ភ្លាមៗអ្នកច្បាស់ជាឆ្ងល់ហើយថា តើគេអាចថ្លឹងដួងវិញ្ញាណដោយវិធីណា? ដោយអន្ទង ឬចាប់ខ្មោចមកដាក់លើជញ្ជីងដូចថ្លឹងវត្ថុទូទៅដែរ? ហើយព្រលឹងមនុស្សម្នាក់ៗទម្ងន់ប៉ុន្មានខាំប៉ុន្មានគីឡូដែរទៅ?

រូបតំណាងៈ ព្រលឹងចេញពីខ្លួនក្រោយស្លាប់

មនុស្សមួយចំនួនជឿថាក្នុងលោកនេះ ពិតជាមានព្រលឹងខ្មោច ឬដួងវិញ្ញាញ ខណៈអ្នកខ្លះទៀត ជាពិសេសអ្នកដែលយល់ដឹងច្រើនពីវិទ្យាសាស្ត្រ មិនសូវជឿ ឬក៏មិនជឿតែម្តង។ ទោះយ៉ាងណា នេះជាការថ្លឹងដែលពិសោធន៍ដោយវេជ្ជបណ្ឌិតម្នាក់។

រូបភាពៈ លោកវេជ្ជបណ្ឌិត Duncan MacDougall

ភស្តុតាងបែបវិទ្យាសាស្ត្រនេះទំនងជាកើតមាននៅឆ្នាំ ១៩០៧ ដែលនៅពេលនោះវេជ្ជបណ្ឌិតម្នាក់ប្រចាំមន្ទីរពេទ្យរដ្ឋម៉ាសាជូស៊ែត (Massachusetts) ឈ្មោះ Duncan MacDougall បានរៀបចំការពិសោធន៍មួយ ដោយរំពឹងថាអាចវាស់ទម្ងន់ដួងវិញ្ញាណបានយ៉ាងសុក្រឹត គឺគាត់យកអ្នកជំងឺឈឺធ្ងន់ជិតស្លាប់ចំនួន ៦នាក់ មកផ្តេកលើគ្រែដែលបង្កើតឡើងជាពិសេសដើម្បីថ្លឹងទម្ងន់។ គាត់បានថ្លឹងទម្ងន់អ្នកជំងឺទាំងនោះបីដងខុសៗគ្នា គឺមុនពេលស្លាប់  ពេលផុតដង្ហើមថ្មីៗ  និងក្រោយពេលស្លាប់។ ថ្វីត្បិតតែលទ្ធផលចេញមកខុសៗគ្នា  តែគាត់សន្និដ្ឋានថា រាងកាយសពពិតជាបានស្រកទម្ងន់ជាមធ្យម ២១ ក្រាម។

រូបតំណាងៈ អ្នកជម្ងឺជិតស្លាប់

ការពិសោធន៍នេះបានល្បីសុះសាយខ្លាំងនៅជំនាន់នោះ ហើយវាហាក់ដូចជាភស្តុតាងយ៉ាងប្រាកដប្រជាអំពីព្រលឹងមនុស្ស។  យ៉ាងណាមិញ ក្រោយការពិនិត្យឱ្យស៊ីជម្រៅលើវិធីសាស្រ្តរបស់លោក MacDougall បង្ហាញថាមានចំណុចខ្វះចន្លោះធំៗមួយចំនួនដូចជា គាត់បានយកផ្នែកតិចណាស់នៃរាងកាយ មកធ្វើជាគំរូក្នុងការពិសោធន៍ (តែបួនផ្នែកប៉ុណ្ណោះពីរាងកាយទាំង៦) ហើយលទ្ធផលក៏មិនស៊ីសង្វាក់គ្នាដែរ។ លើសពីនេះ វិនាទីជាក់លាក់នៃការស្លាប់ មិនសុទ្ធតែច្បាស់លាស់រហូតទេ កុំថាឡើយសម័យបច្ចុប្បន្ន ចុះទម្រាំវិធីសាស្រ្តតាមក្បួនពេទ្យជំនាន់ឆ្នាំ ១៩០៧ ទៀតនោះ។ 

រូបតំណាងៈ គ្រែសម្រាប់ថ្លឹង
រូបតំណាងៈ គ្រែសម្រាប់ថ្លឹង

យ៉ាងណាក៏ដោយ ទោះជាការថ្លឹងទម្ងន់ដួងវិញ្ញាណនេះ ជាលទ្ធផលនៃការពិសោធន៍បែបវិទ្យាសាស្ត្រ ដែលមានចំណុចខ្វះចន្លោះ ក៏មនុស្សជាច្រើននៅជឿលើលទ្ធផលនេះដល់សតវត្សរ៍ក្រោយទៀត៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]