ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ អាចការពារយើងពីមេរោគទាំងខាងក្រៅ និងក្នុងខ្លួនហើយដរាបណាយើងអាចរក្សាប្រព័ន្ធការពាររាងកាយឲ្យនៅខ្ពស់  ពុំអាចមានជំងឺណាយាយីយើងបានឡើយ។ ដូច្នេះខាងក្រោមនេះនឹងផ្តល់នូវប្រិយមិត្តអ្នកអានទាំងឡាយនូវវិធីសាស្ត្រសាមញ្ញចំនួន៨ ដែលអាចយកទៅអនុវត្តភ្លាមៗបាន។

១. ការធ្វើលំហាត់ប្រាណជាប្រចាំ

លំហាត់ប្រាណជារៀងរាល់ថ្ងៃ អាចជួយដល់ទាំងផ្នែករាងកាយ និងទាំងផ្នែកស្មារតី ជាពិសេសផ្នែករាងកាយនេះឯង។  ការហាត់ប្រាណ ពុំចាំបាច់តែប្រើប្រាស់នូវកំលាំងកាយខ្លាំងទើបយើងទទួលបានអត្ថប្រយោជន៍ពីវានោះទេ  គ្រាន់តែការដើរចំនួន ៣០នាទីជារៀងរាល់ថ្ងៃ ក៏មានឥទ្ធិពលវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំរាងកាយយើងដែរ។ដូច្នេះបុគ្គលណាដែលពុំឆ្លៀតធ្វើលំហាត់ប្រាណជាប្រចាំ ងាយនឹងឆ្លងជំងឺជាងបុគ្គលដែលអនុវត្តជាប្រចាំ។

២. ការដេកឲ្យបានគ្រប់គ្រាន់

ជារៀងរាល់យប់ អ្នកគួរសម្រាន្តឲ្យបានពី ៧ទៅ៩ម៉ោង ដើម្បីខ្លួនប្រាណយើងធ្វើការជួសជុលរាល់ផ្នែកដែលខូចខាត  សាងសង់កោសិកាថ្មី  ជាពិសេសប្រឆាំងនឹងមេរោគដែលអាចបង្កជំងឺ។  ប្រសិនបើអ្នករវល់ពុំអាចទទួលបានការដេកគ្រប់គ្រាន់ទេនោះ ខ្លួនប្រាណនឹងគ្មានលំនឹង ហើយសរីរាង្គងាយនឹងរលាកដោយសារមេរោគយាយី។ដូច្នេះយ៉ាងតិចណាស់ អ្នកគប្បីដេកឲ្យបាន ៧ម៉ោងដែរក្នុងមួយថ្ងៃដើម្បីសុខភាពរាងកាយទាំងមូល។

៣.  កាត់បន្ថយសុរា និង ឈប់ជក់់

ការពិសាស្រាក្នុងបរិមាណមួយសមរម្យដូចជា ១ថ្ងៃត្រឹម១កំប៉ុងអាចជួយដល់សុខភាពរាងកាយយើង តែបើយើងផឹកលើសកំណត់ ឬច្រើនហួសហេតុ វាអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយកើតជំងឺ ហើយជាពិសេសប៉ះពាល់ដល់សរីរាង្គថ្លើមនេះឯងដូចជាគ្រិនថ្លើម  បែកកោសិកាថ្លើម ជាដើម។  ចំណែកការប្រើប្រាស់ គ្រឿងជក់វិញ អាចបង្កឲ្យសួតរងការខូចខាត និងងាយកើតជំងឺសួតទាំងឡាយដូចជាជំងឺរលាកដើមសួត និងជំងឺរលាកទងសួត។  ជាពិសេសការជក់បារី អាចនឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកដែលបង្កឲ្យស្លាប់បាន។

៤. ហូបបន្លែផ្លែឈើ

នៅពេលអ្នកជ្រើសរើសការហូបផ្លែឈើ និងបន្លែ  អ្នកគួររកប្រភេទផ្លែឈើដែលមានរសជាតិជូរ និងបន្លែបៃតងដែលមានស្លឹក។ ព្រោះពពួករុក្ខជាតិទាំងពីរប្រភេទនេះ ជាប្រភពនៃវិតាមីនសេដែលពង្រឹងនូវប្រព័ន្ធការពាររាងកាយយើងបានយ៉ាងល្អ និងអាចប្រឆាំងជាមួយការបៀតបៀនពីមេរោគទាំងឡាយ។

