សម័យនេះ បុរសនិងស្ត្រីមានសិទ្ធិស្នើគ្នា ហើយការទាក់ទងគ្នា ជាពិសេសរឿងស្នេហា ក៏មិនសំដៅតែលើបុរសជាអ្នកចាប់ផ្តើមមុនទាំងស្រុងដែរ មនុស្សស្រីក៏អាចមានសិទ្ធិ បង្ហាញការចាប់អារម្មណ៍ទៅលើបុរសដែលខ្លួនឯងពេញចិត្តមុនផងដែរ ក្នុងន័យមើលចិត្តគ្នាទោវិញទៅមក។

ប៉ុន្តែអ្វីដែលអ្នកគិត និងស្រមៃមិនមែនបានន័យថាជោគជ័យតាមដែលអ្នកចង់បាននោះឡើយ ក្នុងករណីអ្នកមើលឃើញថា បុរសដែលអ្នកពេញចិត្ត និងស្រលាញ់បង្ហាញទង្វើ និងចំណុចខាងក្រោមនេះ អ្នកគួរតែឈប់ព្យាយាមទៅ ហើយគួរតែកាត់ចិត្តពីគេ ទាន់មិនសូវឈឺចាប់ខ្លាំង៖

១.ព្យាយាមតែម្នាក់ឯង

ក្នុងករណីអ្នកជាអ្នកផ្តើមរឿងគ្រប់យ៉ាងម្នាក់ឯង ទាំងការព្យាយាមរកអ្វីមកនិយាយជាមួយគេ រកលេសដើម្បីជួបគេ ព្រមទាំងរកនឹកហេតុផលផ្សេងៗដើម្បីនៅក្បែរគេ ទាំងដែលគេមិនដែលទាំងរវល់នឹងអ្នក ឬជាអ្នកចាប់ផ្តើមមុនផងនោះ បានន័យថាគេគ្មានចិត្តឱ្យអ្នកនោះឡើយ អ្នកគួរតែកាត់ចិត្តពីបុរសម្នាក់នោះទៅ។

ព្យាយាមតែម្នាក់ឯង

២.ចង់កែប្រែខ្លួនឯងដើម្បីគេ

នៅពេលដែលអ្នកមានអារម្មណ៍ថាស្អប់ខ្លួនឯង និងចង់កែប្រែខ្លួនឯងដើម្បីគេ ដូចជាប្រឹងសម្រកទម្ងន់ ផ្លាស់ប្តូរការតុបតែងខ្លួន ប្តូរម៉ូតសក់ឱ្យស្អាតជាងមុន ឬកែប្រែអត្តចរិត ដើម្បីតែផ្គាប់ចិត្តគេ និងដោយសារតែគេមិនចាប់អារម្មណ៍នោះ បានន័យថាអ្នកកំពុងតែដើរផ្លូវខុសហើយ។ បុរសដែលមិនចាប់អារម្មណ៍នឹងអ្នកហើយ ទោះប្រឹងកែប្រែយ៉ាងណាក៏ទៅមិនរួចដែរ ដូច្នេះឈប់ព្យាយាមទៀតទៅ។

ចង់កែប្រែខ្លួនឯងដើម្បីគេ

៣.មិនច្បាស់លាស់

នៅពេលដែលអារម្មណ៍របស់គេប្រែប្រួលខ្លាំងម្តងបាតដៃម្តងខ្នងដៃ ដែលជួនកាលគេធ្វើជាស្និទ្ធស្នាល និងចាប់អារម្មណ៍នឹងអ្នកខ្លាំង ឯងពេលខ្លះទៀតគេបែរជាមិនអើពើ មិនចាប់អារម្មណ៍ ឬចាត់ទុកថាអ្នកជាខ្យល់អាកាសក្នុងកែវភ្នែកគេនោះ នេះជាសញ្ញាថាបុរសម្នាក់នោះមិនមានអារម្មណ៍ចង់ទាក់ទង ឬមើលចិត្តអ្នកឱ្យបានច្បាស់លាស់នោះឡើយ។ វាអាចគ្រាន់តែជាអារម្មណ៍មួយពេលៗដែលថា មានអ្នកក៏បាន គ្មានអ្នកក៏បាន និយាយរួមអ្នកគ្មានតម្លៃគ្រប់គ្រាន់សម្រាប់គេ។

