រុស្ស៊ី៖ ព្រឹត្តិការណ៍ World Cup គឺជាសុបិននិងគោលដៅរបស់ប្រទេសជាច្រើននៅទូទាំងពិភពលោក ដោយសមាជិកទាំង២១០របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA សុទ្ធសឹងតែមានសិទ្ធចូលប្រកួតដើម្បីដណ្តើមកៅអីគ្នា ប៉ុន្តែមានតែ ៣២ប្រទេសប៉ុណ្ណោះ ដែលមានសំណាងអាចបានជាប់ឈ្មោះទៅលេងនៅក្នុងព្រឹត្តិការណ៍នោះ។

សម្រាប់ក្រុមជម្រើសជាតិទាំង៣២នោះ មានវត្តមាននៅក្នុងព្រឹតិ្តការណ៍នេះវាពិតជាមានមោទនភាពហើយជាស្រេច ប៉ុន្តែមានតែប្រទេសមួយប៉ុណ្ណោះដែលអាចមានសំណាងលើកពានរង្វាន់ World Cup នេះដូច្នេះក្នុងអត្ថបទនេះនឹងវិភាគអំពីប្រទេសទាំង៦ដែលមានភាគរយអាចឈ្នះពានបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីឆ្នាំនេះ ច្រើនជាងគេ។ 

រូបភាពតំណាង

                                         ក្រុមជម្រើសជាតិអេស្ប៉ាញ

អេស្ប៉ាញគឺជាប្រទេសដ៏មានឥទ្ធិពលមួយក្នុងវិស័យបាល់ទាត់។ ក្រៅពីមានក្របខ័ណ្ឌ La Liga ដ៏លេចធ្លោមួយក្នុងទ្វីបអ៊ឺរ៉ុប ក្រុមអេស្ប៉ាញក៏មានជម្រើសជាតិដ៏រឹងមាំផងដែរ។ ក្រោយពីធ្លាក់ពីវគ្គចែកពូលនៅ World Cup ឆ្នាំ២០១៤ ក្រុមជម្រើសជាតិអេស្ប៉ាញសង្ឃឹមថានឹងស្តារមុខមាត់វិញនៅឆ្នាំនេះ។

កីឡាករជម្រើសជាតិអេស្ប៉ាញ

តំបន់ដែលលេចធ្លោ៖ អេស្ប៉ាញគឺមានកីឡាករល្អគ្រប់តំបន់នៅក្នុងតារាង ជាពិសេសគឺខ្សែបម្រើ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រទេសជើងឯក World Cup ឆ្នាំ២០១០មានប្រៀបជាងគូរប្រកួតគឺខ្សែការពារ។ Sergio Ramos និង Gerard Pique សុទ្ធសឹងតែជាខ្សែការពារដ៏មាំ ហើយមានបទពិសោធន៍ច្រើននៅលើទីលាន មិនថាប្រកួតតូចឬប្រកួតធំទេ។ បន្ថែមពីលើនេះខ្សែការពារស្លាបក៏មានកីឡាករល្អៗផ្សេងៗទៀតផងដែរ ដូចជា Dani Carvajal, Jordi Alba និង Nacho Fernadez។

កីឡាករដែលគួរឲ្យតាមដាន៖  Lucas Vaquez, Isco, Iago Aspas និង David De Gea គឺជាកីឡាករល្អ ប៉ុន្តែកីឡាករដែលធ្វើឲ្យអ្នកគាំទ្រអេស្ប៉ាញចាប់អារម្មណ៍ជាងគេគឺ Marco Asensio។ ខ្សែបម្រើរបស់ក្រុម Real Madrid រូបនេះបានបង្ហាញទម្រង់លេងដ៏ល្អក្នុងរដូវកាលនេះ ដោយជួយឲ្យក្រុមខ្លួនឈ្នះពាន Champions League កាលពីខែមុន ដោយបង្ហាញខ្លួនបានដល់ទៅសរុប៥៣ប្រកួតឯណោះ។ ទោះបីជារូបគេនៅក្មេងខ្ចីក្នុងកម្រិតជម្រើសជាតិក៏ដោយ បើរូបគេអាចបន្តពាំនាំយកទម្រង់លេងដែលរូបគេបានបង្ហាញនៅ Real Madrid មកក្នុងជម្រើសជាតិ រូបគេអាចនឹងឈ្នះពានកីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ World Cup ផងដែរ។ 