៥. ស្រូបយកខ្យល់អាកាស និងពន្លឺថ្ងៃ

ពន្លឺថ្ងៃ អាចភ្ញោចកោសិកាស្បែក និងមានសារៈសំខាន់យ៉ាងខ្លាំងសំរាប់ការលូតលាស់ឆ្អឹងពីវីតាមីនដេ ហើយក៏ជួយរាងកាយយើងការពារពីជំងឺទូទៅដែរ។  ការខ្វះ វីតាមីនដេ អាចឲ្យអ្នកងាយនឹងកើតមានបញ្ហាប្រព័ន្ធដង្ហើម។ ដូច្នេះជារៀងរាល់ព្រឹកអ្នកគួរទទួលយ៉ាងតិចឲ្យបាន ១៥នាទីនៃពន្លឺថ្ងៃ។ 

៦. គ្រប់គ្រងភាពស្ត្រេស

ស្ត្រេស អាចប៉ះពាល់ដល់ស្មារតី អារម្មណ៍ និងរាងកាយយើងទាំងមូលឲ្យមានភាពខុសប្រក្រតី។   បើជាញឹកញាប់អ្នកយកស្ត្រេសដាក់ខ្លួន គឺប្រៀបបីដូចជាអ្នកយកមេរោគដាក់ខ្លួនអីចឹងដែរ។ ពីព្រោះនៅពេលយើងស្ត្រេស ខ្លួនប្រាណយើងបញ្ចេញនូវអរម៉ូនម៉្យាងពីក្រពេញលើតម្រង់នោម ដែលជួយរាងកាយយើងប្រឆាំងនឹងការស្ត្រេស។  ប៉ុន្តែនៅពេលបរិមាណវាច្រើនពេក វាអាចបំផ្លាញកោសិកា និងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយទៅវិញ។  ដូច្នេះជារៀងរាល់ថ្ងៃ បើទោះបីជាការងារប្រចាំថ្ងៃពុំទុកពេលឲ្យអ្នកឆ្លៀតដកដង្ហើមក៏ដោយ  អ្នកគួររកពេលសំរាកលំហែខួរក្បាល គយគន់ទេសភាព  ស្តាប់បទចំរៀងខ្លះដែរដើម្បីសុខភាពរបស់អ្នក ព្រោះលុយពុំអាចទិញសុខភាពបានឡើយ។ ជាពិសេស ការសមាធិអារម្មណ៍ក៏ជាវិធីសាស្ត្រងាយៗមួយក្នុងការកាត់បន្ថយភាពស្ត្រេសផងដែរ។

៧. បរិភោគនូវខ្ទឹម

រួមបញ្ចូលខ្ទឹមស្រស់ក្នុងរបបអាហារ អាចជម្រុញឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងប្រឆាំងជាមួយជំងឺបាន។ ប៉ុន្តែអ្នកគួរព្យាយាមប្រើប្រាស់វាទាំងស្រស់ដោយពុំទាន់បំពងវា ព្រោះការធ្វើបែបនេះ ទើបអ្នកទទួលបានសារធាតុចិញ្ចឹមយ៉ាងច្រើនពីវា។

៨. ពិសាតែបៃតង

តែបៃតង ជួយយ៉ាងច្រើនដល់ស្មារតី និងរាងកាយយើងទាំងមូល  ព្រោះវាមានផ្ទុក សារធាតុការពារការខូចខាតកោសិកាដែលហៅថាអង់ទីអុកស៊ីដង់ ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងការពារពីការបំផ្លិចបំផ្លាញដោយសារធាតុរ៉ាឌីកាល់សេរី ដែលមានក្នុងខ្លួនយើង និងសារធាតុពីខាងក្រៅដែលអាចធ្វើឲ្យខូចខាតដល់កោសិកាយើង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]