(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្ត្រីជនជាតិចិនម្នាក់ ដែលកំពុងដើររុញទេះកូនតូចនៅតាមផ្លូវក្នុងបុរីពិភពថ្មី។ លុះពេលឆក់បានហើយ ជនសង្ស័យទាំង២នាក់ បានព្យាយាមជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខយាមបុរីខាងលើនោះ សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ១ ចាប់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦៖៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ចោមចៅ១ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សាន លាងហុង អាយុ១៥ឆ្នាំ រៀននៅសាលាអាមេរិកកាំងសាខាទី១៧ចោមចៅ១ និងរស់នៅក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ រ៉ាវីត អាយុជិត២០ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GX-1067 គេចខ្លួនបាត់ស្រមោល។

ដោយឡែក ស្រ្តីរងគ្រោះឈ្មោះ Thing Jifen អាយុ៣៨ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិករោងចក្រកាត់ដេរ ស្នាក់នៅក្នុងបុរីពីភពថ្មីខាងលើ ហើយទូរសព្ទដែរបស់គាត់ដែលត្រូវជនសង្ស័យឆក់យកនោះគឺម៉ាក IPhone 8plus ។

សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ១ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរតាមផ្លូវរុញរទេះកូនស្រីដែលទើបបានអាយុ២១ខែ ហើយក៏ឆ្លៀតពេលនិយាយទូរសព្ទផង។ លុះបន្តិចក្រោយមក ស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅដល់ និងធ្វើសកម្មភាពឆក់យកទូរសព្ទ ព្រមទាំងបានជិះរត់គេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោរឡោបង្កការភ្ញាក់ផ្អើល។

ក្រោយពីមានការភ្ញាក់ផ្អើល សន្តិសុខ និងនគរបាលប៉ុស្តិ៍ចោមចៅ១ បានសហការគ្នា ដោយចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ ជនសង្ស័យខាងលើដែលត្រូវបានចាប់ខ្លួន ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចោរឆក់
ចោរឆក់
ចោរឆក់
ស្រ្តីជនជាតិចិន

ប្រភព :

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]