រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨កន្លងទៅនេះ ក្រុមហ៊ុន អេចជីប៊ី គ្រុប (HGB Group) បានប្រកាសសម្ពោធជាផ្លូវការនូវសាលតាំងលក់ថ្មីរបស់ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ ដែលជាក្រុមហ៊ុនលក់ផ្ដាច់មុខសម្រាប់ម៉ាកយីហោរថយន្តប្រណីតរបស់អង់គ្លេសនេះ ដោយសាលតាំងលក់នេះ ស្ថិតនៅក្នុងរាជធានី ដ៏កុះកររបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន Bentley ភ្នំពេញ មានទីតាំងស្ថិតនៅ ដងមហាវិថីព្រះមុន្នីរ៉េត ហើយមានលក់គ្រប់ម៉ូដែលទាំងអស់របស់រថយន្ត Bentley ក៏ដូចជាឈុតសម្ភារៈប្រណីតដែល សុទ្ធសឹងធ្វើឡើងដោយដៃផ្ទាល់។ សាលតាំងលក់ថ្មីនេះឆ្លុះបញ្ចាំងឲ្យឃើញពីអត្តសញ្ញាណសកល របស់ក្រុមហ៊ុន Bentley ហើយបង្ហាញពីប្រវត្តិដ៏ត្រចះត្រចង់ របស់ម៉ាកយីហោនេះ នៅក្នុងលំហអគារស្រស់ស្អាត និងទំនើបទាន់សម័យ ដោយមានបំពាក់នូវឧបករណ៍ និងសង្ហារឹមដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន និងមានគុណភាពខ្ពស់ ដែលទាំងអស់នេះពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈសម្គាល់របស់រថយន្ត Bentley ពិតៗ។

ពិធីបើកសម្ពោធសាល រថយន្ត Bentley
រថយន្ត Bentley ស៊េរី Bentayga V8

លោក ដេវីដ ជេកសុន (David Jackson) នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ ក្រុមហ៊ុនរថយន្ត Bentley Motors បានមានប្រសាសន៍ថា៖ 

“សាលតាំងលក់ថ្មីនេះ ត្រូវបានរចនាឡើង ដើម្បីជួយឲ្យអតិថិជនរបស់យើងមានចក្ខុវិស័យរឹងមាំ ភ្លឺថ្លា និងទាន់សម័យ បានយល់ពីម៉ាកយីហោរថយន្ត Bentley ហើយសាលនេះត្រូវបានតុបតែងនូវភាពប្រណីតក្នុងកម្រិតស្មើគ្នា នឹងភាពប្រណីតដ៏ល្បីល្បាញរបស់រថយន្តយើងខ្ញុំផងដែរ។ ការសម្ពោធសាលតាំងលក់រថយន្ត Bentley ប្រចាំទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការចាប់ផ្ដើមនូវទំព័រប្រវត្តិសាស្ត្រថ្មី និងសបញ្ជាក់ឲ្យឃើញពីការកើនឡើងនូវវត្តមានដ៏រឹងមាំរបស់រថយន្ត Bentley នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។"
លោក ដេវីដ ជេកសុន (David Jackson)

លោក ហ៊ឺហ្វ្រីដ ហាសេនហ៊ល (Herfried Hasenoehrl) នាយកប្រតិបត្តិនៃក្រុមហ៊ុន អេចជីប៊ី គ្រុប បានប្រកាសថា៖ 

“យើងមានសេចក្តីរីករាយ ដែលក្រុមហ៊ុន HGB Group ត្រូវបានតែងតាំងដើម្បីធ្វើជាតំណាងឲ្យម៉ាកយីហោរថយន្ត Bentley ដែលជាម៉ាកយីហោរថយន្តពិសេស និងទទួលបានការគោរពកោតសរសើរយ៉ាងខ្លាំង។ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព ក៏ដូចជាស្ថិរភាពនយោបាយ។ សហគ្រិន និងម្ចាស់អាជីវកម្មជោគជ័យកំពុងតែបង្កើតភាពជោគជ័យនៅក្នុងសហគមន៍ពាណិជ្ជកម្ម។ ដូច្នេះ គ្មានអ្វីដែលគួរភ្ញាក់ផ្អើលទេ នៅពេលដែលមើលឃើញថា នៅកម្ពុជាកំពុងមានការកើនឡើងនូវការឲ្យតម្លៃចំពោះហត្ថកម្មដែលមានគុណភាពខ្ពស់ ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងភាពឥតខ្ចោះនៃដំណើរការ សម្រាប់ផលិតផលផ្សេងៗ។ យើងនឹងធ្វើការបម្រើសេវាកម្មដល់អតិថិជនរបស់យើងនៅក្នុងសាលតាំងលក់ថ្មីនេះ ក៏ដូចជានៅឯទីតាំងផ្ដល់សេវាកម្មថែទាំ ដែលបច្ចុប្បន្ននេះក៏កំពុងបើកទ្វារដើម្បីស្វាគមន៍ដល់ម្ចាស់រថយន្ត Bentley ផងដែរ។ "
លោក ហ៊ឺហ្វ្រីដ ហាសេនហ៊ល (Herfried Hasenoehrl)