មិនច្បាស់លាស់

៤.ទទួលការបដិសេធ

ធម្មតាមនុស្សដែលអ្នកស្រលាញ់ និងចង់ស្វែងយល់ចិត្តគ្នាទៅវិញទៅមក តែងតែចង់រកឱកាសឱ្យបានច្រើនដើម្បីនៅក្បែរគ្នាតែពីរនាក់ជាមិនខាន តែអ្នកគួរតែដល់ពេលកាត់ចិត្តទៅ នៅពេលដែលគេតែងតែបដិសេធ រាល់ពេលដែលអ្នកហៅគេចេញទៅក្រៅ ចង់នៅក្បែរគេ ឬចំណាយពេលផ្ទាល់ខ្លួនតែពីរនាក់នោះ ព្រោះបានន័យថាគេមិនចង់ទាក់ទងនឹងអ្នក និងមិនចាប់អារម្មណ៍អ្នកនោះឡើយ។

ទទួលការបដិសេធ

៥.ធ្វើអ្វីគ្រប់យ៉ាងតែគ្មានតម្លៃ

ចំណុចនេះអាចបញ្ជាក់បានយ៉ាងច្បាស់ណាស់ថាបុរសម្នាក់នោះមិនបានចាប់អារម្មណ៍នឹងអ្នកនោះទេ បើទោះបីជាអ្នកប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីគេ លះបង់ដើម្បីគេ និងជួយគេអស់ពីចិត្តយ៉ាងណាក៏ដោយ ក៏គេបានត្រឹមតែធ្វើមិនដឹងមិនឮ ឬវាគ្មានតម្លែសម្រាប់គេ។ ជាពិសេសទោះបីជាអ្នកនិយាយ ថាចូលចិត្តគេ ស្រលាញ់គេច្រើនដង ក៏គេបានត្រឹមតែស្ងៀមស្ងាត់ជាដើម នោះបានន័យថាដល់ពេលដែលអ្នកកាត់ចិត្តពីគេហើយ។

ធ្វើអ្វីគ្រប់យ៉ាងតែគ្មានតម្លៃ

៦.មានតម្លៃតែពេលគេអផ្សុក

ចំណុចមួយនេះអាចធ្វើឱ្យមនុស្សមួយចំនួនយល់ច្រលំថាគេក៏មានចិត្តលើខ្លួនឯងដែរ តែវាមិនមែនជាការពិតនោះទេ ។ អ្នកអាចសង្កេតមើលឃើញថាគេតែងតែមករកអ្នក ស្និទ្ធស្នាលនឹងអ្នក និងនៅក្បែរអ្នក ក្នុងករណីតែពេលដែលគេអផ្សុក គ្មានអ្នកណា ចង់ពឹងឱ្យអ្នកជួយ ឬរាល់ពេលគេមានបញ្ហាផ្សេងៗជាដើម ទាំងដែលពេលធម្មតាគេបែរជាហីៗចំពោះអ្នក។ ដូច្នេះពេលឃើញទង្វើទាំងនោះ អ្នកឈប់ប្រឹងប្រែងទៀតទៅ ល្មមដល់ពេលកាត់ចិត្តហើយ។

មានតម្លៃតែពេលគេអផ្សុក

៧.ព្យាយាមបំពេញចិត្តគេ

វាជារឿងធម្មតាទេ ដែលយើងតែងតែចង់ឱ្យមនុស្សដែលយើងស្រលាញ់សប្បាយចិត្ត រីករាយ មានស្នាមញញឹម មានក្តីសុខ និងអាចជួយរំលែកទុក្ខលំបាករបស់គេបាននោះ ជាពិសេសជួយសម្រេចបំណងផ្សេងៗរបស់គេ។ តែសម្រាប់អ្នកវិញគេបែរជាមិនដែលធ្វើអ្វីដើម្បីអ្នកទាល់តែសោះ ជាពិសេសអ្នកសុខចិត្តលំបាកខ្លួនឯងដើម្បីគេជាដើម ទាំងនេះហើយបានន័យថាគេមិនខ្វល់ និងរវល់នឹងអ្នកឡើយគួរតែដល់ពេលត្រូវកាត់ចិត្តទៅ។

