អាមេរិក៖  ក្រុមហ៊ុន Apple ចង់ធ្វើការជួយដល់អ្នកដែលញៀនចុចទូរស័ព្ទ។ នៅក្នុងព្រឹត្តិការណ៍ WWDC ដ៏ធំប្រចាំឆ្នាំរបស់គេកាលពីថ្ងៃច័ន្ទនេះ  អនុប្រធាននៃផ្នែកបច្ចេកទេសកម្មវិធីលោក Craig Federighi បានដាក់បង្ហាញឧបករណ៍ថ្មីៗដែលនឹងភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ដែលអាចជួយអ្នកឲ្យអាចកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទបាន ហើយថែមទាំងអនុញ្ញាតឲ្យឪពុកម្ដាយ អាចគ្រប់គ្រងនិងកំណត់ការប្រើប្រាស់របស់កូនទៀតផង។

ខាងក្រោមគឺជាលក្ខណៈពិសេសថ្មីៗដែលនឹងជួយឲ្យអ្នកអាចកាត់បន្ថយការញៀនទូរស័ព្ទបាន៖

ការដាក់បង្ហាញក្នុងសន្និសីទ

មិនឲ្យមានការរំខានក្នុងពេលគេង៖ នៅពេលដែលអ្នកបើកលក្ខណៈពិសេសថ្មីនេះមុនពេលដែលអ្នកចូលគេង អ្នកនឹងមិនឃើញមានការជូនដំណឹងអ្វីថ្មីនោះទេ រហូតដល់ពេលព្រឹកទើបអ្នកអាចឃើញវាបាន។ នៅពេលដែលអ្នកយកទូរស័ព្ទមកមើលនៅពេលយប់ វានឹងបង្ហាញត្រឹមតែម៉ោងតែប៉ុណ្ណោះ។ នៅពេលព្រឹកគ្រប់ការជូនដំណឹងថ្មីៗទាំងអស់នឹងត្រូវបានបង្ហាញនៅពេលដែលអ្នកចុចទៅលើអេក្រង់។

បណ្ដុំការជូនដំណឹងថ្មីៗ

ផ្ដុំការជូនដំណឹងថ្មីៗឲ្យនៅជុំគ្នា ៖ ពេលនេះគ្រប់ដំណឹងថ្មីៗ នឹងត្រូវបានគេចងទៅតាមបណ្ដុំកម្មវិធី ដែលអនុញ្ញាតឲ្យអ្នកអាចគ្រប់គ្រងបានយ៉ាងងាយស្រួល។

រយៈពេលប្រើប្រាស់

រយៈពេលប្រើប្រាស់ទូរស័ព្ទ៖ លក្ខណៈពិសេសថ្មីនេះ នឹងធ្វើការសង្ខេបឲ្យអ្នកនូវដំណឹងយ៉ាងជាក់លាក់ផ្សេងៗ ដែលទាក់ទងទៅនឹងរបៀបនៃការប្រើប្រាស់ទូរស័ព្ទរបស់អ្នកជារៀងរាល់សប្ដាហ៍។ វានឹងអនុញ្ញាតឲ្យអ្នកបានដឹងពីពេលវេលាដែលអ្នកចំណាយលើទូរស័ព្ទរបស់អ្នក ហើយថាការប្រើនោះគឺប្រើលើកម្មវិធី តើអ្នកបើកទូរស័ព្ទអ្នកប៉ុន្មានដង ហេតុអ្វីបានជាអ្នកបើកទូរស័ព្ទ និងថែមទាំងប្រាប់អ្នកពីកម្មវិធីណាដែលផ្ញើដំណឹងថ្មីៗច្រើនជាងគេទៀតផង។

ពេលកំណត់ប្រើប្រាស់

កំណត់ពេលប្រើប្រាស់កម្មវិធី៖ អ្នកនឹងអាចកំណត់ពេលប្រើប្រាស់កម្មវិធីផ្សេងៗបាន។ នៅពេលដែលអ្នកចំណាយលើកម្មវិធីណាមួយយូរពេក ដូចជាកម្មវិធី Instagram ជាដើម វានឹងបង្ហាញអ្នកថារយៈពេលដែលអ្នកអាចប្រើប្រាស់កម្មវិធី Instagram ក្នុងមួយថ្ងៃជិតអស់ហើយ។ នៅពេលដែលដល់ម៉ោងកំណត់ ទូរស័ព្ទរបស់អ្នកនឹងប្រាប់អ្នកឲ្យទៅធ្វើអ្វីផ្សេង។

ការកំណត់ពេលប្រើប្រាស់

ឪពុកម្ដាយអាចគ្រប់គ្រងទូរស័ព្ទកូនបានច្រើនជាងមុន៖ នៅពេលនេះ ឪពុកម្ដាយអាចទទួលបានដំណឹងពីការប្រើប្រាស់ទូរស័ព្ទដោយកូនពួកគេបានហើយ។ គេនឹងអាចកំណត់ពីរយៈពេលដែលកូនរបស់គេអាចប្រើប្រាស់កម្មវិធីទូរស័ព្ទណាមួយ និងថែមទាំងអាចបិទសិទ្ធិមិនឲ្យប្រើកម្មវិធីដែលតម្រូវឲ្យអ្នកប្រើប្រាស់មានអាយុច្រើនទៀតផង។

រូបភាពពីសនិ្នសីទ

គ្រប់ទំនើបកម្មទាំងនេះនឹងមកដល់ទូរស័ព្ទ iPhone និង iPad នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 12 នៅក្នុងចន្លោះខែកញ្ញា និងខែធ្នូខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]