អាមេរិក៖ កាលពីពេលថ្មីៗនេះ មាននិស្សិតមួយក្រុមដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាស្សាឈូសិតថ៍ (Massachusetts Institute of Technology) បានបើកភោជនីយដ្ឋានថ្មីមួយកន្លែង ដែលមានឈ្មោះថា Spyce ដែលជាភោជនីយដ្ឋានខុសប្លែកពីគេ។

និស្សិតមួយក្រុមមានគ្នា៤នាក់ឈ្មោះ Brady Knight, Micheal Farid, Luck Schlueter និង Kale Rogers បានបង្កើតភោជនីយដ្ឋាននេះឡើង  ជាមួយនឹងបច្ចេកវិទ្យាថ្មី គឺ ចុងភៅដែលធ្វើម្ហូបក្នុងហាងនេះគឺសុទ្ធតែជារ៉ូបូតទាំងអស់ ឬមនុស្សយន្ត មិនមែនចុងភៅជាមនុស្សធម្មតាទេ។

លោក Brady Knight, Micheal Farid, Luck Schlueter និង Kale Rogers

គួរឲ្យដឹងផងដែរថា ភោជនីយដ្ឋាន Spyce បានដាក់ដំណើរការនៅទីប្រជុំជនមួយក្នុងរដ្ឋបូស្តូន (Boston) ដែលមានបំរើសេវាកម្មម្ហូបជាច្រើនប្រភេទដូចជាប្រភេទអាហារអាមេរិកឡាទីន  មេឌីទេរ៉ាណេ  និងអាស៊ី  ជាមួយនឹងតម្លៃម្ហូបក្នុង ១ចាន ត្រឹមតែ ៧,៥០ ដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់តម្លៃគួរសមបែបនេះ ព្រោះពួកគេមិនសូវចំណាយលើថ្លៃឈ្នួលបុគ្គលិក និងចុងភៅនោះទេ តែជំនួសមកវិញនូវការប្រើប្រាស់រ៉ូបូតឲ្យមានភាពងាយស្រួលទៅវិញ។

ចុងភៅមនុស្សយន្ត

សម្រាប់ការចូលទៅកុម្មង់ម្ហូបនៅក្នុង Spyce វិញ  គឺភ្ញៀវគ្រាន់តែទៅជួបជាមួយនឹងខាងអ្នកណែនាំភ្ញៀវ  ហើយពួកគេនឹងបង្ហាញឲ្យអ្នកជ្រើសរើសមុខម្ហូបបាននៅលើអេក្រង់ថាច់ស្រ្កីនដើម្បីធ្វើការបញ្ជាទិញ។   បន្ទាប់មកម្ហូបអាហារទាំងនោះនឹងត្រូវបានរៀបចំដោយរ៉ូបូតហើយអតិថិជននឹងអាចឃើញរ៉ូបូតទាំងនោះចម្អិនអាហារនៅនឹងមុខបានតែម្តង។  នៅពេលដែលវាចម្អិនរួចរាល់ហើយ វាត្រូវបានប្រគល់ឲ្យបុគ្គលិក បន្ថែមគ្រឿងផ្សំផ្សេងដែលអតិថិជនចង់បានដូចជា ឈីស ក្រូចឆ្មារ ទៅតាមអ្វីដែលពួកគាត់ចងបានបន្ថែមពីលើ មុនពេលដែលត្រូវយកឲ្យអតិថិជននោះ។

ខាងក្រោមនេះជាទីដ្ឋភាពនៅក្នុងហាងSpyce៖

កន្លែងកម្មង់អាហារ
កន្លែងកម្មង់អាហារ
កន្លែងកម្មង់អាហារ
មនុស្សយន្តកំពុងចម្អិនអាហារ
មនុស្សយន្តកំពុងចម្អិនអាហារ

លើសពីនេះទៅទៀត ចុងភៅមនុស្សយន្តនៅក្នុងភោជនីយដ្ឋាន Spyce នេះគឺត្រូវបានអនុវត្តយ៉ាងជាក់ស្តែងនូវរូបមន្តផ្សំគ្រឿងធ្វើម្ហូបអាហារ ដែលបង្កើតឡើងដោយលោក Sam Benson និង ចុងភៅដ៏ល្បីឈ្មោះលោក Michelin Daniel Boulud ដែលប្រឹក្សាយោបល់ធ្វើយ៉ាងណាឲ្យចុងភៅមនុស្សយន្តនេះមានជំនាញយ៉ាងពិតប្រាកដក្នុងការចម្អិនអាហារ។

មនុស្សយន្តកំពុងចម្អិនអាហារ

លោក Brady Knight បាននិយាយថា៖ “ ដោយសារតែភាពច្នៃប្រឌិតរបស់យើងដោយយករ៉ូបូតមនុស្សយន្តមកធ្វើការក្នុងផ្ទះបាយជាលើកដំបូងក្នុងហាងនេះ វាពិតជាមានអត្ថប្រយោជន៍ច្រើន និង អាចធ្វើការចម្អិនអាហារបានត្រឹមត្រូវ និងជាប់លាប់។

ម៉្យាងវិញទៀតបច្ចេកវិទ្យារបស់យើងអនុញ្ញាតឲ្យអ្នកធ្វើការនៅក្នុងហាងនោះផ្តោតលើការយកចិត្តទុកដាក់ និង បង្កើតទំនាក់ទំនងឲ្យបានល្អជាមួយភ្ញៀវទាំងអស់ផងដែរ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]