សាលតាំងលក់ថ្មីដ៏ទំនើបទាន់សម័យនេះ គឺជាសមិទ្ធផលមួយទៀតនៃការបោះជំហានរបស់ក្រុមហ៊ុនរថយន្ត Bentley ក្នុងទីផ្សារកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន អេចជីប៊ីគ្រុប គឺជាក្រុមហ៊ុនលក់ផ្ដាច់មុខសម្រាប់រថយន្ត Bentley នៅរាជធានីភ្នំពេញ ហើយនឹងមានលក់គ្រប់ម៉ូដែលទាំងអស់ដល់អតិថិជន រួមមានម៉ូដែល Mulsanne, Bentayga, Flying Spur និងរថយន្ត Continental GT ស៊េរីថ្មី។

ក្រុមហ៊ុន Bentley ភ្នំពេញ ក៏មានមោទនភាពក្នុងការបង្ហាញរថយន្ត Bentley Bentayga V8 ថ្មី ដែលជាម៉ូដែលថ្មីបំផុត បន្ថែមលើសំណុំម៉ូដែល Bentayga ដែលជារថយន្តឈ្នះពានរង្វាន់ផងដែរ។ ផ្នែកស្នូលនៃរថយន្តនេះ គឺម៉ាស៊ីនសាំង V8 ជំនាន់ថ្មី ប្រើទែរបូភ្លោះ (twin-turbocharged) ចំណុះ 4 លីត្រ ដែលមានកម្លាំងខ្លាំង ហើយសន្សំសំចៃប្រេងច្រើន។

ការបំពាក់នូវសំឡេងម៉ាស៊ីន 8 ដ៏ឥតខ្ចោះ បំពង់ស៊ីម៉ាងភ្លោះដ៏ស្រស់ស្អាត និងជម្រើសហ្វ្រាំងកាបូនសេរ៉ាម៉ិច បង្ហាញឲ្យកាន់តែឃើញពីលក្ខណៈបែបស្ព័រនៃរថយន្ត SUV ដ៏ប្រណីតនេះ។

ប្រព័ន្ធឌីណាមិកជួយបង្កើតកម្លាំងបាន 542 bhp (550 PS) និងរង្វិលជុំម៉ាស៊ីន (torgue) បាន 568 lb.ft (700 Nm) ដែលជួយឲ្យរថយន្តមានល្បឿនលឿនបំផុត 180 mph (290 km/h) និងសន្ទុះល្បឿនឡើងពី 0 ដល់ 60 mph ប្រើពេលតែ 4.4 វិនាទី (សន្ទុះល្បឿនឡើងដល់ 100 km/h ប្រើពេលតែ 4.5 វិនាទី)។

រថយន្ត Bentley ស៊េរី Bentayga V8
រថយន្ត Bentley ស៊េរី Bentayga V8

ដំណើរការលំដាប់ឈានមុខគេរបស់ម៉ូដែល Bentayga V8 ក៏ត្រូវបានបង្ហាញបន្ថែមតាមរយៈ ការបញ្ចេញឧស្ម័នកាបូនិចត្រឹមតែ 260g/km នៅក្នុងការធ្វើដំណើរចម្ងាយ 464 ម៉ែល (746 km) ។ សមត្ថភាពសន្សំសំចៃប្រេង ដែលត្រូវបានអភិវឌ្ឍឡើងវិញ (ជារួម 24.8 mpg ឬ 11,4 លីត្រ/100 km) មួយផ្នែកអាចធ្វើទៅបានដោយសារសមត្ថភាពរបស់ម៉ាស៊ីនអាចផ្អាកដំណើរការស៊ីឡាំងចំនួនបួនក្នុងចំណោមស៊ីឡាំងចំនួន 8 របស់ម៉ាស៊ីនរថយន្តនេះ ប្រសិនបើរថយន្តស្ថិតក្នុងស្ថានភាពសមស្របណាមួយ ហើយការផ្អាកដំណើរការស៊ីឡាំង នេះពុំធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបើកបរឡើយ។ ដំណើរការផ្លាស់ប្ដូរដ៏រលូននេះគឺធ្វើឡើងក្នុងរយៈពេលត្រឹមតែ 20 មីល្លីវិនាទីប៉ុណ្ណោះ ដែលមិនអាចឲ្យអតិថិជនដឹងថាមានការប្រែប្រួលទាល់តែសោះឡើយ។

ការច្របាច់បញ្ចូលគ្នាជាពិសេសនៃភាពប្រណីតយ៉ាងស្រស់ស្អាត ការបំពាក់សម្រិតសម្រាំង ប្រៀបបាននឹងរថយន្តលីម៉ូស៊ីន ភាពធនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ភាពមានដំណើរការល្អ និងការរចនាដ៏អស្ចារ្យ ធ្វើឲ្យរថយន្ត Bentayga V8 មានចំណុចពិសេសប្លែកគេ និងមិនអាចប្រៀបផ្ទឹមបានឡើយនៅក្នុងទីផ្សាររថយន្ត SUV បែបប្រណីតនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Bentayga V8 ប្រភេទថ្មី សូមចូលមើល ឯកសារព័ត៌មានរបស់រថយន្ត Bentley

ពិធីបើកសម្ពោធសាល រថយន្ត Bentley
ពិធីបើកសម្ពោធសាល រថយន្ត Bentley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]