ចិន៖ ក្មេងស្រីវ័យ១៤ឆ្នាំ ជនជាតិចិនម្នាក់ កើតមានជំងឺមហារីកគ្រាប់ឈាម (ហៅថា Leukemia ឬ ខួរឆ្អឹងខ្នង) ធ្ងន់ធ្ងរ សម្រាកព្យាលបាលជំងឺនៅមន្ទីរពេទ្យ ទាំងគ្មានថវិកាគ្រប់គ្រាន់បង់ថ្លៃចំណាយ រហូតធ្វើឲ្យបងស្រីរបស់នាង ខំប្រឹងរិះរកគ្រប់មធ្យោបាយ ដាច់ចិត្តប្រកាសក្ដែងៗ ហាក់បែបកំប្លែងលេង ទាំងមិនស្រណុកក្នុងចិត្ត តែទីបំផុតបែរជាជួបរឿងនឹកស្មានមិនដល់។

ក្មេងស្រីរងគ្រោះ ដែលកំពុងតែកើតជំងឺមហារីកដ៏កាចសាហាវនេះ មានឈ្មោះថា Cui Xiao អាយុ ១៤ឆ្នាំ។ ចំណែកឯ បងស្រីរបស់នាងវិញ មានឈ្មោះថា Cui Qiao ជាគ្រូបង្រៀនថ្នាក់មត្តេយ្យ។

Cui Xiao សម្រាកព្យាបាលនៅមន្ទីរពេទ្យ

បើយោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក បានឲ្យដឹងថា Cui Qiao នាងបានកំណត់គោលដៅ រៃអង្គាសប្រាក់មូលនិធិចំនួន ៥០០,០០០យ័ន (ប្រហែល ៧៨,០០០ដុល្លារអាមេរិក) ដោយទទួលបានជំនួយមួយផ្នែកខ្លះ ពីខាងសាលាប្អូនស្រីនាង ក្នុងស្រុក Wuyi County ភាគខាងកើតខេត្ត Zhejiang ប្រទេសចិន ដើម្បីជួយសង្គ្រោះប្អូនស្រីជាទីស្រលាញ់ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប៉ុន្តែផ្ទុយទៅវិញ ចំនួនទឹកប្រាក់ទាំងនោះ ក៏នៅមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ការចំណាយលើថ្លៃព្យាបាល ជាហេតុធ្វើឲ្យគ្រួសាររបស់នាង មានបញ្ហាផ្នែកហិរញ្ញវត្ថុជាខ្លាំង ខណៈឯឪពុករបស់នាង ត្រឹមតែជាបុគ្គលិកអនាម័យម្នាក់ ដែលអាចរកចំណូលបានត្រឹមតែ ១,០០០យ័ន ប្រហែលជា ១៥៦ដុល្លារអាមេរិក តែប៉ុណ្ណោះក្នុងមួយខែ ហើយរីឯម្តាយរបស់នាងវិញ ថែមទាំងជាមនុស្សពិការទៀត។

ដោយសារតែបែបនេះហើយ ទើបបានជារាល់បន្ទុកជាច្រើនក្នុងគ្រួសារ ត្រូវធ្លាក់លើ Cui Qiao ជាអ្នកជួយទំនុកបម្រុង។ ប៉ុន្តែផ្ទុយទៅវិញ Cui នាងបានសម្រេចចិត្ត បោះបង់ការងារជាគ្រូបង្រៀនថ្នាក់មត្តេយ្យ ដើម្បីយកពេលវេលាជួយមើលថែទាំប្អូនស្រីជាទីស្រលាញ់របស់នាង ដែលកំពុងតែសម្រាកព្យាបាលជំហានដំបូង (ប្រើសារធាតុគីមី) នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុង Zhengzhou ភាគកណ្តាលខេត្ត Henan ប្រទេសចិន។

