តម្រងនោមជាសរីរាង្គមួយដ៏សំខាន់ខ្លាំងណាស់ ដែលមានតួនាទីជួយដល់ការច្រោះជាតិពុល តែមនុស្សមួយចំនួនមិនបានថែទាំវាឲ្យបានល្អនោះទេ។  បញ្ហាតម្រងនោម អាចបង្កឲ្យកើតមានជំងឺជាច្រើនដូចជា  ជំងឺទឹកនោមផ្អែម  ការឡើងសំពាធឈាម និងជំងឺបេះដូង ជាដើម។

ដូច្នេះអាហារខាងក្រោមទាំង៧នេះ នឹងជួយដល់សុខភាពតម្រងនោម បើអ្នកចង់ប្រើប្រាស់វាឲ្យបានយូរ។

១. ការបរិភោគទឹក

ទឹក ​ជាប្រភពដ៏សំខាន់ដែលសរីរាង្គកាយយើងទាំងមូលចាំបាច់ប្រើប្រាស់ខ្វះពុំបាន។ អ្នកត្រូវចាំថា ក្នុងខ្លួនប្រាណយើងគ្រប់កន្លែង សរុបទៅមានជាតិទឹករហូតដល់ ៧០ភាគរយ។  ដូច្នេះអ្នកគប្បីហូបទឹកយ៉ាងតិចណាស់ឲ្យបានពី ២ ទៅ៣លីត្រ (ឬ៦ ទៅ៨កែវ) ក្នុងមួយថ្ងៃ។  ការបរិភោគទៀងទាត់ជារៀងរាល់ថ្ងៃជួយដល់ការនាំនូវជាតិពុលចេញពីក្នុងខ្លួន ព្រោះបើទុកជាតិពុលទាំងនោះអាចបង្កបញ្ហាដល់តម្រងនោមដូចជារលាកតម្រងនោម  គ្រួសក្នុងតម្រងនោម ជាដើម។

២. ការបរិភោគក្រូច

ផ្លែក្រូច  ផ្តល់វីតាមីនសេ (C) យ៉ាងច្រើន  ដែលខ្លួនប្រាណយើងត្រូវការជាចាំបាច់ ដើម្បីការពារការរលាក និងប្រឆាំងនឹងការឆ្លងមេរោគ  ហើយធ្វើឲ្យអង់ទីគ័រយើងរឹងមាំនិងមានសុខភាពល្អ។  ដូច្នេះការហូបផ្លែក្រូចជារៀងរាល់ថ្ងៃក្រោយពេលបរិភោគអាហាររួច  នឹងផ្តល់ជាជំនួយក្នុងការរក្សាសុខភាពតម្រងនោមរបស់លោកអ្នកឲ្យបានល្អ។

៣. ការបរិភោគម្ទេសប្លោក

ម្ទេសប្លោកមានផ្ទុកនូវសារធាតុប៉ូតាស្យូមតិចតួច ហើយសំបូរទៅដោយវីតាមីន A, C  និងជាតិកាកសរសៃជាច្រើន។  វាជាប្រភពនៃថ្នាំធម្មជាតិដែលជួយដល់អ្នកជំងឺដែលមានបញ្ហាតម្រងនោម។ ប្រសិនបើអាច ការហូប ម្ទេសប្លោកឆៅអាចទទួលបាននូវសារជាតិដែលបានរៀបរាប់ខាងលើយ៉ាងច្រើន។

៤. ការបរិភោគផ្លែប៉ោម

ការបរិភោគផ្លែប៉ោមជារៀងរាល់ថ្ងៃ ជួយដល់សុខភាពតម្រងនោមរបស់អ្នកបានយ៉ាងងាយស្រួលហើយពុំចាំបាច់ត្រូវទៅបន្ទប់ទឹកញឹកញាប់ដូចការហូបទឹកឡើយ។  ផ្លែប៉ោម  ប្រៀបបីដូចជាថ្នាំធម្មជាតិដែលវាជួយលាងសម្អាតតម្រងនោម ហើយពិសេសទៅទៀតនោះវាមានសារធាតុប្រឆាំងនឹងការខូចខាតកោសិកាហៅថា អង់ទីអុកស៊ីដង់ ដែលអាចជួយការពារអ្នកពីជំងឺមហារីកទៀតផង។

៥. ការបរិភោគផ្សិត

ផ្សិត ជាប្រភពដ៏សំខាន់នៃវីតាមីន D ដែលវាជាសារធាតុរ៉ែដ៏សំខាន់ ហើយមានការសិក្សាស្រាវជ្រាវជាច្រើន បញ្ជាក់ថាផ្សិតជួយរក្សានូវលំនឹងនៃតួនាទីរបស់តម្រងនោមនិងការពារតម្រងនោមពីជំងឺទាំងឡាយ។

៦. ការបរិភោគផ្កាស្ពៃ ស

បើសិនយើងនិយាយពីការហូបបន្លែវិញនោះ ផ្កាស្ពៃស ជារុក្ខជាតិដ៏សំខាន់ក្នុងការជួយសំអាតតម្រងនោម ព្រោះវាសំបូរនូវវីតាមីន C និង សារជាតិកាកសរសៃជាច្រើន។  សារធាតុចិញ្ចឹមទាំងពីរប្រភេទនេះ ជាប្រភពដ៏សំខាន់សំរាប់រាងកាយយើងក្នុងការប្រឆាំង និងជម្រុះចោលសារធាតុពុលចេញពីតម្រងនោម។  ដូច្នេះអ្នកគួររួមបញ្ចូលនូវបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ។

៧. ការបរិភោគខ្ទឹម

បើទោះបីខ្ទឹម ពិបាកលេប និងមានរសជាតិមិនឆ្ងាញ់ក៏ដោយ ប៉ុន្តែវាមាននូវសារៈប្រយោជន៍ដល់សុខភាពជាច្រើន។  រសជាតិហឺររបស់ខ្ទឹម ជាភ្នាក់ងារដ៏សំខាន់ក្នុងការប្រឆាំងនឹងការរលាកទាំងឡាយ។  ពិសេសទៅទៀត វាអាចជួយដល់ការកាត់បន្ថយនូវបរិមាណកូលេស្តេរ៉ុលឲ្យនៅទាប  រក្សាសំពាធឈាម និងដំណើរការតម្រងនោមឲ្យនៅធម្មតា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]