ការដែលត្រូវរន្ទះបាញ់គឺជារឿងដ៏អាក្រក់មួយ ដោយសារវាអាចដុតអ្នកដោយប្រើកម្ដៅក្ដៅជាងព្រះអាទិត្យទៅទៀត។  រន្ទះសម្លាប់មនុស្សជារៀងរាល់ឆ្នាំ ហើយបើទោះបីជា ៩០% នៃមនុស្សដែលត្រូវបានរន្ទះបាញ់មិនបាត់បង់ជីវិតក៏ដោយ ក៏យើងគួរតែយល់ដឹងពីវិធីផ្សេងៗដើម្បីការពារកុំឲ្យវាកើតឡើងចំពោះអ្នកផងដែរ។

រូបតំណាង

ខុសពីអ្វីដែលមនុស្សភាគច្រើនគិត មនុស្សដែលត្រូវរន្ទះបាញ់មិនមែនសុទ្ធតែស្លាប់នោះទេ ដោយអ្នកដែលត្រូវរន្ទះបាញ់យ៉ាងតិចណាស់ ៩០%គឺនៅតែមានជីវិតបន្តក្រោយរន្ទះបាញ់រួច។

ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាដែលមិនរងរបួសក្រោយរន្ទះបាញ់នោះទេ ហើយពេលខ្លះរបួសទាំងនោះអាចជារបួសដែលមិនអាចព្យាបាលបានក៏មានដែរ។ 

រូបតំណាង

រន្ទះធ្វើឲ្យមានភ្លើងឆេះព្រៃ ៧មុឺន ៥ពាន់ដងជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ហើយវាថែមទាំងអាចពុះដើមឈើជាពីរកំណាត់ក្នុងមួយពព្រិចភ្នែកទៀតផង។ ដូចនេះហើយវាគួរឲ្យខ្លាចខ្លាំងណាស់ បើយើងស្រមៃមើលទៅលើផលប៉ះពាល់ដែលវាអាចធ្វើមកកាន់ខ្លួនរបស់យើងបាន។

រន្ទះផ្ទុកថាមពលពី ១ពាន់លាន ទៅ ១០ពាន់លានស៊ូល ដែលថាមពលទាំងនោះគឺគ្រប់គ្រាន់សម្រាប់បំភ្លឺអំពូល ១០០វ៉ាត់បានយ៉ាងតិចណាស់ក៏ ៣ខែដែរ។ នៅពេលដែលអគ្គិសនីទាំងនោះបាញ់ចូលខ្លួនរបស់យើង វាអាចកាត់ផ្ដាច់ចរន្តសញ្ញាផ្សេងៗដែលរត់ពាសពេញបេះដូង សួត និងប្រព័ន្ធប្រសាទរបស់យើងបាន។ 

រូបតំណាង

ទោះជាយ៉ាងណាក៏ដោយ ចរន្តអគ្គិសនីទាំងនោះមិនមែនជាបញ្ហាតែម្យ៉ាងដែលយើងប្រឈមនោះទេ ដោយសារតែរន្ទះគឺមានកម្ដៅក្ដៅខ្លាំងណាស់។ នៅក្រោមមួយវិនាទី វាអាចធ្វើឲ្យខ្យល់ដែលនៅក្បែរវាមានសីតុណ្ហភាពក្ដៅជាងផ្ទៃនៃព្រះអាទិត្យ ៥ដងបាន។

ការកើនឡើងកម្ដៅនៃខ្យល់ដែលនៅជុំវិញរន្ទះ  នាំឲ្យមានការពង្រីកខ្យល់ក្នុងបរិយាកាសក្នុងល្បឿនដ៏លឿនមួយ ដែលនាំឲ្យមានរលកសម្លេងដ៏ខ្លាំងដែលយើងស្គាល់ថាជា ផ្គរលាន់។

