ ទោះជាយ៉ាងណាក្តីលោកថា ចាប់តាំងពីការផ្ចុងផ្តើមពីការបង្ហាត់បង្រៀនភ្លេងខ្មែរពីឪពុករបស់លោក ក៏ដូចជាការជួយទំនុកបម្រុងពីបងស្រីខាត់ សុឃីម ជាបន្តបន្ទាប់មក រហូតមកដល់ពេលនេះក្រុមគ្រួសាររបស់លោកមានជីវភាពមួយសមរម្យ បើទោះបីជានៅមានកម្រិត តែអាចរស់នៅក្នុងសង្គមនេះបានដូចគេឯងផងដែរ ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]