ជាការពិត ការសម្រកទម្ងន់ពុំមែនជារឿងមួយស្រួលនោះទេ តែក៏មិនមែនធ្វើទៅមិនរួចនោះដែរបើយើងមានរបបអាហារ និងការហាត់ប្រាណត្រឹមត្រូវ។

បើទោះបីជាយ៉ាងណាក៏ដោយ វាមានកត្តាមួយចំនួនទៀតដែលចូលរួមចំណែកធ្វើឲ្យយើងឡើង ឬស្រកគីឡូ។ កត្តាទាំងនោះមានដូចជា របៀបរបបរស់នៅ  ប្រភេទអាហារយើងបរិភោគសំបូរខ្លាញ់ ឬសំបូរប្រូតេអ៊ីន ជាដើម -ល-។ ក្រៅពីនេះ ស្ត្រេសក៏ជាចំណែកមួយធ្វើឲ្យក្តីបំណងក្នុងការតម្រកទម្ងន់អូសបន្លាយពេលយូរដែរ។

ខាងក្រោមនេះ នឹងប្រាប់អ្នកអំពីចំណុចពិសេសៗចំនួន៥ ដែលជួយប្រិយមិត្តអ្នកអានទាំងឡាយឲ្យស្រកទំងន់បានសំរេចដូចក្តីបំណង៖

១.  រៀបចំគោលដៅឲ្យបានច្បាស់លាស់

បើអ្នកពិតជាចង់សម្រកទំងន់ឲ្យបានជោគជ័យ និងឆាប់រហ័សមែននោះ គ្មានអ្វីសំខាន់ជាងការសរសេរ និងគិតអំពីគោលដៅទុកជាមុននោះទេ ព្រោះវាពិតជាសំខាន់ខ្លាំងណាស់។  អ្នកគួរគិតអំពីប្រភេទនៃរបបអាហារដែលអ្នកបរិភោគរៀងរាល់ថ្ងៃ ដូចជា ការបរិភោគប៉ុន្មានដងក្នុងមួយថ្ងៃ  ឬ របបអាហារទាំងនោះគួរជាប្រភេទអាហារយ៉ាងដូចម្តេចខ្លះ (ស្ករ? ខ្លាញ់? ប្រូតេអ៊ីន? ឬជាតិសរសៃ?)។  ជាពិសេសទៅទៀត  ការរៀបចំគម្រោងឲ្យបានច្បាស់លាស់ ក្នុងការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃក៏សំខាន់ណាស់ដែរ។

រូបតំណាង

២. ហូបអាហារសំរន់នៅចន្លោះពេលបាយ

បើអ្នកមិនបានហូបអាហារសំរន់ នំចំណី ឬផ្លែឈើ នៅចន្លោះពេលបរិភោគអាហារទេនោះ អ្នកនឹងឃ្លានខ្លាំងជាហេតុធ្វើឲ្យចំណង់បរិភោគអាហារឡើងកាន់តែខ្លាំង។  នៅពេលដល់ម៉ោងពិសាអាហារ  មិនថាព្រឹក ថ្ងៃ ឬល្ងាច  អ្នកប្រាកដជាសំរុកញុំាច្រើនលើសពីកំរិតដែលខ្លួនប្រាណយើងម្នាក់ៗត្រូវការ។  វាធ្វើឲ្យកំរិតកាឡូរីយើងកើនឡើងខ្ពស់ ហើយបើពុំមានការហាត់ប្រាណ  ឬក៏ហាត់ប្រាណតិបានតិចតួច  វានឹងនៅសល់គរក្នុងខ្លួនយើង ហើយវានឹងយកទៅបំលែងជាខ្លាញ់និងប្រូតេអ៊ីនទុកឲ្យខ្លួនប្រាណយើងប្រើប្រាស់នៅពេលក្រោយ។

រូបតំណាង

៣. បង្កើនភាពសកម្មប្រចាំថ្ងៃ

បើទោះបីជាអ្នកពុំអាចទៅធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំថ្ងៃក៏ដោយ ការរួមបញ្ចូលការធ្វើចលនាដូចជាដើរ​ ឬរត់ជារៀងរាល់ថ្ងៃ វាប្រសើរជាងការអង្គុយរាប់ម៉ោងពីព្រឹកទល់ល្ងាច។  ជាឧទាហរណ៍ពុំបាច់ជិះជណ្តើរយន្តឡើងទៅជាន់ខ្ពស់ៗនោះទេ យើងអាចប្រើប្រាស់ជណ្តើរជើងជំនួសវិញ។  ការធ្វើចលនាដើរ យ៉ាងតិច ២០ ទៅ៣០នាទីក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃនឹងផ្តល់នូវសារៈសំខាន់ទ្វេដងដល់អ្នកដែលចង់ស្រកទម្ងន់ ប៉ុន្តែពុំមានពេលគ្រប់គ្រាន់សំរាប់ហាត់ប្រាណ។

រូបតំណាង

៤. មិនគួរធ្វើកិច្ចការច្រើនក្នុងពេលតែមួយ (Multitask)

ជាការពិតមិនអាចប្រកែកបាន ការរស់នៅក្នុងសតវត្យទី២១នេះ គឺជាសម័យបច្ចេកវិទ្យាហើយការងារមិនថាសិក្សា ឬធ្វើការឡើយ មាននូវភារកិច្ចជាច្រើនដែលតម្រូវឲ្យបំពេញក្នុងពេលដ៏ខ្លី ជាហេតុដែលធ្វើឲ្យយើងត្រូវធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ។  ការធ្វើបែបនេះប៉ះពាល់យ៉ាងខ្លាំងដល់របបអាហាររបស់យើង បើទោះបីជាយើងមានគម្រោងបរិភោគច្បាស់លាស់ក៏ដោយ។  ព្រោះការបំពេញកិច្ចការជាច្រើនក្នុងពេលតែមួយ ចាំបាច់ត្រូវការថាមពលខួរក្បាលខ្លាំង ដែលអាចធ្វើឲ្យយើងភ្លេចបរិភោគអាហារបានទៀងទាត់ និងត្រឹមត្រូវ។

រូបតំណាង

៥. ការដេក

ការដេកបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ដែលចូលរួមចំណែកដល់អ្នកដែលចង់សម្រកទំងន់ ពីព្រោះនៅពេលយើងភ្ញាក់ពីដេកជារៀងរាល់ថ្ងៃ ខ្លួនប្រាណយើងត្រូវការបរិភោគនូវអាហារដើម្បីផ្តល់ជាប្រភពនៃថាមពល ហើយនៅពេលថាមពលប្រើប្រាស់នៅសល់  ជាហេតុធ្វើឲ្យយើងឡើងគីឡូ។  ដូច្នេះការដេកយ៉ាងតិចឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ជួយរក្សាទម្ងន់ឲ្យនៅថេរបានល្អ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]