ព្យាយាមបំពេញចិត្តគេ

៨.ស្គាល់គ្នាយូរហើយតែអ្វីៗមិនដូចការរំពឹងទុក

ការស្គាល់គ្នាកាន់តែយូរ អាចនឹងមានពេលវេលាច្រើនមើលចិត្តគ្នាបានច្បាស់ តែការដែលអ្នកស្គាល់គ្នាយូរហើយ ការស្និទ្ធស្នាលក៏សមល្មមនឹងអាចឱ្យពួកអ្នកក្លាយជាគូស្នេហ៍នឹងគ្នាដែរ តែអ្វីៗគ្រប់យ៉ាងបែរជាទទេស្អាត ឬអ្វីៗធម្មតាៗស្នេហាមិនរីកចម្រើនដល់កម្រិតមួយនោះ បានន័យថាគេមិនចង់ចាប់ផ្តើមរឿងស្នេហាជាមួយអ្នក ឬគេមិនចាប់អារម្មណ៍អ្នកជាដើម ដូច្នេះចូរកាត់ចិត្តទៅ។

ស្គាល់គ្នាយូរហើយតែអ្វីៗមិនដូចការរំពឹងទុក

៩.មានអ្នកប្រាប់ឱ្យកាត់ចិត្ត

អ្នកក្រៅអាចនឹងយល់ពីស្ថានការណ៍របស់អ្នកច្បាស់ ជាងអ្នកគិតទៅទៀត ដូច្នេះនៅពេលដែលមិត្តរបស់អ្នក គ្រួសាររបស់អ្នក ឬមនុស្សជិតស្និទ្ធរបស់អ្នកបានប្រាប់អ្នកឱ្យកាត់ចិត្តពីគេនោះ គឺបានន័យថាពួកគេ ដឹងថាបុរសម្នាក់នោះមិនចាប់អារម្មណ៍នឹងអ្នកទេ ហើយអ្វីដែលអ្នកធ្វើក៏មិនបានផលដែរ គួរឈប់ចំណាយពេលវេលាមានតម្លៃសម្រាប់បុរសម្នាក់នោះទៀតទៅ។

មានអ្នកប្រាប់ឱ្យកាត់ចិត្ត

១០.ឈឺចាប់ម្នាក់ឯង

បើគេពិតជាចាប់អារម្មណ៍នឹងអ្នកមែន និងស្រលាញ់អ្នកមែន គេពិតជាមិនធ្វើឱ្យអ្នកឈឺចាប់ ឬទឹកភ្នែករាល់ថ្ងៃ រាល់យប់នោះឡើយ។ អ្នកអាចមានចិត្តដឹងខ្លះៗថា ការពិតអ្នកស្រលាញ់គេតែម្នាក់ឯងរហូតមក ហើយអ្នកក៏អាចដឹងថាអ្វីៗដែលអ្នកធ្វើគឺដើម្បីតែគេ តែគេមិនខ្វល់ មិនអើពើនឹងអ្នកឡើយ។ ហើយអ្វីដែលសំខាន់នោះគេធ្វើអ្វីមិនក្រែងចិត្តអ្នក និងធ្វើទង្វើដែលធ្វើឱ្យអ្នកឈឺចាប់ជាដើម ដូច្នេះកុំរារែកចិត្តអី អ្នកគួរតែកាត់ចិត្តពីបុរសម្នាក់នោះទៅ។

ឈឺចាប់ម្នាក់ឯង

បន្ទាប់ពីបានអានចំណុចទាំង ១០ខាងលើហើយ កុំអាលអស់សង្ឃឹម ​ឬឈឺចាប់អី ​អ្នកអាចផ្តល់កម្លាំងចិត្ត និងប្រាប់ខ្លួនឯងថា ​គេអាចមិនមែនជាគូនឹងអ្នក ដូច្នេះអ្នកមានពេលច្រើនទៀតដើម្បីស្វែងយល់ និងមើលចិត្តអ្នកផ្សេងដែលគេពេញចិត្តអ្នក ស្រលាញ់អ្នក  និងសាកសមនឹងអ្នក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]