ចិន៖ ដោយសារតែភាពធ្វេសប្រហែស រថយន្តស៊េរីទំនើប BMW មួយគ្រឿង ត្រូវបានអណ្តាតភ្លើងលេបត្របាក់សល់តែគ្រោងឆ្អឹង បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបុរសជាម្ចាស់ជនជាតិចិនម្នាក់ សែនអុជធូបទានជំនាងឡានថ្មីដែលទើបនឹងទិញនោះ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ក្រោយទិញបានរថយន្តថ្មីស្រឡាងមួយគ្រឿង BMW បុរសដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ រស់នៅក្នុងទីក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន បានរៀបចំសែនសំណែន ធូបទាន គ្រឿងក្រអូប ក្រណាត់ក្រហមផ្សេងៗ ដើម្បីសុំសេចក្តីសុខពីជំនាងឡានថ្មីនោះ ឲ្យការបើកបរមានសុវត្ថិភាព។

ប៉ុន្តែផ្ទុយវិញ ស្រាប់តែជួបរឿងស៊យធំ ព្រោះតែធ្វេសប្រហែសរឿងភ្លើងទាន បណ្តាលឲ្យឆាបឆេះរថយន្តសល់តែគ្រោងឆ្អឹង ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ខណៈឯអ្នកមួយចំនួនបែរជាគិតថា ទំនងជាព្រះ ឬដូនតាមិនពេញចិត្តឡានដែលគាត់ទិញនោះហើយ ទើបធ្វើឲ្យក្តៅក្រហាយទៅជាបែបនេះ។

សែនមិនប្រយ័ត្នឆេះឡានថ្មីទើបនឹងទិញ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយលើបណ្តាញសង្គម គេឃើញរយថយន្តស៊េរីទំនើប BMW ដែលទិញក្នុងតម្លៃ ៤៧០,០០០យ័ន (ឬប្រហែល ៧៣,០០០ដុល្លារអាមេរិក) ខាងលើនោះ ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ហុយផ្សែងខ្មៅជុកជាក់ពេញប្លុក (តំបន់ជុំវិញផ្ទះ) ដែលបុរសស៊យនោះរស់នៅ និងផ្អើលអស់អ្នកជិតខាងតែម្តង។

ត្រឹមតែរយៈពេល ២០នាទីតែប៉ុណ្ណោះ រថយន្តដ៏ថ្មីស្រឡាងមួយគ្រឿងខាងលើនេះ ឆេះអស់សល់តែគ្រោងឆ្អឹង និងបន្ទាប់ពីការជួយធ្វើអន្តរាគមន៍ ពីខាងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ។

គួរឲ្យដឹងផងដែរថា យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក រថយន្តថ្មីស្រឡាងទើបនឹងទិញលើនេះ ក៏មិនទាន់មានបានធ្វើស្លាកលេខនៅឡើយដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

សែនមិនប្រយ័ត្នឆេះឡានថ្មីទើបនឹងទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]