កីឡាករជម្រើសជាតិអេស្ប៉ាញ
កីឡាករ Marco Asensio

                                        ក្រុមជម្រើសជាតិបារាំង

ជម្រើសជាតិបារាំងគឺពោរពេញទៅដោយកីឡាករល្បីឆ្នើមៗ ហើយបន្ថែមពីលើនេះ ពួកគេសុទ្ធតែមានអាយុវ័យក្មេង និងពេញកម្លាំង។ នៅក្នុងវគ្គជម្រុះតាមទ្វីប បារាំង ភ្លាត់ស្នៀតចាញ់តែ១ប្រកួតប៉ុណ្ណោះ ដោយឈ្នះ៧ ស្មើ២ ក្នុង១០ប្រកួត។ 

កីឡាករជម្រើសជាតិបារាំង

តំបន់ដែលលេចធ្លោ៖ ខ្សែការពារគឺជាឆ្អឹងខ្នងរបស់បារាំង ប៉ុន្តែអ្វីដែលអាចដឹកនាំបារាំងទៅរកភាពជោគជ័យគឺខ្សែបម្រើ។ កីឡាករដូចជា Paul Pogba, N’Golo Kante, Corentin Tolisso, និង Nabil Fekir សុទ្ធសឹងតែនៅក្មេង ដោយពួកគេមិនទាន់មានបទពិសោធន៍ខ្លាំងទេនៅក្នងក្រុមជម្រើសជាតិ ដោយមានតែ Pogba ទេដែលធ្លាប់ឡើងទៅលេងនៅ World Cup កាលពី២០១៤។ យ៉ាងណាមិញ ពួកគេជាកីឡាករឆ្នើមនៅតាមក្លិប ហើយពួកគេមានវ័យក្មេងនិងពេញកម្លាំង ដូច្នេះបើក្រុមផ្សេងៗចង់បំបាក់បារាំង គឺក្រុមនោះត្រូវធ្វើការងារច្រើនបន្តិចហើយ។

កីឡាករដែលគួរឲ្យតាមដាន៖ Thomas Lemar, Raphael Varane និង Kylian Mbappe សុទ្ធតែជាកីឡាករល្អ ប៉ុន្តែកីឡាករដែលធ្វើឲ្យជនជាតិបារាំងមានសង្ឃឹមជាងគេនោះគឺ Antoine Griezmann។ ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid នេះត្រូវបានគេសសើរគ្រប់ទិសទី ដោយសារតែល្បឿនជើងដ៏រហ័ស គួបផ្សំជាមួយការស៊ុតដ៏មានកម្លាំងរបស់គេ ធ្វើឲ្យកីឡាករវ័យ២៧ឆ្នាំនេះ ក្លាយទៅជាខ្សែប្រយុទ្ធដែលអាចនាំក្រុមទៅកាន់ភាពជោគជ័យបាន។ 

កីឡាករជម្រើសជាតិបារាំង
កីឡាករ Antoine Griezmann

                                  ក្រុមជម្រើសជាតិអាហ្សង់ទីន

អាហ្សង់ទីនគឺពោរពេញទៅដោយកីឡាករល្អ ប៉ុន្តែពួកគេហាក់ដូចជាមិនសូវជោគជ័យសោះនៅក្នុងព្រឹត្តិការណ៍ផ្សេង ដោយពួកគេបានចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ៣ដងជាប់គ្នាហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ កីឡាកររបស់ក្រុមអាហ្សង់ទីន នឹងសង្ឃឹមថាពួកគេអាចបំបាត់ភាពសោកសៅរបស់ពួកគេ ដោយលើកពាន World Cup ក្នុងឆ្នាំនេះ។ 

កីឡាករជម្រើសជាតិអាហ្សង់ទីន

តំបន់ដែលលេចធ្លោ៖ អាហ្សង់ទីនបានជាប់ឈ្មោះថាជាប្រទេសនៃខ្សែប្រយុទ្ធជាយូរឆ្នាំណាស់មកហើយ ដូច្នេះ តំបន់ដែលលេចធ្លោជាងគេគឺខ្សែប្រយុទ្ធ។ Sergio Aguero, Paulo Dybala, Gonzalo Higuain ជាពិសេសគឺ Lionel Messi សុទ្ធសឹងតែជាកីឡាករដែលអាចដឹកនាំប្រទេសខ្លួនដើម្បីលើកពាន World Cup ឆ្នាំនេះបាន ក្រោយពីខកខានមិនបានជោគជ័យនៅឆ្នាំ២០១៤។