Cui Qiao និងប្អូនស្រី Cui Xiao

ទន្ទឹមនឹងភាពសោះកក្រោះ និងមិនមានថវិកាគ្រប់គ្រាន់ ដើម្បីជួយដល់ថ្លៃចំណាយព្យាបាលប្អូនស្រីនោះ Cui Qiao នាងក៏បាននិយាយបែបកំប្លែងលេង ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា នាងនឹងលះបង់គ្រប់យ៉ាងដើម្បីរៀបការ ជាមួយនរណាមិនសំខាន់ សំខាន់ឲ្យតែនាងបានប្រាក់គ្រប់គ្រាន់ បង់រាល់គ្រប់ចំណាយទាំងអស់ ដើម្បីជួយប្អូនស្រីរបស់នាង។

ប៉ុន្តែផ្ទុយទៅវិញ ជារឿងនឹកស្មានមិនដល់នោះ បានធ្វើឲ្យ Cui នាងមានការភ្ញាក់ផ្អើលជាខ្លាំង នូវរាល់ពាក្យសម្ដីដែលនាងបាននិយាយឡើងមកនោះ បែរជាជួយឲ្យនាងទទួលបាននូវមូលនិធិសប្បុរធម៌ជាច្រើនភ្លាមៗ ពីសំណាក់មហាជនទូទៅដែលអាណិតស្រលាញ់ លើសពីការរំពឹងទុក ដែលបច្ចុប្បន្ននាងទទួលបានទឹកប្រាក់សរុប ៨០០,០០០យ័ន ឬប្រហែល ១២៥,១៥៦ដុល្លារអាមេរិកឯណោះ។

Cui Xiao កើតជំងឺមហារីកគ្រាប់ឈាម

នាង Cui Qiao និយាយថា៖

«ដំបូងឡើយ ខ្ញុំគិតថា ខ្ញុំពិតជាមិនចង់បង្ហាញរឿងគ្រួសារដ៏វេទនារបស់ខ្ញុំ ឲ្យគ្រប់គ្នាគេបានដឹងឮនោះទេ។ ប៉ុន្តែការពិតទាំងអស់នេះ ទីបំផុតវាក៏បង្ខំចិត្តឲ្យខ្ញុំ រហូតហ៊ាននិយាយពាក្យទាំងអស់នោះចេញមក។ សម្រាប់ប្អូនស្រីជាទីស្រលាញ់របស់ខ្ញុំ ខ្ញុំនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យល្អបំផុត តាមតែលទ្ធភាពរបស់ខ្ញុំអាចធ្វើទៅបានដើម្បីនាង» ។
នាង Cui Qiao

គួរឲ្យដឹងផងដែរថា គេមិនច្បាស់ទេថា ខាងមន្ទីរពេទ្យកំពុងតែនឹងស្វែងរក ឬមានរួចជាស្រេចនូវខួរឆ្អឹងខ្នង ដែលត្រូវគ្នាជាមួយនឹងក្មេងស្រីរងគ្រោះ Cui Xiao ដើម្បីធ្វើការវះកាត់ជូននាង ឬយ៉ាងណានោះទេ។

ប៉ុន្តែយ៉ាងមិញ ក្រៅពីប្រមូលបានលុយមូលនិធិជាច្រើននេះហើយ Cui នាងក៏មានឆន្ទៈយ៉ាងមុតមាំថា នាងក៏ហ៊ានលះបង់ខួរឆ្អឹងរបស់នាងទៅឲ្យប្អូនស្រី ប្រសិនណាបើការធ្វើតេស្តពិនិត្យរកឃើញថា ខួរឆ្អឹងរបស់នាងត្រូវគ្នាជាមួយនឹងប្អូនស្រីរបស់នាងផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ទទួលបានលុយមូលនិធិសប្បុរសធម៌
Cui Xiao សម្រាកព្យាបាលនៅមន្ទីរពេទ្យ
Cui Xiao សម្រាកព្យាបាលនៅមន្ទីរពេទ្យ
Cui Xiao សម្រាកព្យាបាលនៅមន្ទីរពេទ្យ
នាង Cui Qiao
នាង Cui Qiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]