រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​យក​គ្រឿងអលង្ការ​របស់​អ្នក​ជិតខាង​ដែល​​ជា​អ្នកលក់​គ្រឿងសំណង់​ម្នាក់ ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។ 

ប៉ុន្តែ​អ្វី​ដែល​បែក​ការណ៍​នោះ គឺ​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាង​ ដែល​បាន​ដំឡើង​ក្បែរ​ផ្ទះ​នោះ ក៏​បានឃើញ​ក្រុម​ជនសង្ស័យ​ខាងលើ​ ចូល​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​បង្អួច​ផ្ទះ​របស់​ខ្លួន​ចូល​លួច​គ្រឿង​អលង្ការ។ ទោះជា​យ៉ាងណា ម្ចាស់ផ្ទះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗទេ ​ព្រោះ​រវល់​ធ្វើ​ការងារ លុះ​៣​ថ្ងៃ​ក្រោយមក ជនសង្ស័យ​ញ៉ាម​ក៏​ទៅ​ធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​អ្នក​ជិតខាង​ម្នាក់​ផ្សេង​ទៀត​។ ​ខណៈនោះ ដោយសារ​ស្គាល់​ភិនភាគ​តាម​កាមេរ៉ា​សុវត្ថិភាព​ស្រាប់​ផង ទើប​អ្នក​ភូមិ​រាយការណ៍​ជូន​នគរបាល​ចាប់ខ្លួន​បាន​ម្នាក់នាំ​ទៅ​សាកសួរ​និង​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​ជា​បន្តបន្ទាប់​ទៀត ។ ការ​ចាប់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែមិថុនា និងវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​នៅ​ក្បែរ​គំនរ​សំរាម ស្ថិត​ក្នុងភូមិ​បារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យ​ទាំង​៥​នាក់​នេះ ​មាន ១-​ឈ្មោះ សាន ជាតក់ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ បូ សុខ​ហួ​ន អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ យុន បញ្ញា អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៤-​ឈ្មោះ ឌូ រតនា ហៅ​ហុយ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ទាំង​៤​នាក់​នេះ ស្នាក់​នៅ​ក្បែរ​គំនរ​សំរាម ក្នុងភូមិ​បារគូ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៥-​ឈ្មោះ នួន លី​ម អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ

(​ជន​នេះ​ត្រូវ​ចាប់ខ្លួន​បាន​មុនគេ​) ស្នាក់​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ចំណែក​ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​ឈ្មោះ ឌិន ឡាំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​គ្រឿងសំណង់ អាសយ​ដ្ឋាន​ផ្ទះ​លេខ​D៩ ផ្លូវលំ ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា វេលា​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក ម្ចាស់ផ្ទះ​បាន​បិទទ្វារ​ផ្ទះ​និង​ទ្វាររបង​ដោយ​ចាក់សោ​ត្រឹមត្រូវ រួច​ក៏​ចេញ​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន ។រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ហើយ​ចាក់សោ​ទ្វារ​និង​ដើរចូល​ទៅ​ក្នុងផ្ទះ ស្រាប់តែ​ភ្ញាក់​ព្រើត​ព្រោះ​ឃើញបង្អួច​ផ្ទះ​មាន​ស្នាម​គាស់​ដាច់​ចម្រឹង​អស់ ។ បន្ទាប់​មក ទៅ​មើល​អី​វាន់​នៅ​ក្នុងផ្ទះ​មាន​សភាព​រប៉ាត់រប៉ាយ ហើយ​គ្រឿងអលង្ការ​ខ្សែ​ក​ប្លា​ទី​ន​ចំនួន​២​ខ្សែ​សរុប​ទម្ងន់​៤​ជី រួម​នឹង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ត្រូវ​លួច​យក​បាត់ ។ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ជន​រង​គ្រោះ​បាន​ពឹងពាក់​អ្នក​ជិតខាង​សុំ​ឆែក​មើល​កាមេរ៉ាសុវត្ថិភាព​ដែ​ដាក់​នៅ​ខាង​មុខ​ផ្ទះ ឃើញ​ជន​ឈ្មោះនួន លី​ម ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ចូល​ទៅ​គាស់​ចម្រឹង​បង្អួច ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួនប៉ុន្តែ​គាត់​មិន​បាន​ប្ដឹង​នគរបាល​ឡើយ ។

លុះ​មកដល់​ថ្ងៃ​ទី​៩ ​មិថុនា វេលា​ម៉ោង​៥​និង​៣០​នាទីល្ងាច ជន​ឈ្មោះ នួន លី​ម ដដែល​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​គាស់​បង្អួច​ផ្ទះ​អ្នក​ភូមិ​ម្នាក់ទៀត ខណៈ​ម្ចាស់ផ្ទះ​នោះ​មិន​នៅ​គឺ​បិទទ្វារ​ចាក់សោ​ចោល ។ ភ្លាម​ៗ​នោះ ដោយ​ដឹង​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ថា ជនសង្ស័យ​ខាងលើ​គឺជា​ចោរ​គាស់​ផ្ទះ​លក់​គ្រឿងសំណង់ ទើប​អ្នក​ភូមិ​រាយការណ៍​ជូន​នគរបាល​ខណ្ឌដង្កោ ដែល​កំពុង​ល្បាត​ជិត​នោះ​ស្រាប់​ចាប់ខ្លួន​ភ្លាម​ៗ រួច​នាំ​ទៅ​សាកសួរ ហើយ​មក​ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ក៏​ឈាន​ទៅ​ចាប់ខ្លួន​បក្សពួក​៤​នាក់​ទៀត ៕ ​

ជនសង្ស័យ​ចំនួន​៥​នាក់​

ប្រភព : kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]