កីឡាករដែលគួរឲ្យតាមដាន៖ វាពិតប្រាកដណាស់ថា គ្មានកីឡាករអាហ្សង់ទីនណាមានកេរ្តិ៍ឈ្មោះល្បីដូច Lionel Messi ទេ ហើយខ្សែប្រយុទ្ធរបស់ក្រុម Barcelona នេះជាផ្នែកធំមួយដែលអ្នកគាំទ្រជាច្រើនគិតថាអាហ្សង់ទីនអាចនឹងឈ្នះ World Cup។ កីឡាករវ័យ៣០ឆ្នាំរូបនេះបានទទួលរងនូវសម្ពាធជាច្រើន ដោយសារតែរូបគេបានឈ្នះពានជាមួយក្លិប ស្ទើរតែគ្មានកន្លែងទុក ប៉ុន្តែជាមួយជម្រើសជាតិ រូបគេមិនទាន់មានឈ្នះអ្វីឲ្យបានធំដុំទេ។ ក្នុងរយៈ៨ឆ្នាំចុងក្រោយនេះ រូបគេបានក្លាយទៅជាកីឡាករដែលអាហ្សង់ទីនត្រូវការបំផុត ហើយគ្រាន់តែរូបគេប្រកាសថាខ្លួននឹងចូលនិវត្តន៍ពីជម្រើសជាតិកាលពីឆ្នាំ២០១៦ភ្លាម សូម្បីតែប្រធានាធិបតីក៏ទទូចអង្វរឲ្យរូបគេផ្លាស់ប្តូរចិត្តវិញដែរ។ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះគឺជាឱកាសចុងក្រោយហើយសម្រាប់ Messi ដឹកនាំក្រុមជម្រើសជាតិឲ្យបានឈ្នះពានអន្តរជាតិ ពីព្រោះរូបគេបានបង្ហើបថា ខ្លួនអាចនឹងចូលនិវត្តន៍ពីជម្រើសជាតិជាផ្លូវការហើយ បើសិនជារូបគេបរាជ័យក្នុងឆ្នាំនេះ។ 

កីឡាករជម្រើសជាតិអាហ្សង់ទីន
កីឡាករ Lionel Messi

                                ក្រុមជម្រើសជាតិព័រទុយហ្គាល់

ព័រទុយហ្គាល់ឆ្នាំនេះគឺពោរពេញទៅដោយកីឡាករល្អៗមកពីគ្រប់ក្របខ័ណ្ឌ ដោយគ្រូបង្វឹកលោក Fernando Santos បាននិយាយថា លោកមិនខ្វល់ពីក្របខ័ណ្ឌកំពូលឬអត់ទេ ឲ្យតែកីឡាករមានទម្រង់លេងល្អ ពួកគេនឹងមានឈ្មោះក្នុងជម្រើសជាតិ។ ក្នុងឋានៈជាម្ចាស់ជើងឯកពានរង្វាន់ European Championship ព័រទុយហ្គាល់ត្រូវបានអ្នកគាំទ្រផ្សេងៗសង្ឃឹមថា ពួកគេនឹងធ្វើបានល្អនៅក្នុង World Cup ឆ្នាំនេះ។ 

កីឡាករជម្រើសជាតិព័រទុយហ្គាល់

តំបន់ដែលលេចធ្លោ៖ ខ្សែការពាររបស់ព័រទុយហ្គាល់ជាផ្នែកសំខាន់មួយដែលធ្វើឲ្យពួកគេឈ្នះពាន European Championship កាលពី២០១៦ ប៉ុន្តែខ្សែប្រយុទ្ធគឺជាតំបន់ដែលធ្វើឲ្យព័រទុយហ្គាល់មានការលេចធ្លោជាងគេ។ Andre Silva, Bernardo Silva, Gelson Martins, Goncalo Guedes ជាពិសេស Cristiano Ronaldo សុទ្ធសឹងតែជាកីឡាករដែលអាចដឹកនាំព័រទុយហ្គាល់ទៅរកការឈ្នះពាន World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

