ភាគច្រើននៃការឈឺចុកចាប់ ពុំមែនជាសញ្ញានៃអ្វីធ្ងន់ធ្ងរទាក់ទងនឹងសុខភាពយើងឡើយ  តែមានរោគសញ្ញាមួយចំនួន ដែលយើងមិនគួរមើលរំលង  និងត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិតឲ្យបានកាន់តែឆាប់កាន់តែល្អ។ ខាងក្រោមនេះ យើងនឹងរៀបរាប់ប្រាប់អ្នកឲ្យដឹងអំពីរោគសញ្ញាទាំង៥ ដែលប្រាប់អំពីសុខភាពរាងកាយ៖

១. មានអារម្មណ៍ថាទន់ដៃទន់ជើង

បើអ្នកមានអារម្មណ៍ថា ស្ពឹកមុខ ឬអស់កំលាំងដៃជើង បាត់បង់លំនឹងខ្លួន ដើរមិនត្រង់ផ្លូវ មានអារម្មណ៍វិលមុខខ្លាំង មានបញ្ហានៃការនិយាយ និងការគិតពិចារណាខុសពីប្រក្រតី វាអាចជាសញ្ញាប្រាប់ឲ្យដឹងថា អ្នកអាចប្រឈមមុខនឹងជំងឺដាច់សរសៃឈាមខួរក្បាលហើយ។

ដូច្នេះសូមប្រញាប់ជួបវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើរោគវិនិច្ឆ័យថាតើពិតជាមានជំងឺនេះពិតមែនឬទេ។  ជំងឺនេះនឹងអាចព្យាបាលជាដោយមិនឲ្យកើតឡើងវិញ បើសិនជាអ្នកព្យាបាលទាន់ពេលវេលា។ 

រូបតំណាង

២. មានអារម្មណ៍ថាឈឺទ្រូង

អាការឈឺទ្រូងដែលមានផ្សំជាមួយរោគសញ្ញាដទៃទៀតដូចជា ការបែកញើស មានអារម្មណ៍ថប់ៗទ្រូង  ដកដង្ហើមញាប់  និងវិលមុខជាដើម សុទ្ធសឹងតែជាសញ្ញានៃជំងឺគាំងបេះដូង។   រោគសញ្ញាទាំងនេះច្រើនកើតឡើងរាល់ពេលមានភាពសកម្មខ្លាំងដូចជាលំហាត់ប្រាណ ឬការលេងកីឡាជាដើម។  ក្រៅពីនេះ ក៏អាចសរបញ្ជាក់ប្រាប់អំពីមូលហេតុផ្សេងទៀតដូចជា មានឈាមកកនៅក្នុងសរសៃឈាមវ៉ែន ឬអារទែ ផងដែរ។

ដូច្នេះបើអ្នកមាននូវរោគសញ្ញាមួយចំនួនដែលបានរៀបរាប់ខាងលើ ដោយឈឺបាត់ៗ គប្បីប្រញាប់ជួបវេជ្ជបណ្ឌិតជំនាញ។

រូបតំណាង

៣. មានអារម្មណ៍ថាឈឺកំផួនជើង

នេះអាចជារោគសញ្ញានៃឈាមកកក្នុងសរសៃឈាមវ៉ែនជ្រៅនៅនឹងជើងរបស់អ្នក។យើងអាចមានអារម្មណ៍ថា ឈឺកំផួនជើង  ឬក៏ស្ពឹកនៅពេលយើងអង្គុយរយៈពេលយូររាប់ម៉ោង ឬក៏ក្រោយពេលលេងកីឡារួចជាដើម។  ពេលខ្លះក្រោកឈរ ឬដើរបន្ទាប់ពីអង្គុយរាប់ម៉ោងហើយស្រាប់តែមានអាការដូចជាឈឺ ឡើងក្តៅ ក្រហម និងហើមធំជាងជើងម្ខាងទៀត  ក៏ជាសញ្ញានៃឈាមកកក្នុងសរសៃឈាមជើងដែរ។  ទោះបីជាយ៉ាងណា គេមានវិធីសាស្ត្រមួយងាយស្រួលដើម្បីចង់ដឹងថាមានឈាមកកឬទេ ដោយគ្រាន់តែកន្ត្រាក់មេជើងមកលើ បើឈឺចាប់ វាជាសញ្ញាថាអាចមានផងដែរ។

ប៉ុន្តែអ្វីដែលសំខាន់ជាងនោះ គឺការណាត់ជួបវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យ។ 

រូបតំណាង

៤. នោមមកមានឈាម

វាអាចមានទាក់ទងនឹងបញ្ហាមួយចំនួន ប្រសិនបើការនោមមាននាំមកជាមួយឈាមដូចជា៖

នោមមកមានឈាមហើយឈឺចុកចាប់នៅផ្នែកសងខាងនៃខ្នងរបស់អ្នក នោះអាចជារោគសញ្ញានៃគ្រួសក្នុងតំរង់នោម។

តែបើអ្នកនោមមានឈាម ហើយនោមញឹកញាប់ និងមានអារម្មណ៍ថាផ្សាខ្លាំងតាមផ្លូវបង្ហូរទឹកនោម  វាអាចជាសញ្ញាប្រាប់ថាមានការរលាកតំរង់នោម ឬប្លោកនោម ដែលទាំងនេះសុទ្ធតែបង្កឡើងដោយបាក់តេរីភាគច្រើន។

អ្វីដែលគួរឲ្យខ្លាចទៅទៀតនោះ គឺពេលនោមមាននាំជាមួយឈាម ប៉ុន្តែពុំមានការឈឺចាប់ឡើយ។ នេះជារោគសញ្ញានៃជំងឺមហារីកតំរង់នោម ឬប្លោកនោម។

ដូច្នេះការជួបវេជ្ជបណ្ឌិតឲ្យបានទាន់ពេលនឹងអាចដោះស្រាយបញ្ហាទាន់ពេលវេលា  បានងាយ និងមិនបង្កឲ្យមានផលលំបាកដទៃទៀត។

រូបតំណាង

៥. ដកដង្ហើមតឹង ឮសូរក្រេតក្រត

បើអ្នកមានបញ្ហាក្នុងការដកដង្ហើម ដូចជាពិបាកក្នុងការដកយកខ្យល់ ពេលដកចេញឬចូលមាននូវសំលេងតឹងដូចជាហួច អ្នកគួរប្រញាប់ជួបវេជ្ជបណ្ឌិតភ្លាម។  ព្រោះថា ទាំងនេះសុទ្ធតែអាចជារោគសញ្ញានៃជំងឺហឺត  ជំងឺរលាកសួត  ជំងឺរលាកទងសួត អាឡែកស៊ី  ឬក៏អាចមានប៉ះពាល់ដោយសារធាតុគីមីជាដើម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]