រូបតំណាង

កម្ដៅ ពន្លឺ និងអគ្គិសនីដ៏ខ្លាំងនេះ ក៏អាចធ្វើឲ្យមានផលប៉ះពាល់ដល់ភ្នែករបស់យើងផងដែរ។ រន្ទះថែមទាំងអាចរុញច្រានកោសិកាឈាមរបស់យើងចេញពីសរសៃឈាម ទៅកាន់ក្រពេញបានទៀតផង។

សីតុណ្ហភាពដ៏ក្ដៅដែលបង្កឡើងដោយរន្ទះ ក៏អាចរំលាយគ្រប់លោហៈធាតុទាំងឡាយដែលមាននៅលើខ្លួនរបស់យើង និងថែមទាំងអាចធ្វើឲ្យទឹកទាំងឡាយដែលមានជុំវិញដូចជាទឹកភ្លៀង និងញើសជាដើមក្លាយជាចំហាយបាន។ ជាលទ្ធផលនៃការរំហួតនោះ អាចនាំឲ្យមានការបំផ្ទុះមួយបាន ដែលនឹងបំផ្លិចបំផ្លាញគ្រប់សម្លៀកបំពាក់ដែលយើងកំពុងស្លៀកទៀតផង។ 

រូបតំណាង

វិធីដ៏ប្រសើរក្នុងការបង្ការកុំឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះនោះគឺ យើងគួរតែមើលឧតុនិយមឲ្យបានជាមុន និងរកទីជម្រកភ្លាមៗបើសិនជាមានផ្គរលាន់ ក៏ប៉ុន្តែបើសិនជាអ្នកជាប់នៅទីខាងក្រៅ អ្នកត្រូវតែចៀសវាងដើមឈើទាំងឡាយណាដែលនៅដាច់ឆ្ងាយតែឯង  បង្គោលភ្លើង  និងទីវាល ដែលទីតាំងទាំងនោះគឺជាកន្លែងទាក់ទាញរន្ទះខ្លាំងជាងគេ ដោយរន្ទះស្វែងរកវត្ថុចម្លងចរន្តអគ្គិសនីណាដែលមានភាពងាយស្រួល និងខ្ពស់បំផុត​ មុននឹងបន្តបញ្ជូនចរន្តអគ្គិសនីចុះទៅក្រោម។

រូបតំណាង

ហើយបើសិនជាអ្នកនៅទីវាលវិញ អ្នកនឹងក្លាយជាប្រភពចម្លងចរន្តអគ្គិសនីដ៏ល្អបំផុតសម្រាប់រន្ទះជាមិនខាន។  នៅសភាពបែបនោះ បើសិនជាអ្នកឈរអ្នកនឹងក្លាយជាប្រភពចម្លងដ៏រហ័សសម្រាប់រន្ទះ  ហើយបើសិនជាអ្នកដេកវិញ ចរន្តអគ្គិសនីដែលចេញមកពីរន្ទះដែលបានបាញ់នៅទីតាំងជិតអ្នកនឹងរត់មកចម្លងអ្នកដដែល។  រឿងដែលអ្នកគួរធ្វើនោះ គឺឱនចុះដោយដាក់កែងជើងទន្ទឹមគ្នា ដោយធ្វើដូចនេះចរន្តអគ្គិសនីនឹងអាចត្រឹមតែឆ្លងកាត់ពីជើងម្ខាងទៅម្ខាងទៀតតែប៉ុណ្ណោះ ដែលនាំឲ្យសរីរាង្គសំខាន់ៗរបស់អ្នកមានសុវត្ថិភាព ក៏ប៉ុន្តែជើងរបស់អ្នកនឹងនៅតែរងរបួសដដែល។

រូបតំណាង

ដូចនេះហើយបើសិនជាអ្នកចង់ឲ្យមានសុវត្ថិភាពបំផុត រឿងដែលត្រូវធ្វើនោះគឺរត់រកទីជម្រកជាបន្ទាន់ បើសិនជាមើលទៅអាកាសធាតុមានសភាពមិនល្អទេនោះ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Busines Insider | YouTube

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]