កីឡាករដែលគួរឲ្យតាមដាន៖ Cristiano Ronaldo គឺជាផ្នែកដ៏ធំមួយ ដែលធ្វើឲ្យព័រទុយហ្គាល់មានសង្ឃឹមគ្រប់ពានរង្វាន់។ មិនត្រឹមតែរូបគេបានជួយឲ្យក្លិបឈ្នះពានរង្វាន់ធំៗនោះទេ រូបគេក៏ជាផ្នែកមួយដែលជួយឲ្យប្រទេសឈ្នះពានរង្វាន់អន្តរជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៦។ រូបគេគឺជាកីឡាករឆ្នើមនៅលើពិភពបាល់ទាត់ ហើយបើរូបគេពិតជាឈ្នះពាន World Cup នៅឆ្នាំនេះពិតប្រាកដមែន នោះរូបគេនឹងក្លាយទៅជាកីឡាករទីមួយក្នុងប្រវត្តិសាស្ត្រដែលទទួលបានពានរង្វាន់គ្រប់ក្របខ័ណ្ឌដែលគេមានវត្តមាននៅក្នុងនោះ។ 

កីឡាករជម្រើសជាតិព័រទុយហ្គាល់
កីឡាករ Cristiano Ronaldo

                                        ក្រុមជម្រើសជាតិអាល្លឺម៉ង់

អាល្លឺម៉ង់គឺជាក្រុមជម្រើសជាតិមួយដែលមានកីឡាករខ្លាំងស្មើជើងគ្នា ទាំងអ្នកចាំទី ខ្សែការពារ ខ្សែបម្រើនិងខ្សែប្រយុទ្ធ។ក្នុងឋានៈជាម្ចាស់ជើងឯកចាស់ អាល្លឺម៉ង់នឹងបញ្ចេញគ្រប់យុទ្ធសាស្ត្រ ដើម្បីបានកាន់ដំណែងម្ចាស់ពាន World Cup រយៈពេល៤ឆ្នាំទៅមុខទៀត។ 

កីឡាករជម្រើសជាតិអាល្លឺម៉ង់

តំបន់ដែលលេចធ្លោ៖ គ្រប់តំបន់នៅក្នុងជម្រើសជាតិរបស់ប្រទេសអាល្លឺម៉ង់គឺសុទ្ធសឹងតែល្អទាំងអស់ ប៉ុន្តែអ្វីដែលអាល្លឺម៉ង់មានប្រៀបជាងគេនោះគឺខ្សែបម្រើ។ Julian Brandt, Julian Draxler, Leon Goretska, Mesut Ozil, Sami Khedira និងជាពិសេស Toni Kroos សុទ្ធសឹងតែជាកីឡាករល្អសម្រាប់អាល្លឺម៉ង់ ហើយទម្រង់លេងពួកគេធ្វើឲ្យខ្សែការពាររបស់គូរប្រកួតមានការភ័យខ្លាចជាខ្លាំង។ យុទ្ធសាស្ត្រទប់បាល់កណ្តាលតារាងរបស់លោក Joachim Low ពិតជាមានប្រសិទ្ធិភាព ដោយសារនៅពេលដែលពួកគេប្រយុទ្ធ គឺមានខ្សែបម្រើយ៉ាងហោចណាស់៣រូបរត់ទៅជួយ ដោយទុក២នាក់ដើម្បីការពារ ក្នុងករណីគូរប្រកួតវាយបកមកវិញ។

កីឡាករដែលគួរឲ្យតាមដាន៖ ទោះបីជា Toni Kroos តែងតែលេចធ្លោនៅគ្រប់ការប្រកួត ប៉ុន្តែកីឡាករដែលគួរឲ្យតាមដានគឺ Thomas Mueller។ រូបគេតែងតែស៊ុតបញ្ចូលទីនៅពេលដែលក្រុមត្រូវការបំផុត ហើយបន្ថែមពីលើនេះ រូបគេក៏អាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានដែរ។ ម្យ៉ាងទៀត កីឡាកររបស់ក្រុម Bayern Munich រូបនេះកំពុងតែប្រម៉ាញ់ បំបែកកំណត់ត្រាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ World Cup ដោយសព្វថ្ងៃកំណត់ត្រាបានគ្រប់គ្រងដោយអតីតមិត្តរួមជាតិរបស់គេ Miroslav Klose (ស៊ុតបាន១៦គ្រាប់) ខណៈពេលនេះ Mueller ទើបតែស៊ុតបាន១០គ្រាប់នោះទេ។ 

កីឡាករជម្រើសជាតិអាល្លឺម៉ង់
កីឡាករ Thomas Mueller

                                        ក្រុមជម្រើសជាតិប្រេស៊ីល

នៅពេលដែលគេនិយាយអំពី World Cup គឺ ប្រេស៊ីលតែងតែលេចឈ្មោះមកជាបេក្ខជនដែលមានឱកាសឈ្នះពានបាល់ទាត់ពិភពលោកនេះជាងគេ។ តាំងតែពីការបង្កើតព្រឹត្តិការណ៍ World Cup នេះនៅឆ្នាំ១៩៣០ គឺជម្រើសជាតិប្រេស៊ីលមិនដែលអវត្តមានម្តងណាទេ ដោយព្រឹត្តិការណ៍ឆ្នាំនេះជាលើកទី២១ហើយរបស់ពួកគេ។

កីឡាករជម្រើសជាតិប្រេស៊ីល

តំបន់ដែលលេចធ្លោ៖ ឆ្នាំនេះ ប្រទេសប្រេស៊ីលត្រូវបានអ្នកតាមដានបាល់ទាត់មួយចំនួនធំបានចាត់ទុកពួកគេជាបេក្ខភាពដ៏ប្រជាប្រិយភាពបំផុតដែលអាចឈ្នះពានរង្វាន់ World Cup បាន។ ខណៈដែលខ្សែការពារ និងខ្សែបម្រើរបស់ពួកគេមានកីឡាករល្អៗជាច្រើន តំបន់ដែលធ្វើឲ្យគូរប្រកួតមានការភ័យខ្លាចជាងគេគឺខ្សែប្រយុទ្ធដ៏អង់អាចរបស់ក្រុមស៊ាំបាមួយនេះ។ Gabriel Jesus និង Roberto Firmino បានបង្ហាញទម្រង់លេងដ៏ល្អជាមួយក្រុមខ្លួន ខណៈដែល Neymar បានកំពុងតែជាសះស្បើយពីរបួសរបស់គេ ហើយទស្សនិកជនបានមើលឃើញថា រូបគេកាន់តែមានទម្រង់លេងល្អជាងមុនរបួសទៅទៀត។ ក្រោយពីខកខានមិនបានលើកពានក្នុងទឹកដីខ្លួនឯងកាលពីឆ្នាំ២០១៤ ប្រទេសប្រស៊ីលអាចនឹងខិតខំលេងឲ្យអស់ពីសមត្ថភាពដើម្បីយកពាន World Cup ទៅកាន់ទ្វីបអាមេរិកខាងត្បូងវិញ ក្រោយពីម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះសុទ្ធសឹងតែជាប្រទេសនៅទ្វីបអ៊ឺរ៉ុបទាំងអស់។

កីឡាករដែលគួរឲ្យតាមដាន៖ មិនបាច់និយាយក៏ដឹងថា Neymar គឺជាកីឡាករដែលមានប្រជាប្រិយភាពជាងគេក្នុងជម្រើសជាតិប្រេស៊ីលដែរ។ កាលពីឆ្នាំ២០១៤ រូបគេត្រូវបានទទួលរងរបស់ឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យសុបិនឈ្នះ World Cup ក្នុងផ្ទះខ្លួនឯងបានរលាយសាបសូន្យ។ ក្នុងឆ្នាំនេះ Neymar ក៏បានទទួលរងរបួសជង្គង់ផងដែរ ប៉ុន្តែដោយសារតែការតស៊ូអត់ធ្មត់ ធ្វើឲ្យរូបគេជាសះស្បើយមុនការប្រកួតដំបូងរបស់ប្រេស៊ីល។ ទោះបីជារូបគេបង្ហើបថាខ្លួនមិនទាន់ជាសះស្បើយ១០០%ក្តី ប៉ុន្តែរូបគេនឹងជាតួឯកមួយរូបសម្រាប់ជួយឲ្យប្រេស៊ីលមានឱកាសឈ្នះពាន World Cup ឆ្នាំនេះ៕ 

កីឡាករជម្រើសជាតិប្រេស៊ីល
កីឡាករ Neymar

ប្រភព៖ Goal , Telegraph , Marca , Sportingnews , New York Times , Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]